ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពាក់​មួក​​សុវត្ថិភាព​​ក្នុង​​ចំណោម​​អ្នក​​រួម​ដំណើរ​​​តាម​ទោច​ក្រ​​យាន​យន្ត​ និង​ឱកាស​ឈ្នះ​រង្វាន់​​ជាច្រើន​​ពីការ​​ប្រឡង​​​រូប​ថត​តាម​Facebook

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នៅថ្ងៃទី​ ១៥ ​សីហា ២០១២​ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​ប្រកាសសម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់​រូប​ភាព​អប់រំ​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យានយន្ត​នៅ​​​មជ្ឈ​មណ្ឌល​កម្សាន្ត​ឌ្រីមលែនឌ៍​ ដែល​ជា​ព្រឹត្តិ​ការណ៍​បង្ហាញ​ពីភាព​ស្និទ្ធ​ស្នាល​លក្ខណៈ​គ្រួសារ​ និង​មិត្ត​ភក្តិ​សំដៅ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​

រាជ​ធានីភ្នំពេញ ៖ នៅថ្ងៃទី​ ១៥ ​សីហា ២០១២​ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​ប្រកាសសម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់​រូប​ភាព​អប់រំ​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យានយន្ត​នៅ​​​មជ្ឈ​មណ្ឌល​កម្សាន្ត​ឌ្រីមលែនឌ៍​ ដែល​ជា​ព្រឹត្តិ​ការណ៍​បង្ហាញ​ពីភាព​ស្និទ្ធ​ស្នាល​លក្ខណៈ​គ្រួសារ​ និង​មិត្ត​ភក្តិ​សំដៅ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរតាម​ទោចក្រ​យាន​យន្ត ។​

ពិធីនេះ​ជា​ផ្នែក​មួយ​នៃយុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈក្រោមពាក្យស្លោក «ព្រួយ​បារម្ភ​ពីគ្នា​ធ្វើ​ដំណើរ​គ្រប់​វេលា​ពាក់​មួក​សុវត្ថិភាព» ។ ពិធី​ប្រកាស​សម្ពោធ​ផ្ទាំង​រូបភាព​អប់រំ​នៅ​មជ្ឈ​មណ្ឌល​សម្សាន្ត​​ឌ្រីមលែនឌ៍​ ក៏បាន​ប្រកាស​ពី​ការ​ចាប់ផ្តើមប្រកួត​ប្រជែងរូបថត​ ដែល​បាន​ថត​ពី​រូប​ភាព​អប់រំ​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យានយន្ត តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook (Asia​ Injury​ Prevention​ Foundation) ដែល​​​រំពឹង​ថា​នឹង​​មាន​បេក្ខជន​ចូល​រួម​ប្រមាណពី ៣.០០០​ទៅ​៦.០០០នាក់ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់ជាច្រើន​តាមរយៈ​ការ​ផ្ញើរូប​ថត​ទាំង​នោះ​មក​កាន់អង្គការតាមអ៊ីមែលៈ​ passengerhel​met​@aipf-cambodia.org ។

ភ្ញៀវកិត្តិយសចំនួន​២០០នាក់​ បាន​អញ្ជើញ​ចូល​រួម​ក្នុងកម្មវិធីនេះដែលរួមមាន​មន្ត្រី​រាជ​រដ្ឋាភិ​បាល ​​ក្រុម​គ្រួសារ​​សិស្ស-និស្សិត ​អ្នក​សារ​ព័ត៌​មាន​ ក្រុមហ៊ុនឯកជន ​ដៃ​គូ​ពាក់ព័ន្ធ​លើ​ការ​ងារ​សុវត្ថិ​ភាពចរាចរណ៍​ តារាចម្រៀង​ ​និង​សិល្ប​ករ​មួយចំនួនផងដែរ ។​ ភ្ញៀវ​ដែល​ចូល​រួម​ក្នុង​កម្ម​វិធី​សម្ពោធខាង​លើនេះ​​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​បែប​លក្ខណៈ​គ្រួសារ​ប្រកប​ដោយ​ភាព​រីករាយ​​ព្រមទាំង​បាន​ថត​រូប​របស់​ខ្លួន​ជា​មួយ​នឹង​កុមារ​នៅ​​កន្លែង​ផ្ទាំង​រូប​ភាព​អប់រំ​​ដែលបាន​ដាក់​តម្លើង​ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​ឌ្រីម​លែនឌ៍​ ។ ការ​ផ្ញើរូប​ថត​នេះ​​នឹង​ទទួល​ចាប់​ពី​ថ្ងៃទី​១៦​ ​សីហា​រ​ហូត​ដល់​ថ្ងៃទី១០​ ​កញ្ញា​ ហើយ​នឹង​បញ្ចប់​ការ​ជ្រើស​រើស​នៅ​ថ្ងៃ​ទី​១​​ តុលា ។​ អង្គការ​មូល​និធិ​បង្ការ​របួស​​អាស៊ី​ក៏បាន​សាង​សង់​ផ្ទាំង​រូប​ភាព​អប់រំ​នេះ​នៅខេត្តកណ្តាលផងដែរ​ ដែល​មាន​អ្នក​ប្រើ​ប្រាស់​ផ្លូវជាង​២.០០០​នាក់​ បាន​ឃើញ​ផ្ទាំង​រូប​ភាព​អប់រំនៅក្នុងមួយថ្ងៃៗ ។

ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាព​ចរា​ចរណ៍​ដល់ក្រុមគ្រួសារ​ គឺ​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​អនុ​វត្ត​​នៅក្នុងប្រទេសកម្ពុជា ។​ កាល​ពីឆ្នាំ២០១០ មាន​មនុស្សស្លាប់១.៨១៦នាក់ និង​រង​របួស​ធ្ងន់​ចំនួន​៦.៧១៨នាក់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​៦.៩៤១​ករណី​ ក្នុង​ប្រទេស​កម្ពុជា ។ អ្នក​ធ្វើ​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ផ្លូវដែលងាយរងគ្រោះថ្នាក់ជាងគេ​ ដែល​ពួក​គេបាន​រួមចំណែកដល់ទៅ៧២% នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​ និង៦៧%​នៃ​ចំនួន​អ្នក​​ស្លាប់​ទាំង​អស់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​សរុប ។

លោក​ សុគន្ធ​ ថេរាយុ​ តា​រា​ចម្រៀង​នៅ​ផលិត​​​កម្មថោន​បានបញ្ជាក់ថា​«យើង​សូម​បង្ហាញ​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​សកម្មភាពនេះ ដែល​មាន​គោល​ដៅ​លើក​កម្ពស់​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​ ជាពិសេស​ចំពោះ​កុមារ​ដែល​ជាទី​ស្រឡាញ់» ។​ លោក​ក៏​បាន​ជំរុញ​ឲ្យ​ប្រ​ជា​ជន​កម្ពុជា​ទាំង​អស់​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រ​យាន​យន្ត ។ លោក​បាន​បន្ថែមទៀតថា «ក្នុង​ឱកាស​ដ៏​រីក​រាយ​នេះ យើង​សូម​លើក​ទឹក​ចិត្ត​ដ៏​ទទូច​ឲ្យ​យុវ​វ័យ​ទាំង​អស់ ពាក់​មួក​សុវត្ថិ​ភាព​ ទោះបី​ជា​អ្នក​បើកបរ​ ឬ​​អ្នក​រួមដំណើរក៏ដោយ»។

ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​បាន​បង្ហាញ​ថា​ អាច​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍ដល់ទៅ៤២% និង​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​៦៩%​​។​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយតាម​រយៈ​លទ្ធ​ផល​នៃ​ការ​សង្កេត​រៀង​រាល់ ២​ខែ​ម្តង​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ នា​ពេល​ថ្មីៗនេះ​បាន​បង្ហាញ​ថា​ មាន​អ្នក​បើក​បរ​ទោ​ចក្រ​​យាន​យន្ត​​ចំនួន​៨៣.៨% បានពាក់មួកសុវត្ថិភាព ប៉ុន្តែ​មានអ្នករួមដំណើរ​គិត​ទាំង​កុមារ​ផង​តែ​៦.៧%​ប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព ។​ ការ​សង្កេត​​​ក៏បាន​បង្ហាញ​ថា អត្រា​អ្នកពាក់​មួក​សុវត្ថិ​ភាព​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​មាន​កម្រិត​ទាប​ជាងនេះ ។

លោក ពៅ​ ម៉ាលី អគ្គ​លេ​ខា​ធិ​ការ​រងគណៈ​កម្មា​​ធិ​ការ​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​បាន​មាន​ប្រសាសន៍ថា​ «សកម្ម​ភាព​​របស់​​អង្គ​​ការ​មូល​និធិបង្ការរបួស​អាស៊ី​នា​ថ្ងៃ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការយកចិត្តទុកដាក់​ និង​គាំ​ទ្រ​ដល់​សេចក្តី​​ព្រាង​​ច្បាប់​​ចរា​ចរណ៍​​ផ្លូវ​​គោក​​ថ្មី​ដែល​តម្រូវ​​ឲ្យ​អ្នក​បើក​បរ​ទោ​ចក្រ​យានយន្ត​អ្នក​រួម​ដំណើរ​គិតទាំងកុមារ​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​កំណត់តាមស្តង់ដារជាតិ» ។​ លោក​បាន​បន្ថែម​ទៀត​ថា​ «តាម​រយៈ​ផ្ទាំង​រូប​ភាព​អប់រំ​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​ អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្តនៅក្នុង​មជ្ឈមណ្ឌលកំសាន្តឌ្រីម​លែន​ដ៍​នេះ​រួម​ផ្សំ​នឹង​យុទ្ធនា​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ផ្សេងៗ​ទៀតអំពីសុវត្ថិភាពចរាចរណ៍​ខ្ញុំ​មាន​សុទិដ្ឋិ​និយមថា​ នឹងប្រែក្លាយឥរិយាបថ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ឲ្យ​គោរព​ច្បាប់​ គឺពាក់មួកសុវត្ថិភាពបាន​គ្រប់ៗគ្នា ១០០%​ទាំងថ្ងៃ ទាំងយប់ ។

អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​កំពុង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ស្ថាប័ន​រាជ​រដ្ឋា​ភិ​បាល​ និង​​ដៃ​គូ​ពាក់​ព័ន្ធ​លើ​ការ​ងារ​សុវត្ថិ​ភាព​ចរា​ចរណ៍​មួយចំនួននៅក្នុងប្រទេសកម្ពុជា​សំដៅ​បង្កើន​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្តឲ្យ​បាន៦០% ត្រឹម​ចុង​ឆ្នាំ២០១៥​ នៅតាមបណ្តាខេត្ត-រាជ​ធា​នី​គោលដៅមួយចំនួនដូចជា​ រាជធានីភ្នំពេញ ខេត្ត​កណ្តាល​ និងខេត្តកំពង់ស្ពឺ ។

លោក​ គឹម​ បញ្ញា​ នាយក​អង្គការ​មូល​និធិ​បង្ការ​​របួស​អា​ស៊ី​ប្រ​ចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា «ជា​មួយ​នឹង​សកម្ម​ភាព​ដ៏​មាន​សារៈ​សំខាន់​ខាង​លើ​នេះ​ក៏​ដូច​ជា​សកម្មភាព​អប់រំ​ផ្សព្វផ្សាយជាសាធារណៈ​ផ្សេងៗទៀត​ អង្គ​ការ​មូល​និធិ​បង្ការបួសអាស៊ី​ សូម​ស្នើ​សុំ​ដោយ​ទទួច​ដល់​អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត​ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ សូម​ពាក់​មួក​​សុវត្ថិ​ភាព​ចាប់​ពី​ពេល​ឥឡូវនេះតទៅ​ បើ​ទោះ​បី​សេច​ក្តី​ព្រាង​ច្បាប់​​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ក៏ដោយ» ។​ លោក​បាន​បន្ថែម​ទៀត​ថា​ «តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​ទាំង​នេះ​យើង​សង្ឃឹម​​ថា នឹង​បង្កើន​នូវ​ទម្លាប់​នៃ​​ការ​​ពាក់​​មួក​​សុវត្ថិ​ភាព​ក្នុង​ចំណោម​មា​តា​បិតា​ ឬ​អា​ណា​ព្យា​បាល​ចំពោះកូនៗរបស់​ពួក​គាត់មិន​ថា​ ជាកុមារ ឬស្ថិតក្នុងវ័យណានោះទេ ៕