ពិភពលោកបំបៅកូនដោយទឹកដោះម្តាយក្នុងអំឡុងខែសីហា ។ សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ប្រារព្ធខួបលើកទីម្ភៃរបស់ខ្លួន ពីថ្ងៃទី១ ដល់ទី៣១ សីហា រួមជាមួយនឹងបណ្តាប្រទេសទាំងអស់ទូទាំងសាកលលោក ដើម្បីអបអរចំពោះការរីកចម្រើនដែលមានកន្លងមក ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយដែលជាចំណុចអនុវត្តដ៏ចម្បងក្នុងការលើកកម្ពស់សុខភាពកុមារ ។
សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ បានចាប់ផ្តើមកាលពីម្ភៃឆ្នាំមុនដោយផ្តោតការយកចិត្តទុកដាក់ និងសម្របសម្រួលដល់សកម្មភាពផ្សេងៗដើម្បីការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ហើយនៅឆ្នាំ២០១២ បានទទួលនូវមេរៀន និងភាពជោគជ័យជាច្រើន ដែលបានមកពីបទពិសោធន៍ម្ភៃឆ្នាំកន្លងមក ទាក់ទងនឹងការចិញ្ចឹមទារក និងកុមារ ។ ស្ថិតនៅក្រោមបាវចនា«ការស្វែងយល់ពីអតីត ការធ្វើផែនការសម្រាប់អនាគត» ការអនុវត្តយុទ្ធសាស្រ្តសាកល ក្នុងការចិញ្ចឹមទារក និងកុមារតូចៗត្រូវបានធ្វើការប៉ាន់ប្រមាណ ហើយក៏មានការអបអរចំពោះភាពជោគជ័យ និងសមិទ្ធផលដែលទទួលបានទាំង ថ្នាក់ជាតិ ថ្នាក់តំបន់ និង ថ្នាក់សាកលផងដែរ ។
នៅក្នុងកម្មវិធីថ្នាក់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តដោយកម្មវិធីជាតិ អាហារូបត្ថម្ភនិងដៃគូអភិវឌ្ឍន៍ជាច្រើនដូចជា ក្រុមសុខាភិបាលអន្តរជាតិ និងអង្គការសង្គ្រោះកុមារបានទទួលលទ្ធផលជាផ្លែផ្កាជាច្រើន ដោយមានទារកជាច្រើនបានបៅដោះម្តាយរហូតដល់អាយុប្រាំមួយខែ បានកើនឡើងរហូតដល់ប្រាំពីរដងក្នុងទសវត្សរ៍កន្លងមក ដកស្រង់ចេញពីស្ថិតិជាតិដែលមាន១១ភាគរយក្នុងឆ្នាំ២០០០ ហើយកើនឡើងដល់៧៤ភាគរយក្នុងឆ្នាំ២០១០ ។ ការបំបៅដោះកូនតែមួយមុខគត់ ពោលគឺទារកទទួលតែទឹកដោះម្តាយប៉ុណ្ណោះ ហើយមិនឲ្យបរិភោគអ្វីផ្សេងឡើយ ក្នុងរយៈពេលប្រាំមួយខែដំបូងគឺជាកត្តាសំខាន់ណាស់ ។
បើម្តាយឲ្យអាហារ ឬជាតិទឹកផ្សេងទៅដល់ ទារក នោះទារកនឹងមិនសូវបៅទឹកដោះម្តាយទេ ហើយក៏មិនសូវលូតលាស់ដូចជាទារកដែលបៅដោះម្តាយតែមួយមុខនោះដែរ ។ ជំនួសការប្រារព្ធតែមួយសប្តាហ៍ដូចបណ្តាប្រទេសភាគច្រើន ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយពេញមួយខែសីហាតែម្តង ដើម្បីលើកកម្ពស់ការបំបៅដោះកូន ស្របតាមបាវចនា«ទារកត្រូវការទឹកដោះម្តាយ មិនត្រូវការទឹកដោះគោទេ»។ ទឹកដោះម្តាយត្រូវបានទទួល ស្គាល់យ៉ាងទូលំទូលាយថា ជាវិធីមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការធានាសុខភាព និងការរស់រានមានជីវិតរបស់កុមារ ។ ទឹកដោះម្តាយ មិនគ្រាន់តែជាប្រភពសារជាតិចិញ្ចឹមល្អបំផុតសម្រាប់ទារក និងកុមារតូចៗប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការការពារប្រឆាំងនឹងជម្ងឺផ្សេងៗ ព្រមទាំងផ្តល់នូវអារម្មណ៍សុខសាន្ត និងសុវត្ថិភាពដល់ទារកថែមទៀតផង ។ ទោះបីជាយើងបានឃើញនូវជំហានរីកម្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តបំបៅដោះកូនពី ដំបូងក៏ដោយ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងក៏ឃើញមានការកើនឡើងនូវទំនោរក្នុងការប្រើប្រាស់ដបបំបៅដែរ ។ មានគ្រួសារជាច្រើនឈប់បំបៅដោះកូនឆាប់ពេក ហើយឱ្យកូនបៅទឹកដោះគោជំនួសវិញ ដែលជា«ផលិតផលបង្កើតដោយមនុស្ស» ដូចជា ទឹកដោះគោម្សៅទឹកដោះគោខាប់ ទឹកបបរ ឬសារជាតិរាវផ្សេងទៀត ដោយប្រើដបបំបៅដោយមានក្បាលដោះជ័រជាប់ជាមួយ ។
ការកើនឡើងនៃការបំបៅកូន ដោយប្រើដប គឺជាកង្វល់មួយ ព្រោះថា ការប្រើប្រាស់ដបបំបៅនេះមានន័យថាសារធាតុរាវផ្សេងៗត្រូវបានប្រើជំនួសឲ្យទឹកដោះម្តាយ ដែលធ្វើឲ្យកុមារទាំងនោះមិនគ្រាន់តែមិនបានទទួលសារជាតិចិញ្ចឹម និងអត្ថប្រយោជន៍ខាងសុខភាពនៃទឹកដោះម្តាយប៉ុណ្ណោះទេ ជាងនេះទៅទៀតសារជាតិរាវប្រើជំនួសនោះមានជាតិទឹកច្រើន ហើយមិនសូវមានសារជាតិចិញ្ចឹម ជាហេតុនាំឱ្យកុមារងាយទទួលរងនូវបញ្ហាកង្វះអាហារូបត្ថម្ភ ។ ឧទាហរណ៍ ទឹកនៅបាតកំប៉ុងអាចធ្វើឱ្យទឹកដោះគោទៅជាខាប់បាន ការលាយម្សៅទឹកដោះគោមិនបានត្រឹមត្រូវ ទឹកបបររាវដែលមានអង្ករតិចពេក គឺជាអាហារដែលមានគុណភាពទាប ហើយដែលយើងតែងជួបប្រទះក្នុងការអនុវត្តការបំបៅកូនដោយដបបំបៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការបំបៅដោះកូនតែមួយមុខរយៈពេលប្រាំមួយខែ គឺជាកត្តាសំខាន់ណាស់សម្រាប់សុខភាពកុមារ ។ ទឹកដោះម្តាយមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដែលទារកត្រូវការសម្រាប់រយៈពេលប្រាំមួយខែដំបូង ដើម្បីអភិវឌ្ឍផ្នែកប្រាជ្ញា កម្លាំង និងសុខភាព ។ទឹកដោះម្តាយ គឺជាអាហារដ៏ប្រសើរបំផុតសម្រាប់ទារក ។ វាងាយស្រួលរំលាយ តែងតែមានជាប្រចាំ និងស្រស់ៗ ព្រមទាំងមានការការពារប្រឆាំងនឹងជម្ងឺផ្សេងៗ ហើយថែមទាំងមិនអស់ថវិកាគ្រួសារទៀតផង ។ ការបំបៅដោះកូន គឺចាប់ផ្តើមក្នុងម៉ោងដំបូងបន្ទាប់ពីសម្រាល ហើយដោយសារតែទឹកដោះម្តាយមានសារជាតិចិញ្ចឹមខ្ពស់បំផុត និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតនោះ ទើបមានការណែនាំឱ្យម្តាយបន្តបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបានពីរឆ្នាំ រួមជាមួយការចាប់ផ្តើមផ្តល់អាហារបន្ថែម ដែលសម្បូរដោយសារជាតិចិញ្ចឹម បន្ថែមពីលើទឹកដោះម្តាយបន្ទាប់ពីទារកមានអាយុចាប់ពីប្រាំមួយខែឡើងទៅ ។ អំឡុងឆ្នាំទីពីរ ទឹកដោះម្តាយរួមចំណែកផ្តល់នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់ពីមួយភាគបី រហូតដល់ពាក់កណ្តាលនៃតម្រូវការអាហារូបត្ថម្ភរបស់កុមារ ។ គ្មានអាហារណាផ្សេង ដែលប្រសើរជាងទឹកដោះម្តាយបានឡើយ!
ក្រុមសុខាភិបាលអន្តរជាតិ អង្គការសង្គ្រោះកុមារ និងកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល លើកទឹកចិត្តដល់អ្នកម្តាយទាំងអស់ឱ្យបំបៅដោះកូន ដោយមិនជ្រើសរើសផ្តល់នូវអាហារផ្សេងៗដែលមនុស្សផ្សេងទៀតផលិតឡើងនោះទេ ដើម្បីធានាឲ្យបានថា កូនរបស់លោកអ្នកមានសុខភាពល្អ កាន់តែរីករាយ ហើយកាន់តែឆ្លាត ។ ជៀសវាងការបំបៅកូនដោយប្រើដបបំបៅគ្រប់ពេលទាំងអស់ ។ បើលោកអ្នកជាអ្នកធ្វើការ សូមច្របាច់ទឹកដោះ នោះទុកនៅពេលដែលអ្នកនៅឆ្ងាយពីកូន ហើយបំបៅដោះកូនពេលដែលអ្នកនៅផ្ទះ ការធ្វើដូច្នេះជួយឲ្យអ្នកមានការផលិតទឹកដោះជាប់ជានិច្ច ។ នៅពេលដែលអ្នកបំបៅកូនដោយទឹកដោះម្តាយដែលច្របាច់ទុក សូមប្រើពែង និងស្លាបព្រាដ៏ស្អាត ហើយសូមចងចាំថា ទឹកដោះនោះនៅតែស្រស់ និងនៅតែមានគុណភាពល្អក្នុងរយៈពេលប្រាំបីម៉ោងដោយមិនចាំបាច់ដាក់ក្នុងទូទឹកកក ទោះបីជាស្ថិតនៅក្នុងអាកាសធាតុក្តៅដូចនៅប្រទេសយើងក៏ដោយ ។
សូមប្រយ័ត្ន អំពីយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុនផ្សេងៗ ដែលកំពុងព្យាយាមលក់ទឹកដោះគោសម្រាប់ទារក ដបបំបៅ និងផលិតផលអាហារផ្សេងៗ សូមចងចាំថាទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់កូនរបស់លោកអ្នក ៕
ចែករំលែកព័តមាននេះ