ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថត​ខ្សែភាព​យន្ត​ឯកសារ​ស្តីពី​សុវត្ថិភាព​​​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោម​កិច្ច​សហការ​រវាង​​មូល​និធិ​សហព័ន្ធ​យាន​យន្ត​​អន្តរជាតិ​(FIA Foundation ) និង​មូល​និធិ​ការពារ​​រងរបួស​អាស៊ី​(AIP Foundation ) នឹង​មាន​ការ​រៀបចំ​​ផលិត​​នូវ​​ភាព​យន្ត​​ឯកសារ​មួយ​ដែល​​សម្តែង​ដោយ​​កញ្ញា​ Michelle Yeoh ​អគ្គ​រដ្ឋ​ទូត​​សុច្ឆន្ទៈ​​ ផ្នែក​​​សុវត្ថិភាព​​​ចរាចរណ៍​ពិភព​លោក​ ដើម្បី​ចូលរួម​​ផ្សព្វ​ផ្សាយ​​បង្កើន​ចំណេះ​ដឹង​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នៅរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី​២២ កុម្ភៈ ​ឆ្នាំ២០១១ខាង​មុខ​នេះ

រាជធានីភ្នំពេញ ៖ ក្រោម​កិច្ច​សហការ​រវាង​​មូល​និធិ​សហព័ន្ធ​យាន​យន្ត​​អន្តរជាតិ​(FIA Foundation ) និង​មូល​និធិ​ការពារ​​រងរបួស​អាស៊ី​(AIP Foundation ) នឹង​មាន​ការ​រៀបចំ​​ផលិត​​នូវ​​ភាព​យន្ត​​ឯកសារ​មួយ​ដែល​​សម្តែង​ដោយ​​កញ្ញា​ Michelle Yeoh ​អគ្គ​រដ្ឋ​ទូត​​សុច្ឆន្ទៈ​​ ផ្នែក​​​សុវត្ថិភាព​​​ចរាចរណ៍​ពិភព​លោក​ ដើម្បី​ចូលរួម​​ផ្សព្វ​ផ្សាយ​​បង្កើន​ចំណេះ​ដឹង​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នៅរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី​២២ កុម្ភៈ ​ឆ្នាំ២០១១ខាង​មុខ​នេះ ។ ភាព​យន្ត​ឯកសារ​នេះ នឹង​បង្ហាញ​​​ពីបន្ទុក​ដ៏ធ្ងន់​ធ្ងរ​នៃអត្រា​អ្នក​​ស្លាប់​​ដោយ​​គ្រោះ​​​​​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​​ ដែល​គ្រោះ​​​ថ្នាក់​​ចរាចរណ៍​នេះ​​បាន​ក្លាយ​ទៅជា​បន្ទុក​ធំ​ជាង​គេ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​​​នានា​នៃផ្នែក​ជំងឺ​មិន​ឆ្លង​​​ក្នុង​ឆ្នាំ​២០១០ ។ ​ភាពយន្ត​ឯកសារ​​ក៏​​បាន​បង្ហាញ​​ផងដែរ​នូវ​កិច្ច​អន្ត​រាគមន៍​​ជា​ច្រើន​ប្រឆាំង​ទៅ​លើ​​បញ្ហា​សុខភាព​​​សាធារណៈមួយ​នេះ ។​

«ដំណើរ​ទស្សនកិច្ច​របស់​នាង​ខ្ញុំ​មក​​កាន់​កម្ពុជា​នាពេល​នេះ មាន​គោល​បំណង​មក​បង្ហាញ​​​ឱ្យ​ឃើញ​ថា ការ​ស្លាប់​និង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិតជា​អាច​ទប់​ស្កាត់​បាន។ ពួក​គេអាចការពារបាន​ដោយ​​ប្រើ​​វិធី​សាស្ត្រ​​សាមញ្ញ​បំផុត​ ដោយ​ពួកគេ​ត្រូវ​ពាក់​មួក​​​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ ។ ឆ្នាំនេះ យើង​នឹង​អនុវត្ត​នូវ​ទសវត្ស​​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក​​​របស់​អង្គ​ការ​​សហប្រជាជាតិ យើង​ត្រូវ​ប្តេជ្ញា​​​ថែមទៀត ដើម្បី​​រក្សា​ការពារ​​អ្នក​ទាំងអស់់​​គ្នា ជា​ពិសេស​​ កូន​ៗរបស់​​យើង​មាន​សុវត្ថិភាព​» ។ នេះ​ជា​សម្តី​​របស់​កញ្ញា​ Michelle Yeoh ។

នៅក្នុង​ភាព​យន្ត​​ឯកសារ​ កញ្ញា​ Michelle Yeoh  នឹងជួប​សម្ភាសន៍​ជាមួយ​មន្ត្រី​​ជាន់​ខ្ពស់​​នៅ​ក្នុង​​ជួរ​រាជរដ្ឋា​ភិបាល​កម្ពុជា ចុះ​សួរសុខទុក្ខ​​ជនរង​គ្រោះ​ដោយគ្រោះ​​ថ្នាក់​ចរាចរណ៍​នៅតាម​មន្ទីរ​ពេទ្យ​ និង​ចូលរួម​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ពីសុវត្ថិ​ភាព​​​ចរាចរណ៍​នៅតា​ម​សាលា​រៀន ។ កញ្ញា​​ Michelle Yeoh ​​នឹងជួប​លោក​ស ខេង ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​លោក​ត្រាំ​ អុីវតឹក រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​ ដើម្បី​​ជំរុញ​ឱ្យ​មានការ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ឆាប់​រហ័ស​ ដោយ​តម្រូវ​​ឱ្យ​អ្នក​រួម​ដំណើរ​ត្រូវ​​ពាក់​មួក​សុវត្ថិភាព​ផងដែរ ។ ​បច្ចុប្បន្ន​ ច្បាប់​បាន​តម្រូវ​ឱ្យ​អ្នក​បើក​​បរ​ទោចក្រ​យាន​យន្ត​​ ពាក់មួក​សុវត្ថិភាព​តែម្នាក់​ប៉ុណ្ណោះ​ បើទោះ​បីជា​យ៉ាងនេះ​ក្តី ក៏​វិធានការ​នេះ​បាន​កាត់​​បន្ថយ​អត្រា​ការ​ស្លាប់​​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​ ​បាន​៤២%​ និងរបួស​បាន​៦៩% ។​

«​នៅក្នុងឆ្នាំ​២០១០ កម្ពុជា បាន​បាត់​បង់​ជីវិត​មនុស្ស​ប្រមាណ​​១.៧០៩​នាក់​ ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍ ។ យើងពិតជា​មិន​អាច​ទទួល​​យកនូវ​កម្រិត​​សោកនាដកម្ម​នេះ​បាន​ទេ» យោង​តាម​ប្រសាសន៍​​របស់​លោក​ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​នា​ពេល​​ថ្មី​នេះ​ថា «​គ្រោះ​​ថ្នាក់​ចរាចរណ៍ មាន​ផល​ប៉ះពាល់​​ធ្ងន់​ធ្ងរ​​​ទៅ​ដល់​​ខឿន​សេដ្ឋ​កិច្ច​ជាតិ បញ្ហា​​សុខភាព​សាធារណៈ និង​ប្រព័ន្ធ​សុខុមាលភាព​​​​សង្គម និង​បាន​បង្ក​ភាព​ឈឺ​ចាប់​ខ្លោច​ផ្សារ​ជា​ខ្លាំង​ទៅ​ដល់​​ជនរងគ្រោះ​ និង​គ្រួសារ​​របស់​ពួកគេ» ។ 

កញ្ញា​ Michelle Yeoh នឹង​ទៅ​ទស្សនកិច្ច​​នៅ​សាលា​បឋម​សិក្សា​សំពៅ​មាស​ ដែល​ជា​​សាលា​រៀន​គោល​ដៅ​សម្រាប់​កម្មវិធី​កម្ពុជា​មួក​សុវត្ថិភាព​ជាថ្នាំ​បង្ការ​ជីវិត និងមួក​សុវត្ថិភាព​សម្រាប់​​​កម្មវិធី​កុមារ​ ដោយ​រួមបញ្ចូល​ជាមួយ​ការ​ផ្តល់​អំណោយ​​មួក​សុវត្ថិភាព​ និង​ការ​អប់រំ​​ស្តីពី​​សុវត្ថិភាព​ចរាចរណ៍​ផងដែរ ។ កញ្ញា​ Michelle Yeoh  នឹង​បង្រៀន​សិស្ស និង​លោកគ្រូ អ្នកគ្រូ អំពី​​ការ​​ពាក់​មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​​ និង​ឥរិយា​បថ​ប្រកប​ដោយ​​សុវត្ថិភាព​​នៅ​ពេល​ធ្វើ​ដំណើរ​​នៅតាម​​ដង​ផ្លូវ ក៏ដូចជា​ការ​បង្ហាញ​​មេរៀន​​​ច្បាប់​ចរាចរណ៍​ស្តីពី​អនុវត្តន៍​ជាក់​ស្តែង​នៅក្នុង​​សួន​សុវត្ថិភាព​ចរាចរណ៍ ។​

«ភាព​​យន្ត​ឯកសារ​សម្រាប់​ទសវត្ស​សុវត្ថិ​​​ភាព​ចរាចរណ៍​​ផ្លូវ​គោក​នេះ នឹង​លើក​យក​ចំណុច​សំខាន់ៗជាច្រើន ដោយ​មិន​ត្រឹម​តែ​​បង្ហាញ​ពី​បន្ទុក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះទេ​ ថែម​ទាំង​​​បង្ហាញ​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើ​កិច្ច​ការនេះ ដើម្បី​ធ្វើ​ឱ្យ​​​ផ្លូវ​មាន​សុវត្ថិភាព» ​។​ នេះជា​​សម្តី​​របស់​​​លោក​ Saul Billingsley ​អគ្គ​នាយក​រង​​របស់​​​មូលនិធិ​សហព័ន្ធ​យានយន្ត​អន្តរជាតិ ។​

កម្ពុជា​ មួក​សុវត្ថិភាព​ជាថ្នាំ​បង្ការ​ជីវិត ក្រោម​​ការ​​​សហការ​គ្នា​រវាង​​មូល​និធិ​ការពារ​​រងរបួស​អាស៊ី ក្រសួង​មហាផ្ទៃ​ គណៈកម្មាធិការ​​ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ធនាគារ​ ANZ Royal Bank (Combodia ) Ltd ​និង​ក្រម​​ហ៊ុន​ប្រេងឥន្ធនៈ  Total Cambodge បាន​ចាប់​ផ្តើម​អនុវត្ត​គម្រោង​​នេះ​នៅ​ឆ្នាំ​២០១០ នៅ​​ក្នុង​រាជ​ធានីភ្នំពេញ​​ ។ ចាប់​ពីពេល​នោះ​មក​ អនុវត្ត​កម្មវិធី​ជាច្រើន​ដូចជា កម្មវិធី​​អប់រំតាម​សាលារៀន យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​​សាធារណៈ​ និង​ការ​សិក្សា​​ស្រាវ​ជ្រាវ​​លើការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព ។ ​ទិន្នន័យ​​ដំបូងពីការ​អង្កេត​​​ប្រើ​ប្រាស់​​មួក​សុវត្ថិភាព​ចាប់​ពីខែមករា ឆ្នាំ២០១១ បាន​ឱ្យ​ដឹងថា អ្នករួម​ដំណើរ​​​មាន​ការ​ប្រើ​ប្រាស់​​​មួក​សុវត្ថិភាព​​តិច​តួច​ណាស់​ ក៏ព្រោះ​តែពួកគេ​មិន​ត្រូវ​បាន​ច្បាប់​​កំណត់​ឱ្យ​ពាក់ទេ ។ នៅរាជ​ធានី​​ភ្នំពេញ​ អ្នក​រួម​ដំណើរ​ពាក់​មួក​សុវត្ថិភាព​​មាន​កម្រិត​តែ​៨​-១២%​ប៉ុណ្ណោះ​នៅពេល​ថ្ងៃ​​ ចំណែក​​នៅពេល​យប់​មាន​ត្រឹមតែ​៦-៨%​ប៉ុណ្ណោះ​។

«​យើង​យល់​ឃើញ​ថា​ មួក​សុវត្ថិភាព​គឺជា​«ថ្នាំ​​បង្ការ »ប្រឆាំង​​នឹង​របួស​ខួរក្បាល ដែល​​ជា​​​​​កត្តា​កំណត់​នូវ​ការ​ស្លាប់ ដោយសារ​គ្រោះ​ថ្នាក់​​ទោចក្រយានយន្ត​ ។ យើង​សង្ឃឹម​ថា​ ភាពយន្ត​​​ឯក​សារ​​នេះ ​នឹងជំរុញ​​ឱ្យទស្សនិកជន​​មាន​ទឹក​ចិត្ត​​ឱ្យ​​​ក្រុម​គ្រួសារ​​របស់​គេ​ និងមនុស្ស​ជាទី​ស្រឡាញ់​​​របស់ពួកគេ ពាក់មួក​សុវត្ថិភាព​គ្រប់ៗគ្នា​នៅ​ពេល​ធ្វើ​ដំណើរ​ ដែល​វា​នឹង​បម្រើ​​​ឱ្យ​មាន​ការ​យល់​ដឹង​ក្នុង​ការ​ផ្លាស់​ប្តូរ​បទដ្ឋាន​សង្គម​ផង​ដែរ»​​ ។ នេះ​ជា​សម្តី​​របស់​​កញ្ញា​ Mirjam Sidik នាយិកា​​ប្រតិបត្តិ​មូលនិធិ​ការពារ​រងរបួស​​អាស៊ី ។​

អំពី AIP Foundation មូល​និធិ​​កាត់​បន្ថយ​​របួស​នៅ​អាស៊ី (AIP Foundation) គឺ​បាន​​​ចុះ​បញ្ជី​សហរដ្ឋ​អាមេរិក​ (U.S registered 501(c)(3) ) ​ជា​អង្គការ​​មិន​ស្វែង​​​រក​ប្រាក់​ចំណេញ​ ដែល​​ប្រើ​​ភាព​ជាដៃគូ​​សាធារណៈ-​​ឯកជន​ កម្មវិធី​អប់រំ​ និង​កម្ម​វិធី​​មួក​សុវត្ថិភាព​តាម​សាលារៀន​ ដើម្បី​កាត់​បន្ថយ​អត្រា​​​រងរបួស និងការ​បាត់​បង់ជីវិត​ ដោយសារ​អត្រា​​​​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។ នៅ​ឆ្នាំ​២០០៩ មូល​និធិ​​កាត់​បន្ថយ​​របួស​អាស៊ី បាន​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​ មួក​សុវត្ថិ​ភាព​​ជាថ្នាំ​បង្ការ​សាកល​(GHVI) ​ដោយ​​សហការ​ជាមួួយ​មូល​និធិ​សហព័ន្ធ​យាន​យន្ត​អន្តរ​ជាតិ​(FIAF) ​មជ្ឈមណ្ឌល​​​បង្ក្រាប​ជំងឺ​ និង​ការ​ពារ​​(CDC)  ធនាគារ​ពិភព​លោក​ ផ្នែក​សុវត្ថិ​ភាព​​ចរាចរណ៍​សាកល​ (World Bank Global Road Safety Facility) និង​ធនាគារ​​អភិវឌ្ឍន៍​​អន្តរ-​អាមេរិកាំង​ (Inter-American Development Bank) ។​ កម្ម​វិធីមួក​សុវត្ថិភាព​ជា​ថ្នាំ​បង្ការ​សាកល គឺជា​ការ​រួមគ្នា​ជា​លក្ខណៈ​​អន្តរជាតិ ក្នុង​គោល​បំណង​«ពាក់​មួក​សុវត្ថិភាព​នៅ​លើ​​ក្បាល​មនុស្ស​គ្រប់គ្នា​ នៅ​ក្នុង​ទសវត្ស​​​សុវត្ថិភាព​​​​​ចរាចរណ៍​» ។ ​កម្ម​វិធី​មួក​សុវត្ថិភាព​ជាថ្នាំ​បង្ការ​​សាកល​ដំណើរ​​ការ​ក្នុង​បណ្តា​ប្រទេស​​កំពុងអភិវឌ្ឍន៍​ មានទិសដៅ​៥​សំខាន់ៗ​គឺ​ ការ​ផ្សព្វ​ផ្សាយ​​ អប់រំ​ជាសាធារណៈ​ ជំនួយផ្នែក​​បច្ចេក​​ទេស​ ការ​ស្រាវ​ជ្រាវ​សិក្សា​កម្មវិធី​សម្រាប់​​ក្រុម​គោល​ដៅ និង​​ការ​ផ្តល់​​មួក​សុវត្ថិភាព​ ។ កម្ពុជា​ គឺ​ជា​​ប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​គោលដៅ​​ទាំងអស់​នៅក្នុង​កម្មវិធី​ ការ​អនុវត្ត​មួក​សុវត្ថិភាព​​ជា​ថ្នាំ​បង្ការ​សាកល​ដែល​នឹង​​ត្រូវ​អនុវត្ត ។

អំពី FIA Foundation 

FIA Foundation គឺ​បាន​ចុះបញ្ជី​ជា​ស្ថាប័ន​​ឯករាជ្យ​​នៅ​ចក្រ​ភពអង់​គ្លេស​ ដែល​ជា​ស្ថាប័ន​​មនុស្សធម៌​​ ធ្វើ​ការ​ងារ​សម្រប​សម្រួល​គ្រប់​គ្រង​​​ និង​ជួយ​ឧបត្ថម្ភ​​​ទៅលើ​កម្មវិធី​សកម្មភាព​អន្តរ​ជាតិ​​ ដើម្បី​ផ្សព្វ​ផ្សាយ​​សុវត្ថិភាព​​ចរាចរណ៍ ការ​ការ​ពារ​បរិស្ថាន និង​និរន្តរភាព​ ចលភាព​ ព្រម​ទាំង​ផ្តល់​ជំនួយ​ជាពិសេស​​ដល់​ការ​​ស្រាវ​​ជ្រាវ​​សុវត្ថិភាព​​កីឡា​ម៉ូតូ ។ មូល​និធិ​​សហព័ន្ធ​​យាន​យន្ត​​ អន្តរជាតិ​(FIA Foundation) កំពុង​​តែធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​ការ​គាំទ្រទៅ​ដល់​ការ​​​ប្រកាស​​ជា​សាកល​នូវ​ទសវត្ស​​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវ​គោក​​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១១ ។​

កញ្ញា​  Michelle Yeoh  គឺជា​តារាសម្តែង​​​ និង​តារា​ភាពយន្ត​អន្តរជាតិ ដ៏​ល្បី​ឈ្មោះ និង​បាន​​​សម្តែង​ភាពយន្ត​ល្បីល្បាញ​​ជាច្រើន​ដូចជា Crouching Tiger, Hidden Dragon, Memoirs of a Geisha,  Sunshine,  andthe James Bond movie Tomorrow Never Dies  ។ ​ចាប់​តាំងពី​​ឆ្នាំ​២០០៧ នាង​​បាន​​​​ត្រូវ​ប្រកាស​​តែងតាំង​​ជាអគ្គ​រដ្ឋទូត​​​​សុច្ឆន្ទៈ​​ផ្នែក​​សុវត្ថិភាព​​ចរាចរណ៍​ពិភព​លោក​ សម្រាប់​​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​​ពីការ​ធ្វើ​ឱ្យ​​ផ្លូវ​មាន​សុវត្ថិភាព​ ។ នាង​បាន​​ធ្វើ​ទស្សនកិច្ច​​នៅជុំវិញ​ពិភព​លោក​ ក្នុង​កិច្ច​​ស្វែង​​យល់​អំពីផល​ប៉ះពាល់​​រាល​ដាល​​នៃគ្រោះ​ថ្នាក់​ចរាចរណ៍​​ និង​ធ្វើ​ការ​អំពាវ​នាវ​ទៅ​ដល់​​សហ​គមន៍​​អន្តរជាតិ ឱ្យ​ទទួល​ស្គាល់​ពីបញ្ហា​ដែល​​​នាង​បាន​ឃើញ​ និង​ជំរុញ​ឱ្យ​មាន​​ការ​ចាត់​វិធានការ​​បន្ទាន់​ដើម្បី​កាត់​បន្ថយ​​​នូវ​អត្រា​​ស្លាប់ និង​​របួស ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។

Michelle ​បាន​​​ដឹកនាំ​យុទ្ធនាការ​​មួយ​ដែល​មាន​ឈ្មោះ​ថា «​ការអំពាវ​នាវ​សម្រាប់​​ទសវត្ស​​​សកម្មភាព » ដែលជា​​​លទ្ធផល​​នៅក្នុង​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​ដាក់​ចេញ​នូវ «ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​២០១១-២០២០» នៅក្នុង​ខែមីនា ឆ្នាំ២០១០ ។ ភាពយន្ត​ឯកសារ​ចំនួន​២​រឿង​មុនដែល​បាន​​បង្ហាញ​ពី​សកម្ម​ភាព​​របស់​ Michelle ដើម្បីសុវត្ថិភាព​​ចរាចរណ៍ ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភព​លោក​តាម​ស្ថានីយ​ព័ត៌​មាន​អន្តរជាតិ  BBC  ។​

«នៅក្នុងរយៈពេល​២​-៣ឆ្នាំ​កន្លង​មក​នេះ នាង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​​ប្រទេស​ជាច្រើន​ និង​បាន​ឃើញ​នូវ​ផល​ប៉ះពាល់​ដ៏អាក្រក់​ដែល​បណ្តាល​មក​ពី​កង្វះ​ខាត​ពី​ការ​យល់​ដឹង​ជាមូល​ដ្ឋាន​នៃ​សុវត្ថិភាព​​ចរាចរណ៍ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​​ដល់​អាយុ​ជីវិត​មនុស្ស​ជាច្រើន​ ។ មាន​ក្មេង​​ម្នាក់បាន​ស្លាប់ ឬ​ពិការ​នៅ​រៀងរាល់​​​៣០​វិនាទី​ នៅទូទាំង​ពិភព​លោក ។ ​នេះ​ជា​សោក​នាដកម្ម​ ដែល​មិន​គួរ​ឱ្យ​កើត​ឡើង​បាន​ឡើយ​ ក៏ព្រោះ​​តែយើង​​អាច​មាន​លទ្ធភាព​​ការ​ពារ​វាបាន ។ ​នេះជា​ពេល​វេលា​​ដ៏ពិត​ប្រាកដ​ ដែល​ត្រូវ​ធ្វើ​ការ​បញ្ឈប់​នូវ​សោកនាដកម្ម​នេះ និង​ធ្វើឱ្យ​ផ្លូវ​មាន​​សុវត្ថិភាព»។​​ នេះជា​សម្តី​របស់​​ Michelle Yeoh អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ផ្នែក​សុវត្ថិភាព​​ចរាចរណ៍​ពិភព​លោក ៕