ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​បើក​កិច្ច​​ប្រជុំ​​កំពូល​​លើក​ទី​ 16នៃ​ចលនា​​មិន​ចូល​​បក្ស​​សម្ព័ន្ធ​

12 ឆ្នាំ មុន

កិច្ច​ប្រជុំ​​កំពូល​​លើក​ទី​​១៦ ​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​ បាន​ប្រារព្ធ​​ពិធី​បើក​​ជា​ផ្លូវ​​ការ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​​៣០ សីហា ​ដោយ​មាន​​ការ​យាង​​ និង​អញ្ជើញ​​ចូល​រួម​ពី​​​បណ្តា​ប្រមុខ​​រដ្ឋ​ ប្រមុខ​​រដ្ឋា​ភិបាល​ និង​គណ​​ៈ​​ប្រតិ​ភូ​ ​មក​ពី​បណ្តា​​ប្រទេស​​ទាំង​​​១២០ ​របស់​​ចលនា​​មិន​ចូល​​បក្ស​​សម្ព័ន្ធ​ និង​ប្រទេស​​ជា​អ្នក​សង្កេត​ការណ៍​​ចំនួន​​១៧ ​។ ​ពិធី​នេះ​​​​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​សាល​​សន្និ​​សីទ​​អន្តរ​ជាតិ​​ទី​ក្រុង​​តេ​ហេ​​រ៉ង់ ​

កិច្ច​ប្រជុំ​​កំពូល​​លើក​ទី​​១៦ ​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​ បាន​ប្រារព្ធ​​ពិធី​បើក​​ជា​ផ្លូវ​​ការ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​​៣០ សីហា ​ដោយ​មាន​​ការ​យាង​​ និង​អញ្ជើញ​​ចូល​រួម​ពី​​​បណ្តា​ប្រមុខ​​រដ្ឋ​ ប្រមុខ​​រដ្ឋា​ភិបាល​ និង​គណ​​ៈ​​ប្រតិ​ភូ​ ​មក​ពី​បណ្តា​​ប្រទេស​​ទាំង​​​១២០ ​របស់​​ចលនា​​មិន​ចូល​​បក្ស​​សម្ព័ន្ធ​ និង​ប្រទេស​​ជា​អ្នក​សង្កេត​ការណ៍​​ចំនួន​​១៧ ​។ ​ពិធី​នេះ​​​​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​សាល​​សន្និ​​សីទ​​អន្តរ​ជាតិ​​ទី​ក្រុង​​តេ​ហេ​​រ៉ង់ ​សាធារ​ណ​រដ្ឋ​​អ៊ិស្លាម​​អីុ​រ៉ង់​ ។

​នៅ​ក្នុង​​ពិ​ធី​បើ​ក​កិច្ច​ប្រជុំ​​កំពូល​​លើក​ទី​​១៦ នេះ បណ្តា​​ប្រមុខ​រដ្ឋ​ ​ប្រមុខ​​រដ្ឋា​ភិបាល​​ និង​គណៈ​​​ប្រតិ​ភូ​​ទាំង​​អស់​ នៃ​ចលនា​មិន​ចូល​​បក្ស​សម្ព័ន្ធ​​​ បាន​ធ្វើ​​ការ​​ស្មឹង​​​ស្មាធិ៍​​​​​រយៈ​ពេល​​​១នាទី​ ​ដើម្បី​ជា​កិច្ច​​រំលឹក​​ដល់​វិញ្ញាណ​​ក្ខន្ធ​​របស់​​បណ្តា​​មេ​ដឹក​នាំ​​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​ដែល​​បានទទួល​មរណ​​ភាព​​ បន​្ទាប់​ពី​​ចូល​រួម​​បង្កើត​​ និង​ដឹក​នាំ​ចលនា​​ម​ិន​ចូល​បក្ស​សម្ព័ន្ធ​​ចាប់​តាំង​​​ពី​ឆ្នាំ​​១៩៦១ ​រហូ​ត​មក​ដល់​​​​បច្ចុ​ប្បន្ន​ ។ កិច្ច​​ប្រជុំ​​កំពូល​​របស់​ប្រទេស​​ក្នុង​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ (NAM) ​​ប្រារព្ធ​​ធ្វើ​​ឡើង​រៀង​រាល់​​​៣​ឆ្នាំ​ម្តង ដែល​រហូត​​មក​ដល់​ពេល​នេះ​​មាន​ចំនួន​​១៥​លើក​​រួ​ច​មក​ហើយ ​ក្នុង​នោះ​​កិច្ច​ប្រជុំ​​លើក​ទី​​១​បាន​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​​១៩៦១ ​នៅ​ទី​ក្រុង​​បែ​ល​​ក្រាដ ​ប្រទេស​​យូ​ហ្គោ​ស្លា​វី ឯកិច្ច​ប្រជុំ​​កំពូល​​លើក​ទី​​​១៥ ​ប្រព្រឹត្ត​ទៅ​​ពី​​ថ្ងៃ​ទី​​១១ ​ដល់​ថ្ងៃ​ទី​​១៦ ​ខែ​កក្កដា ​ឆ្នាំ​​​២០០៩ ​នៅ​ទី​ក្រុង​​សាម​​អ៊ែល​​ស្ហែក​ (Sharm El Sheikh) ​ប្រទេស​អេហ្ស៊ីប ។

​នៅ​ក្នុង​​របៀ​ប​វារៈ​រប​ស់​ខ្លួន​ក្នុង​​​កិច្ច​ប្រជុំ​​កំពូល​​​លើក​​ទី​​១៦​នេះ​ បណ្តា​​មេ​ដឹក​នាំ​នៃ​​ចលនា​មិន​​ចូល​បក្ស​សម្ព័ន្ធ​​បានធ្វើ​​កា​រ​ជ្រើស​​​តាំង​​លោក​​​​មា​៉​មូដ ​អាម៉ា​ឌី​​ណេ​ចាដ ​ប្រធានា​ធិប​តី​​នៃ​សាធារណ​រដ្ឋ​​អ៊ី​ស្លាម​​អីុ​រ៉ង់ ​ធ្វើ​ជា​ប្រធាន​​ដឹក​នាំ​​កិច្ច​ប្រជុំ​​ ។ ជាមួយ​​នឹង​​ការ​ថ្លែង​សុន្ទរកថា​​​​ទៅ​កាន់​កិច្ច​​ប្រជុំ​កំពូល​​លើក​ទី​​១៦ ​បណ្តា​​មេ​ដឹកនាំ​​នៃ​ប្រទេស​​​ក្នុង​ចលនា​មិន​ចូល​បក្ស​​សម្ព័ន្ធ​​ លោក​​ប្រធានា​ធិបតី​​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ ដែល​ជា​ប្រធាន​​កិច្ច​​ប្រជុំ​​កំពូល​​លើក​​ទី​​១៥ ​លោក​​បាន​ គី​មូ​​ន​ អគ្គ​​លេខា​ធិការ​អង្គ​ការ​​សហ​ប្រជា​ជាតិ​ លោក​​​ណាសី​​​អាប់​ឌុល​​ឡាស៊ីស ​អាល់​​ណាសី​ ប្រធាន​​សម័យ​​ប្រជុំ​​លើក​​ទី​៦៦​​ ​នៃ​មហា​សន្និ​​បាត​​អង្គ​ការ​​សហ​ប្រជា​ជាតិ​ រួម​ទាំង​​សុន្ទ​រ​ក​ថាពី​ក្រុម​​ប្រទេស​​​៧៧ ​ប្រទេស​ចិន ​និង​តំណាង​​ក្រុម​ប្រទេស​​ប្រចាំ​តំបន់​​អាហ្វ្រិក​ អាស៊ី​បា៉​ស៊ី​​ហ្វិក​ ​អាមេរិក​ឡា​ទីន ​​ការ៉ា​អីុប​ និង​​​សហ​គមន៍​​អឺ​រ៉ុប​​សុទ្ធ​តែ​​បាន​​លើក​​ឡើង​ពី​គោល​​ជំហរ​​របស់​ចលនា​​មិន​ចូល​បក្ស​សម្ព័ន្ធ​​ទាក់​ទិន​ទៅ​នឹង​​បញ្ហា​​ជា​សាកល​​​ ។

បញ្ហា​​ទាំង​នោះ​​មាន​​ជា​អាទិ៍​ ការ​កាត់​បន្ថយ​​សព្វា​វុធ​ ​និង​សន្តិ​សុខ​​អន្តរ​ជាតិ​ ការ​កសាង​ និង​ថែ​រក្សា​​សន្តិ​ភាព​​ សិទិ្ធ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិ​ប​​តេយ្យ​ កា​រ​លើក​ស្ទួយ​​​សិទ្ធិ​​ជា​មូល​ដ្ឋាន​​របស់​​​ប្រជា​ជន​​ទាំង​អស់​​​ រួម​ទាំង​​ទឹក​ដី​​ដែល​​មិន​គ្រប់​​គ្រង​​ដោយ​ខ្លួន​ឯង​ ក៏​ដូចជា​​ទឹក​ដី​​របស់​ប្រជា​ជន​​ ដែល​ស្ថិត​​ក្រោម​ការ​​កាន់​កាប់​និង​ត្រួត​​ត្រា​របស់​​បរទេស​​ ឬ​អាណា​​និ​គម ស្ថាន​ភាព​​នៅ​តំបន់​មជ្ឈិម​​បូពា​៌​​ពាក់​ព័ន្ធ​​នឹង​ប៉ា​ឡេ​ស្ទីន ​កំណែ​ទម្រង់​​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ កា​រ​បដិ​សេធ​​ចំពោះ​​ការ​ដាក់​ទណ្ឌ​កម្ម​​​ជា​ឯក​តោ​ភាគី​​លើ​​ប្រទេស​​ជា​សមា​ជិក​​ចលនា​មិន​ចូល​​បក្ស​សម្ព័ន្ធ​​ខ្លះ​ កា​រ​ចាត់​វិធាន​​ការ​​ក្នុង​​កិច្ច​ប្រឹង​ប្រែង​​ទប់​ទល់​​នឹង​វិបត្តិ​​ហិរញ្ញ​វត្ថុ​ ​និង​សេដ្ឋ​កិច្ច​​ពិ​ភព​លោក​ គោល​ដៅ​អភិវឌ្ឍ​​ន៍​ដែល​​មាន​ការ​​ព្រម​ព្រៀង​​ជា​អន្តរ​ជាតិ​ មាន​ដូ​ចជា​ គោល​ដៅ​​អភិវឌ្ឍន៍​​សហ​ស្ស​​វត្ស​ ​សន្តិ​សុខ​ស្បៀង​ តម្រូវ​ការ​​ពិសេស​​របស់​ទ្វីប​​អា​ហ្វ្រិក​ ​​ជំងឺ​ឆ្លង​ បម្រែ​បម្រួល​​អាកាស​​ធាតុ​ ​ថាម​ពល​ ​ការ​​ជួញ​ដូរ​​មនុស្ស​ ​​ភេរវ​កម្ម​អន្ត​រជាតិ ​ជំរុញ​​កិច្ច​សន្ទនា​​រវាង​វប្ប​ធម៌​​ និង​សាសនា​​នានា​ ។​

នៅ​ក្នុង​គោល​ជំហរ​​របស់​ខ្លួន​​ដែល​ផ្តោត​​លើ​បញ្ហា​​កម្ម​វិធី​នុយ​​​ក្លេ​អ៊ែរ​ បណ្តា​មេ​ដឹក​នាំ​​នៃ​ចលនា​មិន​ចូល​បក្ស​​សម្ព័ន្ធ​ ​បាន​គាំ​​ទ្រ​​​សិទ្ធិ​​សេរី​ភាព​​របស់​ប្រទេស​នីមួយៗ​ ក្នុង​ការ​អនុវត្ត​​កម្ម​វិធី​​នុយ​ក្លេ​អ៊ែរ​ ​ដើម្បី​ទិស​ដៅ​​សន្តិ​ភាព ។ ​ជាមួយ​គ្នា​នេះ ​​លើ​​ទិ​ស​ដៅ​​នៃ​ការ​អភិវឌ្ឍ​​ដោយ​ចីរភាព​ បណ្តា​មេ​ដឹក​នាំ​​នៃ​ចលនា​មិន​ចូល​បក្ស​​សម្ព័ន្ធ​​បាន​ប្តេជ្ញា​​អនុវត្ត​​គោល​ការណ៍​​នៃ​កា​រ​អភិវឌ្ឍដោយ​ចី​រភាព​​ និង​សម្រេច​ឱ្យ​​​បាន​គោល​ដៅ​អភិវឌ្ឍ​ន៍​​សហ​ស្ស​​​វត្ស​​ ប៉ុន្តែ​​ចលនា​​ជឿ​ថា សហ​គមន៍​​អន្តរជាតិ​​មិន​ទាន់​​បាន​បង្កើត​​លក្ខ​ខណ្ឌ​​ដែល​នាំ​​ឱ្យ​​សម្រេច​បាន​​ការ​អភិ​វឌ្ឍនៅ​ឡើយ ​ និង​បាន​រំលោភ​​​លើ​សិទ្ធិ​​សម្រេច​​ក្នុង​ការ​អភិ​វឌ្ឍ​​ដ៏​​ប្រសើរ​ នៃ​ប្រទេស​ជា​សមា​ជិក​​នីមួយៗ​​មាន​​ដូច​ជា​ បញ្ហា​​សា​កល​​ភាវូប​​នីយ​កម្ម​ បំណុល ​ការ​ធ្វើ​ពា​ណិ​ជ្ជ​កម្ម​មិន​ស្មើ​​ភាព​ កា​រ​ធ្លាក់​ចុះ​​នៃ​ជំនួយ​​បរ​ទេស​ ការ​ដាក់​កំហិត​​របស់​អ្នកផ្តល​់​​​ជំនួយ​ និង​កង្វះ​​ប្រជា​ធិប​តេយ្យ​ក្នុង​ការ​​ធ្វើ​សេចក្តី​​សម្រេច​ចិត្ត​​ផ្នែក​​​ហិរញ្ញ​វត្ថុ​​អន្ត​រជាតិ ​​​ត្រូវ​បាន​​ចាត់​ទុក​​ជា​កត្តា​​រា​រាំង​​ដល់​ការ​អ​ភិវឌ្ឍ​​ ។​

ចំពោះ​​ការ​​កែទម្រង់​​របស់​អង្គ​​ការ​សហ​ប្រជា​ជាតិ​ ​ចលនា​មិន​ចូល​បក្ស​​សម្ព័ន្ធ​​បាន​រិះ​គន់​​លើ​រចនា​សម្ព័ន្ធ​ និង​​អំណាចរបស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​នា​ពេល​​បច្ចុ​ប្បន្ន​​ ដែលភាគ​​ច្រើន​​សំដៅ​លើ​​ប្រការ​​​ដែល​​​​អង្គ​​កា​រសហ​ប្រជា​ជាតិ​​ត្រូវ​បាន​​ប្រើ​ប្រាស់​​ដោយ​ប្រទេស​​​មហា​អំណាច​​បំពាន​លើ​​គោល​ការណ៍​​របស់​ចលនា​ ។ ជាមួ​យ​គ្នា​នេះ​ ចលនា​មិន​ចូល​បក្ស​ស​ម្ព័ន្ធ​​បានផ្តល់​អនុ​សាសន៍​​មួយ​ចំនួន​​ដែល​នឹង​​ពង្រឹង​​ដល់​ភាព​​​ជា​តំណាង​ និង​អំណាច​​របស់​រដ្ឋ​​មិន​ចូល​​បក្ស​សម្ព័ន្ធ​ ។ កំណែ​​ទម្រង់​​ដែល​ត្រូវ​​បានស្នើ​ឡើង​​មានទិស​ដៅ​​ធ្វើ​ឱ្យ​​មាន​តម្លា​​ភាព​ និង​ប្រជា​​ធិប​តេយ្យ​ ក្នុង​ការ​​ធ្វើ​សេច​ក្តី​​​សម្រេច​ចិត្ត​របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ​ ។

ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គ​ការ​​សហ​ប្រជា​ជាតិ ​​ត្រូវ​បាន​ចាត់​ទុក​​ជា​ស្ថា​ប័ន​​ដែល​គ្មាន​​លក្ខ​ណ​ៈ​​​ប្រជា​ធិ​ប​តេយ្យ​ ​និង​ត្រូវ​​​មាន​​ការ​ធ្វើ​​កំណែ​ទម្រង់​ ។ នៅ​​ក្នុង​​បញ្ហា​​វប្ប​ធម៌​​ផ្សេង​​គ្នា​ និង​សិទ្ធ​ិ​មនុស្ស​ ​ចលនា​មិន​ចូ​​ល​បក្ស​​សម្ព័ន្ធ​​ទទួ​ល​យក​ភាព​​ជា​សាកល​​នៃ​សិទ្ធិ​​មនុស្ស ​និង​យុត្តិ​ធម៌​​សង្គម​ ប៉ុន្តែ​ប្រឆាំង​​ជា​​ខ្លាំង​ចំពោះ​​និន្នា​ការ​​ចង់​ត្រួត​ត្រា​​វប្ប​ធម៌​​ដទៃ ។ ​ស្រប​នឹង​ទស្ស​​ន​​ៈរបស់​ខ្លួន​ ​ស្តី​ពី​​អធិប​តេយ្យ​​ភាព​​ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​អំពាវ​នាវ​ឱ្យ​​មាន​ការ​​​ការ​ពារ​​វប្ប​ធម៌​​ដែល​មាន​​ផ្សេង​​ទីទៃ​​ពី​គ្នា​ និង​ការ​​អត់​ឱន​​នៃ​សាសនា​ សង្គម ​វប្ប​ធម៌ និង​ភាព​វិសេស​វិសាលនៃ​​​​ប្រវត្តិ​សាស្ត្រ​​ដែល​កំណត់​​សិទ្ធិ​មនុស្ស​​ក្នុង​តំបន់​​​ជាក់​លាក់​មួយ​ ។​
​នៅ​រសៀល​​ថ្ងៃ​ដដែល ​​បណ្តា​មេ​ដឹក​នាំ​​​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​បាន​​បន្ត​កិច្ច​​ប្រជុំ​របស់​ខ្លួន​​ ក្រោមការ​​​​ដឹក​នាំ​​របស់​​លោក​​​ ម៉ា​មូដ អា​ម៉ា​​ឌី​ណេ​ចាដ ​ប្រធានា​ធិបតី​​នៃ​សាធារណ​រដ្ឋ​​​អ៊ិ​​​ស្លាម​ អីុរ៉ង់​ ​និង​ជា​ប្រធាន​​ដឹក​នាំ​​កិច្ច​ប្រជុំ​​កំពូល​​លើក​ទី​​១៦ ​លោក​បាន​ ​គីមូ​ន​ ​អគ្គ​លេខា​ធិការ​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ និង​ឥស្សរ​ជន​​ជាន់ខ​្ពស់​​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ ។

​នៅ​ក្នុង​របៀប​វារៈ​​ដែល​បាន​គ្រោង​ទុក​ សម្តេច​​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​អញ្ជើញ​​ថ្លែង​សុន្ទរ​កថា​​គន្លឹះ​​ក្រោម​​ប្រធាន​បទ​​ «សន្តិភាព​​យូរ​អង្វែង​ តាម​រយ​ៈ​​​អភិបាល​​កិច្ច​រួម​គ្នា​​ជា​សាកល​»ទៅ​កាន់​​កិច្ច​ប្រជុំ​​កំពូល​​លើក​ទី​​១៦ នៃ​ចលនា​​មិន​ចូល​​បក្ស​សម្ព័ន្ធ ៕