ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​​​ព្រំដែន​​​អាន​សេះបាន​​​ក្លាយ​​​ជា​​​ច្រក​​​អន្តរជាតិ​​កម្ពុជា-ថៃ​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ច្រក​អាន​សេះ ​​​​ដែល​ជា​ច្រក​​​ព្រំដែន​​​កម្ពុជា​-​ថៃ​ លើ​​កំពូល​​ភ្នំ​ដងរែក​ ក្នុង​ស្រុក​​ជាំក្សាន្ត​​​ ​​ពេល​នេះ​​បាន​​​​​ក្លាយ​ជា​​​ច្រក​ទ្វារ​​​​​អន្តរជាតិ​​​​​ជា​ផ្លូវ​ការ​​ហើយ។​ ​ច្រក​នេះ​​​​ គឺ​ជាចំណុច​​​​ឆ្លង​កាត់​​​​​​​ថ្មើរជើង​​​របស់​​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​ក្នុង​ស្រុក​​ជាំក្សាន្ត​​​​ ខេត្ត​ព្រះ​វិហារ​​ ​​​ក្នុង​ការ​​​​​ធ្វើ​​ទំនាក់​ទំនង​​ជាមួយ​​​​​​​​ប្រជា​ពលរដ្ឋ​​ថៃ​ ក្នុង​ស្រុក​​ណាំយឺន​ ខេត្ត​ឧប៊ុន​ អស់​​​​រាប់ទសវត្ស​​​មក​ហើយ​ ហើយ​ពេល​នេះ​​​រាជ​

ខេត្ត​ព្រះ​វិហារ​ ៖ ច្រក​អាន​សេះ ​​​​ដែល​ជា​ច្រក​​​ព្រំដែន​​​កម្ពុជា​-​ថៃ​ លើ​​កំពូល​​ភ្នំ​ដងរែក​ ក្នុង​ស្រុក​​ជាំក្សាន្ត​​​  ​​ពេល​នេះ​​បាន​​​​​ក្លាយ​ជា​​​ច្រក​ទ្វារ​​​​​អន្តរជាតិ​​​​​ជា​ផ្លូវ​ការ​​ហើយ។​ ​ច្រក​នេះ​​​​ គឺ​ជាចំណុច​​​​ឆ្លង​កាត់​​​​​​​ថ្មើរជើង​​​របស់​​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​ក្នុង​ស្រុក​​ជាំក្សាន្ត​​​​ ខេត្ត​ព្រះ​វិហារ​​ ​​​ក្នុង​ការ​​​​​ធ្វើ​​ទំនាក់​ទំនង​​ជាមួយ​​​​​​​​ប្រជា​ពលរដ្ឋ​​ថៃ​ ក្នុង​ស្រុក​​ណាំយឺន​ ខេត្ត​ឧប៊ុន​ អស់​​​​រាប់ទសវត្ស​​​មក​ហើយ​ ហើយ​ពេល​នេះ​​​រាជ​រដ្ឋាភិបាល​កម្ពុជា​​​និង​ថៃ​ បាន​ព្រម​ព្រៀង​​គ្នា​​​​ចុះ​​ហត្ថលេខា​​ក្នុង​ការ​​បើក​ច្រក​​​​​​ទ្វារ​​​​​​លើ​​ខ្នង​​ភ្នំ​ដងរែក​​នេះ ឱ្យ​​ទៅ​​​ជាច្រក​​ទ្វារ​​អន្តរ​ជាតិ។​

​នៅព្រឹក​ថ្ងៃទី១៤ សីហា លោកអ៊ុំ ម៉ារ៉ា  អភិ​​បាល​ខេត្ត​បាន​ដឹកនាំប្រតិភូ​ខេត្ត​​​គ្រប់​ស្ថាប័ន​​​ឡើង​ទៅកាន់កំពូលភ្នំដងរែក ចំណុច​ច្រក​អាន​សេះ ដើម្បីជួប​ជា​មួយអភិបាលខេត្តឧប៊ុន ​ប្រទេសថៃ ក្នុង​ការរ​ួមសហការគ្នា​ពិនិត្យ​ភូមិ​សាស្រ្តច្រកអានសេះ​ដើម្បី​បើកច្រក​ទ្វារ​នេះ​ឱ្យ​ទៅជាច្រកអន្តរជាតិជា​ផ្លូវការ​រវាង​ខេត្ត​ព្រះ​វិហារ ជាមួយខេត្តឧប៊ុន ​។

ការជួបគ្នានាព្រឹកនេះ ភាគីទាំងពីរបាន​សហ​ការយ៉ាងល្អ​ដោយ​នាំគ្នាដើរពិនិត្យទីតាំងរៀងៗ​ខ្លួន​និង​ពិនិត្យ​មើលការ​ដោះ​ដូរ​ទំនិញ​របស់​ប្រជា​ពល​រដ្ឋទាំង២ប្រទេស​ទៅវិញទៅមក ។ លោកអ៊ុំ ម៉ារ៉ា មាន​ប្រសាសន៍ថា  ការ​បើក​ច្រក​ទ្វារ​ចំណុច​​អាន​សេះ​ឱ្យទៅ​ជា​ច្រក​ទ្វារ​អន្តរ​ជាតិ​នាពេល​នេះ គឺ​​យោងតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យ​ព្រំដែន​ទាំងពីរ​មាន​សន្តិភាព​ និងការអភិវឌ្ឍ​និង​ជា​ប្រយោជន៍​ដល់​ពលរដ្ឋទាំងពីរ ។

លោកអភិបាល​ខេត្ត​បាន​បន្តថា ភាគី​កម្ពុជា​ ​នឹង​ចាប់ផ្តើមស្ថាបនាផ្លូវ​ក្រាល​បេតុង​​ពីជើងភ្នំឡើងទៅកំពូលភ្នំដងរែក​ចំណុច​ច្រក​អានសេះ នៅ​រដូវប្រាំងខាងមុខនេះ  ហើយ​រដ្ឋាភិបាលកម្ពុជានឹងបន្តស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីទីប្រជុំជនស្រុកជាំក្សាន្តទៅ​កាន់​​ជើងភ្នំ​អានសេះ និងពីស្រុក​ជាំក្សាន្ត​ទៅកាន់​តំបន់​មុំបី​ផង​ដែរ ។

ប្រជាពល​រដ្ឋក្នុងស្រុកជាំក្សាន្ត ​និង​គ្រួសារ​កងទ័ព​ដែលកំពុងរស់​នៅតាមបណ្តោយជួរភ្នំ ​​ដងរែក បន្ទាប់ពីមានការបើកច្រកទ្វារ​អានសេះ ​ ឱ្យ​ទៅជាច្រកទ្វារ​អន្តជាតិ​ ពួកគាត់​សង្ឃឹមថា  ការ​​រស់នៅ​​ពិត​ជានឹង​មានជីវភាព​ធូរធារជាង​មុន ​ព្រោះការទាក់ទង​គ្នា​បាន​ល្អ​គ្រប់​បែបយ៉ាងទាំង​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វប្បធម៌ និងវិស័យ​ទេស​ចរណ៍​ជាដើម ។​ ពួកគាត់​មិន​ចាំបាច់នាំ​ទំនិញ​ពីរាជ​ធានី​ភ្នំពេញទៅ​កាន់​តំបន់​ដាច់​ស្រយាល​នេះទៀតឡើយ ៕