ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ជួប​ពិភាក្សា​ជាមួយ​ប្រធានា​ធិប​តី​​​អុឺរ៉ង់ ប្រធាន​សភា​កូរ៉េ​ខាងជើង

12 ឆ្នាំ មុន

នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ នា​រសៀល​ថ្ងៃទី​​៣០ សីហា សម្តេច​​អគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ​​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​​លោក​ម៉ាមូដ អាម៉ាឌីណេចាដ ប្រធា​នា​ធិប​តីនៃ​សាធារណរដ្ឋ​​អ៊ិស្លាម​​អុឺ​រ៉ង់ ។​

នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ នា​រសៀល​ថ្ងៃទី​​៣០ សីហា សម្តេច​​អគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ​​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​​លោក​ម៉ាមូដ អាម៉ាឌីណេចាដ ប្រធា​នា​ធិប​តីនៃ​សាធារណរដ្ឋ​​អ៊ិស្លាម​​អុឺ​រ៉ង់ ។​

ក្នុង​ជំនួប​​​ពិ​ភាក្សា​ទ្វេ​ភាគីគ្នា​នេះ ​​លោក​ប្រធាន​ា​ធិប​តី​​បានមាន​ប្រសាសន៍​​សម្តែង​​នូវការ​ស្វា​គមន៍ ​​ជូន​ចំពោះ​សម្តេច​​​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ​ដែល​​អញ្ជើញ​មក​ចូលរួម​​ក​ិច្ច​ប្រជុំ​​កំពូល​លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​នៅ​​ទីក្រុង​​តេហេរ៉ង់ ​​នៃ​សាធារណរដ្ឋ​​អ៊ិស្លាម​​អុឺ​រ៉ង់ ។ លោក​​បន្ត​ថា លោក​មាន​ការ​រីក​រាយ​យ៉ាង​ខ្លាំង​​ដែល​បាន​ជួប​សន្ទនា​ដោយ​ផ្ទាល់​​​ជាមួយ​សម្តេច​​តេ​ជោ ​ពិសេស​​ទៅ​ទៀត​​​នោះ​ វត្ត​មាន​របស់​សម្តេច​​តេជោ​​នឹង​រួម​ចំណែក​​ដល់​ជោគជ័យ​​នៃ​កិច្ច​ប្រជុំ​​កំពូល​​​លើក​ទី​១៦ ​ដែល​​យើង​នឹង​​រួម​ដៃ​​គ្នា​ក្នុង​​ការ​​ចេញ​​​​​សេចក្តី​ប្រកាស​រួម​នៅ​ពេល​​បញ្ចប់​​កិច្ច​ប្រជុំ​កំពូល ។

ទាក់​ទិន​នឹង​​ប្រសាសន៍​លើក​ឡើង​​របស់​លោក​​ប្រធានាធិបតី​​ ស្តីពី​​ទំនាក់ទំនង​​​ទ្វេ​ភាគី​ក៏​​ដូច​ជា​​​នៅ​ក្នុង​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​ សម្តេច​​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ មាន​ប្រសាសន៍​ថា ​យើង​ត្រូវ​រួម​គ្នា​ដើម្បី​សម្រេច​​ឱ្យ​បាននូវ​សេចក្តី​​ប្រកាស​រួម​​ចុង​ក្រោយ​​របស់​កិច្ច​ប្រជុំ​​កំពូល​​លើកទី​១៦​ដើម្បី​បង្ហាញ​​​ពិភព​លោក​​ឱ្យ​ឃើញ​ពី​សាមគ្គី​ភាព​របស់​​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​​ ។ ​ជាមួ​យ​គ្នា​នេះ​សម្តេច​តេជោ​ក៏​​​សម្តែង​​នូ​វការ​រីក​រាយ​ដោយ​បានឃើញ​មេ​ដឹក​នាំ​​​ពិ​ភព​លោក​ជា​ច្រើន​​​​អញ្ជើញ​​​មក​ចូល​រួមក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦ ​ក្នុង​​នោះ​យើង​​​ទាំង​អស់​គ្នា​​ត្រូ​វ​តែ​​រក​វិធី​ដើម្បី​​ធ្វើ​ឱ្យ​ទំនាក់ទំនង​​ និង​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​​របស់​យើង​​​កាន់​តែ​​ស៊ី​ជម្រៅ​​ថែម​ទៀត ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​​​នេះ​ដែរ​ ​សម្តេច​តេជោ​ បានមាន​ប្រសាសន៍​​ថ្លែង​​អំណរ​គុណ​​ប្រទេស​​​អុឺរ៉ង់​​​ដែល​បាន​​គាំ​ទ្រ​​​បេក្ខ​ភាព​នៃ​ប្រទេស​​កម្ពុជា ​​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​​របស់​ក្រុម​ប្រឹក្សា​​សន្តិ​​សុខ​​​អង្គ​​​ការ​​សហ​ប្រជា​ជាតិ ។​​

ឆ្លើយ​តប​នឹង​​ប្រសាសន៍​លើកឡើង​​របស់​សម្តេច​​តេជោ  ​​លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា រូប​​លោក​ផ្ទាល់​​ក៏​ដូច​ជា​​ប្រទេស​អុឺរ៉ង់​​ ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​​​អាសនៈ​​​ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​​សន្តិ​សុខ ​​​​​អង្គការ​សហប្រជាជាតិ​ ហើយ​​អុឺរ៉ង់​​​នឹង​ជួយ​​​គាំ​ទ្រ​​បេក្ខ​ភាព​​របស់​​ប្រទេស​កម្ពុជា ​ជា​សមាជិក​​​មិន​អចិន្ត្រៃយ៍​​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​​របស់​អង្គ​ការ​សហ​​ប្រជាជាតិ​ ។​​
​ទាក់ទិនទៅ​នឹង​​​ទំនាក់ទំនង​​ទ្វេ​ភាគី​ ភាគីទាំង​ពីរ​​បាន​ធ្វើ​ការ​​ប្តេជ្ញា​រួមគ្នា  ​ក្នុង​ការ​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​​លើ​គ្រប់​វិស័យ​​​ថែម​ទៀត ​​តាម​រយៈ​​កា​រជំរុញ​​​​​ឱ្យ​​មាន​ការ​ជួប​ពិភាក្សា​​គ្នានៃ​​​ក្រុម​ការ​ងារ​របស់​​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​​ទៀង​ទាត់  ដើម្បី​​​ជំរុញ​​​​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ប្រ​ទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ​​ដូច​សុភាសិត​ថា «​យើង​​ស្រឡាញ់​​អ្នក​​ អ្នក​ក៏​ស្រឡាញ់​​យើង​  វិញ»​ ។​​

ទាក់ទិន​ទៅនឹង​​​ទំនាក់​ទំនង​​ទ្វេ​ភាគី​​នេះ​ដែរ​ ភាគី​​ទាំងពីរ​​បានជំរុញលើកទឹក​ចិត្ត​ដ​ល់​​ក្រសួង​ថាម​ពល​ ប្រេង និង ឧស្ម័ន ​នៃ​​ប្រទេស​​​ទាំងពី​រ​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់​​តែជិត​ស្និទ្ធ​​ ដើម្បី​ឈានទៅ​សហការ​​លើ​​​វិស័យ​​​​​ដទៃ​ទៀត​ ។​ដោយ​ឡែកនា​រសៀល​ថ្ងៃទី​៣០​សីហា​នោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ក៏បានជួបពិភា​​ក្សាការងារទ្វេភាគីជាមួយ លោក​​ គីម​ យ៉ុងណាម​ ប្រធាន​គណៈប្រធាន​សភា​ប្រជាជនជាន់ខ្ពស់​នៃសាធារណ​​រដ្ឋប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ ។​ នៅក្នុងជំនួប​ពិភា​ក្សាេនាះ លោក​គីម​ យ៉ុងណាម​ មាន​ប្រសាសន៍​លើកឡើងពីប្រវត្តិនៃ​ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ ដែល​បង្កើត​ឡើង​ដោយ​​ព្រះមហាវីរ​ក្សត្រ​កម្ពុជា​ ព្រះករុណាព្រះបាទ​ សម្តេច​ព្រះ​នរោត្តម​ សីហនុ​ ជាមួយ​នឹង​លោក​សេនា​ប្រមុខ​​ គីម​ អ៊ីលស៊ុង​ និងបន្ត​រហូតមក​ដល់​លោក​សេនា​ប្រមុខ​ គីម​ ជុងអីុល​ និង​មក​ដល់​បច្ចុប្បន្ន​ ព្រះ​ករុណា​​ ​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា​ បាន​បន្ត​​យក​ចិត្តទុក​ដាក់​ជាមួយ​នឹង​លោក​គីម​ ជុង​អ៊ុន​ ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនងការទូត​រវាង​ប្រទេស​​ទាំង​ពីរ​ឲ្យ​កាន់តែរឹង​មាំថែម​ទៀត ។​

ជាមួយគ្នានេះ​ លោក​ប្រធាន​ក៏​បាន​លើក​ឡើងដែរថា​ លោក​ គីម​ ជុងអ៊ុន​ មាន​បំណង​បន្តពង្រឹងទំនាក់ទំនងមិត្តភាព​និងកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​លើវិស័យ​ជា​ច្រើន​ស្របទៅនឹងនយោបាយរបស់ខ្លួន​ ដែល​មាន​​បំណង​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនង​ទៅ​ក្រៅ​ប្រទេស។​ ​លោក​ក៏បាន​សម្តែង​នូវ​ការ​វាយ​តម្លៃខ្ពស់​ ចំពោះ​ជោគ​ជ័យ​ដែល​ប្រទេស​កម្ពុជា​​ដឹក​នាំកិច្ច​ប្រជុំរដ្ឋ​មន្រ្តីការ​បរ​ទេស​អាស៊ាន​​ដែល​បាន​បញ្ចប់ទៅកាលពី​ខែ​កក្កដា​ កន្លង​ទៅ​ និង​មាន​សង្ឃឹមយ៉ាងមុតមាំថា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ កិច្ច​ប្រជំុកំពូល​អាស៊ាននៅពេលខាងមុខ​ នឹង​បញ្ចប់​ទៅ​ដោយ​ជោគ​ជ័យបន្ថែមទៀត ។​ ទន្ទឹម​នឹង​នេះ លោក​ក៏បានសំដែង​ពីបំណង​ប្រាថ្នាក្នុង​ការ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ ​ទៅបំពេញ​ទស្ស​ន​កិច្ច​ជា​ផ្លូវការជាថ្មីម្ត​ងទៀត​​នៅ​សាធា​រណ​រដ្ឋ​ប្រជា​​មា​និត​​ប្រជាធិប​តេយ្យ​កូរ៉េ ។

ជា​ការឆ្លើយ​តប ​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​ បានមានប្រសាសន៍ថ្លែងអំណរគុណ​ ​​លោក​ គីម​ ជុងអ៊ុន​ ដែល​បាន​ផ្ញើ​នូវ​ការ​នឹក​រលឹក​មក​រូប​សម្តេច ។​ សម្តេចតេជោបន្តថា​ សម្តេច​ផ្ទាល់​និង​លោក គីម​ យ៉ុង​ណាម​ ធ្លាប់​បាន​ជួប​គ្នានៅ​ក្នុង​កិច្ច​ប្រជំុកំពូល​នៃ​ចលនា​មិន​ចូល​​បក្ស​សម្ព័ន្ធ​នេះ​ចំនួន៣លើករួចមកហើយ ។​ កម្ពុជា ​និង​សាធា​រណរដ្ឋប្រជា​មានិត​​ប្រជាធិបតេយ្យកូរ៉េ គឺជាមិត្ត​ចាស់​នឹង​គ្នា​នៅក្នុងចលនាមិនចូល​បក្សសម្ព័ន្ធ​ តាម​រយៈនេះ​យើងត្រូវតែរួប​រួមគ្នាក្នុង​ការ​ពង្រឹង​ចលនានេះឲ្យកាន់តែ​សកម្មថែមទៀត ។​ ទាក់​ទងទៅនឹង​ទំនាក់​ទំនង​​ទ្វេភាគី​ សម្តេចតេជោ​បាន​ស្នើឲ្យ​ភាគី​ទាំងពីរបន្ត​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ដែល​បន្សល់ទុក​ពី​ថ្នាក់ដឹកនាំ​ជំនាន់មុន​ឲ្យ​កាន់​​តែរឹង​មាំថែម​ទៀត ៕