ខេត្តស្ទឹងត្រែង ៖ ដើម្បីចៀសវាង និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នគរបាលចរាចរសហការជាមួយមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនបានចុះទៅពិនិត្យតាមយានដ្ឋានជួសជុលរថយន្ត និងសាលាបង្រៀនបើកបរក្នុងខេត្ត ដើម្បីណែនាំដល់ម្ចាស់យានដ្ឋាន និងគ្រូបង្រៀនបើកបរឱ្យគោរពតាមបទដ្ឋានបចេ្ចកទេស និងច្បាប់ចរាចរណ៍ ។
លោក គង់ រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោកបានឱ្យដឹងកាលពីព្រឹកថ្ងៃទី៣០ សីហា ថា នគរបាលជំនាញបានសហការជាមួយមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនចុះពិនិត្យតាមយានដ្ឋានមួយចំនួនដើម្បីណែនាំ និងពិនិត្យទៅលើច្បាប់អនុញ្ញាតបើកយានដ្ឋានជួសជុលរថយន្ត ។
លោកបានលើកឡើងថា ការចុះពិនិត្យនេះ ដើម្បីផ្សព្វផ្សាយនិងឱ្យម្ចាស់យានដ្ឋាននីមួយៗគោរពតាមកិច្ចសន្យា ព្រោះកន្លងមកមានយានដ្ឋានជួសជុលរថយន្តមួយចំនួន បានកែច្នៃរថយន្តខុសបច្ចេកទេស គ្មានភ្លើងសញ្ញាគ្រប់គ្រាន់ និងតទ្រុង ក្នុងបំណងយករថយន្តដែលកែច្នៃរួចទៅបម្រើបទល្មើសនានា ជាពិសេសគឺការដឹកឈើលើសចំណុះនិងខុសច្បាប់ ។ កន្លងទៅ នគរបាលជំនាញបានឃាត់រថយន្តកែច្នៃខុសបច្ចេកទេសចំនួន៧គ្រឿង បញ្ជូនទៅតុលាការ ដោយរថយន្តទាំងនោះ ភាគច្រើនជាប្រភេទរថយន្តកាមរីគូទស្វិត និងគូទហើម ត្រូវកែច្នៃតទ្រុង និងទម្លាក់បាតធ្វើជាមធ្យោបាយរកស៊ីឈើ ផ្ទុកឈើលើសចំណុះខុសច្បាប់ ។ ក្រោយពីមានការបង្ក្រាបទៅលើរថយន្តខុសបច្ចេកទេសនាពេលថ្មីៗនេះ មិនសូវមានការកែច្នៃទៀតទេ តែមានយានដ្ឋានខ្លះនៅតែមិនគោរពទៅតាមកិច្ចសន្យា លួចកែច្នៃរថយន្តខុសបច្ចេកទេស បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។
លោកបញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយណែនាំដល់ម្ចាស់យានដ្ឋាន ហើយបើក្នុងករណីនៅ តែមិនអនុវត្តតាម លោកនឹងរាយការណ៍ទៅថ្នាក់លើ ក៏ដូចគណៈបញ្ជាការឯកភាពខេត្ត ដើម្បីបិទយានដ្ឋាននោះជាបណ្តោះអាសន្ន ។លោកគង់ រតនា បានឱ្យដឹងទៀតថា ចំពោះការពិនិត្យលើសាលាបើកបរនៅក្នុងខេត្ត ក្រុមមន្ត្រីនគរបាលជំនាញបានណែនាំដល់នាយកសាលា និងគ្រូបង្រៀនបើកបរត្រូវបង្រៀនឱ្យសមស្របទៅតាមពេលវេលា ទៅលើល្បឿន ដៃចង្កូត និងច្បាប់ចរាចរណ៍ ។ លោកថា កន្លងមកតាមការសាកសួរពីគ្រូបង្រៀនបើកបរការបង្រៀនមានត្រឹមតែរយៈពេល២០ថ្ងៃ ដែលនេះជាពេលវេលាខ្លីដែលធ្វើឱ្យសិស្សយល់ដឹងតិចតួចពីច្បាប់ចរាចរណ៍ក៏ដូចជាការហ្វឹកហាត់បើកបរនៅមានកម្រិត ។
ដូច្នេះក្រុមការងារក៏បានណែនាំនិងតម្រូវឱ្យនាយកសាលាធ្វើកិច្ចសន្យាបង្រៀនសិស្សឱ្យមានរយៈពេលវែងជាងនេះទៀត ដើម្បីឱ្យសិស្សយល់ច្បាស់ពីច្បាប់ចរាចរណ៍និងការបើកបរ ។ លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានកន្លងមក គឺដោយសារកត្តាមនុស្ស ដែលមិនគោរពច្បាប់ចរាចរណ៍ បើកបរល្បឿនហួសកំណត់ បើកបរមានជាតិស្រវឹង បើកបរមិនប្រុងប្រយ័ត្ន ។ ចំពោះវិធានការខាងមុខបើយោងតាមការណែនាំពីលោកស្នងការខេត្ត និងលោកអភិបាលខេត្ត មន្ត្រីជំនាញនឹងចាត់វិធានការត្រួតពិនិត្យទៅលើរថយន្តខុសបច្ចេកទេស រថយន្តគ្មានស្លាកលេខ រថយន្តបើកបរក្នុងល្បឿនលឿន តែបញ្ហាប្រឈមមុខចំពោះក្រុមការងារ គឺកង្វះឧបករណ៍ត្រួតពិនិត្យល្បឿន ។
យោងតាមរបាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ក្នុងឆ្នាំ២០១២ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១១ កើតឡើង៥០លើកលើ៤១លើក កើន៩លើក ស្មើ២២% បណ្តាលឱ្យស្លាប់៩នាក់ លើ១៩នាក់ថយចុះ១០នាក់ ស្មើ៤៧% របួសធ្ងន់៥៥នាក់ លើ៤២នាក់ កើន១៣នាក់ ស្មើ៣១% របួសស្រាល៦២នាក់ លើ៥០នាក់ កើន១២នាក់ ស្មើ២៤% ៕
ចែករំលែកព័តមាននេះ