សារព័ត៌មានបរទេសផ្សាយថា មេខ្លែងស្រាកមួយក្បាល នៅទីក្រុងមូលីង តំបន់ហៃឡុងជាំង ប្រទេសចិនបានដេញចឹកអ្នកភូមិម្នាក់ក្រោយពីខឹងចាប់យកកូនវាទៅធ្វើម្ហូបទទួលទាន ។ ខ្លែងស្រាកនោះចងគំនុំលើអ្នកភូមិនោះអស់រយៈពេលជាង២ឆ្នាំកន្លងទៅ ។
ហេតុការណ៍នេះកើតឡើងទៅលើលោកយ៉ាង ដោយត្រូវខ្លែងស្រាកដេញចឹក និងច្រាសអស់រយៈពេលប្រហែល២០នាទី ទើបទទួលបានការជួយសង្គ្រោះពីអាជ្ញាធរ ។
នៅក្នុងរបាយការណ៍បញ្ជាក់ថា លោកយ៉ាង បានលួចយកកូនខ្លែងស្រាកពីសម្បុកទៅធ្វើម្ហូបទទួលទានកាលពីខែសីហា ឆ្នាំ២០១០ ព្រោះដឹងថាទទួលទានសាច់ខ្លែងស្រាកអាចព្យាបាលជំងឺបាន ។ អ្នកស្រុកមួយចំនួនបញ្ជាក់ថា លោកយ៉ាងធ្វើបែបនោះធ្វើឱ្យមេរបស់ខ្លែងស្រាកខឹងនិងគំកួន ។
ខ្លែងស្រាកប្រភេទនេះត្រូវអ្នកស្រុកដឹងថាជាសត្វមានសភាពកោងកាច និងមានះ ។ ក្នុងសម័យរាជវង្សយួន ព្រានព្រៃជនជាតិម៉ុងហ្គោលីបានបង្ហាត់ខ្លែងស្រាកឱ្យដេញឆ្កែចចក គឺខ្លែងស្រាកមួយក្បាលអាចដេញចចកបានដល់ទៅ១៤ក្បាលឯណោះ ។ហេតុការណ៍តាមសងសឹករបស់សត្វខ្លែងស្រាកនោះបញ្ជាក់ថា សត្វក៏មានមនោសញ្ចេតនាស្រឡាញ់កូនតាមសភាវគតិរបស់វាដូចជាមនុស្សយើងដែរ៕
ចែករំលែកព័តមាននេះ