ខេត្តបន្ទាយមានជ័យ ៖ ដោយមានការសម្របសម្រួលពីលោក ផាន់ ភារម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកមង្គលបុរី នៅម៉ោង៩យប់ថ្ងៃទី ២៧ សីហា បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន និងចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់រួមជាមួយវត្ថុតាងថ្នាំញៀន និងម៉ូតូជាមធ្យោបាយនៅចំណុចថ្នល់ខ្ពស់ ស្ថិតក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវតាមវិធានការជំនាញក្តាប់បានពីមុខសញ្ញាចែកចាយគ្រឿងញៀន លោកបានចាត់តាំងកម្លាំងធ្វើការពួនស្ទាក់នៅចំណុចខាងលើ លុះដល់វេលាម៉ោង៩យប់ថ្ងៃទី២៧ សីហា ឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធុនសេ១២៥ ពណ៌ខ្មៅ សេ៊រី២០០៧ បិទតែម២០១០ ពាក់ស្លាកលេខប.មានជ័យ 1C-1246 មកពីស្វាយក្រុងសិរីសោភ័ណ ។
ពេលសមត្ថកិច្ចត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ពណ៌ស ចំនួន២កូនថង់តូចក៏ឃាត់ខ្លួនតែម្តង ។ ជនសង្ស័យឈ្មោះ ឈួន រស្មី ហៅហួត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញ ឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ទីវ លីហួ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៨ សីហា នៅចំណុចផ្លូវក្រួសក្រហមទៅផ្លូវអង្គារបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខណៈពេលគេជិះម៉ូតូ១គ្រឿងម៉ាកហុងដាធុនសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ តែពេលសមត្ថកិច្ចឃាត់ខ្លួន ជននេះបានបោះថ្នាំញៀនចោលទៅក្នុងទឹកប្រឡាយ ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ទីវ លីហួរ បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីខេត្តសៀមរាប មកលក់ឱ្យឈ្មោះ ឈួន រស្មី និងអ្នកផ្សេងៗទៀតជាច្រើនលើក ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យរួមទាំងដកហូតវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀនចំនួន២កូនថង់ និងម៉ូតូចំនួន២គ្រឿងត្រូវកម្លាំងជំនាញអធិការដ្ឋានស្រុកបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត រៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ