ខេត្តសៀមរាប ៖ ប្រភពព័ត៌មានពីទីក្រុងបាងកកបានឱ្យដឹងថា កូនស្រីពៅរបស់លោកស៊ុមឆាយ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ និងត្រូវជាក្មួយបង្កើតរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ គ្រោងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសអ្នកឧកញ៉ាតំណាងរាស្ត្រមណ្ឌលសៀមរាប លោកសៀង ណាំ ។
យោងតាមប្រភពព័ត៌មានតាមគេហទំពរ័មួយឈ្មោះ Bangkok (ANN) កាលពីថ្ងៃទី២៩ កក្កដា កន្លងទៅ បានសរសេរទាក់ទងទៅនឹងចំណងមេត្រីភាពរវាងអភិជនទាំងពីរខាងលើនេះថា គ្រួសារអតីតនាយករដ្ឋមន្ដ្រី ស៊ុមឆាយវង្សសាវ៉ាត គ្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ ដែលចំណាយទឹកប្រាក់ដ៏ច្រើនឱ្យកូនស្រីឈ្មោះChayapaដែលនឹងរៀបការជាមួយកូនប្រុសរបស់អ្នកឧកញ៉ាសៀង ណាំ ជាសមាជិករដ្ឋសភា កម្ពុជា ។
គេហទំពរ័ដដែលបានសរសេរបន្ដថា យោងតាមប្រភពអ្នកស្និទ្ធនឹងគ្រួសារលោក វង្ស សាវ៉ាត បានឱ្យដឹងថា ម្ដាយរបស់នាង Chayapa ជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ដ្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត្រា ប្រហែលជាចូលរួមពិធីមង្គលការនៅពេលណាមួយនៅឆ្នាំក្រោយ។ ប្រភពដដែលបានបន្តទៀតថា នាង Chayapa បានជួបជាមួយកូនប្រុសអ្នកឧកញ៉ាសៀង ណាំ ម្តងម្កាល ហើយលោកសៀង ណាំ ក៏ជាមិត្ដរបស់ឪពុកធំនាងដែរគឺលោកថាក់ស៊ីន។
ទាក់ទិនទៅនឹងព័ត៌មានដែលចុះផ្សាយនៅក្នុងគេហទំព័រខាងលើនោះ កាលពីរសៀលថ្ងៃទី៣០ កក្កដា ឆ្នាំ២០១២ មិនអាចសុំការពន្យល់បន្ថែមបានទេ ពីអ្នកឧកញ៉ាសៀង ណាំ ដោយទូរសព្ទ័មិនអាចហៅចូលបាន ក៏ប៉ុន្ដែបើតាមមេធាវីប្រចាំគ្រួសារអ្នកឧកញ៉ាសៀង ណាំ គឺលោកប៉ែន ប៊ុនណារិទ្ធ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា រឿងរៀបអាពាហ៍ពិពាហ៍ហ្នឹងជាការពិត ព្រោះកូនប្រុសស្រីទាំងពីរនាក់នេះត្រូវបានចាស់ទុំទាំងសងខាងធ្វើពិធីភ្ជាប់ពាក្យរួចហើយ ។ ថ្វីបើយ៉ាងនេះក្ដីលោកមិនបានបញ្ជាក់ប្រាប់ថា តើពេលណាមួយនឹងត្រូវរៀបការនៅឡើយទេ ។
យោងតាមប្រភពពីអ្នកជិតស្និទ្ធជាមួយអ្នកឧកញ៉ាសៀង ណាំ បានបង្ហើបឱ្យដឹងថា កូនប្រុសរបស់អ្នកឧកញ៉ាសៀង ណាំ ដែលគ្រោងនឹងរៀបមង្គលការជាមួយកូនស្រីពៅរបស់ គ្រួសារលោកស៊ុមឆាយ និងជាក្មួយស្រីលោកថាក់ ស៊ីនសីណាវ៉ាត្រានោះមានឈ្មោះណាំ លីណាល់ គឺជាកូនទី២ និងជាកូនប្រុសតែមួយក្នុងចំណោមកូនបីនាក់របស់អ្នកឧកញ៉ាសៀង ណាំ។
ប្រភពដដែលនោះបានបញ្ជាក់បន្ថែមថា អ្នក ឧកញ៉ាសៀង ណាំ មានកូនបីនាក់ កូនច្បងស្រី ឈ្មោះណាំ លីណែត បានរៀបការជាមួយលោកទា កុសល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងមានកូនបីនាក់ ។ កូនទីពីរឈ្មោះណាំ លីណាល់ ដែលភ្ជាប់ពាក្យជាមួយកូនស្រីលោកអតីតនាយករដ្ឋមន្ដ្រីថៃ និងកូនស្រីពៅឈ្មោះណាំ លីណា រៀបការជាមួយកូនប្រុសលោកឧបនាយករដ្ឋមន្ដ្រីយឹម ឆៃលី ។
គួរបញ្ជាក់ថា អ្នកកឧកញ៉ាសៀង ណាំ ក្រៅពីមានតំណែងជាអ្នកតំណាងរាស្ដ្រ និងជាសមាជិកសភាកម្ពុជា លោកក៏ជាពាណិជ្ជករដ៏មានឥទ្ធិពលម្នាក់ដែរនៅក្នុងប្រទេសកម្ពុជា ដោយលោកជាម្ចាស់សណ្ឋាគារស៊ីធីអង្គរដ៏ស្កឹមស្កៃនៅកណ្ដាលក្រុងសៀមរាប និងមានដីបុរីចំនួនពីរ គឺបុរីសៀងណាំ១ និងបុរីសៀងណាំ២ ។ លោកគឺជាតំណាងរាស្ដ្រដ៏មានចិត្តសប្បុរសម្នាក់ដោយបានចូលរួមកសាងជាតិយ៉ាងច្រើនដូចជាកសាងសាលារៀន ផ្លូវថ្នល់ ស្ពាន ជាច្រើនកន្លែង ៕
ចែករំលែកព័តមាននេះ