រាជធានីភ្នំពេញ ៖ ពីរនាក់ម្តាយធំ និងក្មួយស្រីបានរងរបួសដោយសារតែចោរ២នាក់ឆក់ខ្សែ.ក កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ តុលា នៅតាមផ្លូវលេខ២០០៤ ស្ថិតក្នុងនៅភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យដួលម៉ូតូ ។ ប៉ុន្តែក្រុមចោរឆក់ខ្សែ.ក ពុំបានសំរេចឡើយ ។
ស្ត្រីរងរបួសដែលបង្កឡើងដោយចោរឆក់ត្រូវសមត្ថកិច្ចឱ្យដឹងថា ១-ឈ្មោះហេង ម៉ាលី ភេទស្រី អាយុ៥០ឆ្នាំ បានដួលបោកក្បាល និងបាក់ឆ្អឹងស្មា ២-ឈ្មោះរស់ រម្យនា ភេទស្រី អាយុ២១ឆ្នាំ រងរបួសរលាត់ដៃជើង ។ ស្ត្រីរងគ្រោះទាំងពីរមានទីលំនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌដង្កោ ជាម្តាយធំ និងក្មួយស្រី ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះពីរនាក់ម្តាយធំ និងក្មួយស្រី បានធ្វើដំណើរតាមម៉ូតូ C100 ស៊េរី២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-4313 ធ្វើដំណើរចេញពីផ្ទះក្នុងគោលបំណងទៅផ្សារអូរឫស្សី ដោយម្តាយធំជាអ្នកឌុប ។
នៅពេលធ្វើដំណើរមកដល់មុខភូមិគ្រឹះលោកខ្វាន់ ស៊ាម ស្រាប់តែមានចោរ២នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ មួយគ្រឿង ជិះស្របគ្នា បានធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីន ទំងន់៥ជីពីស្ត្រីម្នាក់ជាក្មួយដែលជិះក្រោយ បណ្តាលឱ្យដួលរងរបួសតែម្តង ចំណែកម៉ូតូចោរពុំដួលឡើយ ហើយគេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ