រាជធានីភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៦ចេញពីក្លិបកម្សាន្តមួយហើយជិះត្រលប់ទៅផ្ទះវិញក៏ត្រូវក្រុមចោរមានគ្នា២នាក់ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ សេ៊រី២០១២មួយគ្រឿងប្រដាប់ដោយអាវុធបានជិះដេញតាមភ្ជង់ប្លន់យកម៉ូតូតែយុវជនទាំង២នាក់នោះបានព្យាយាមបើករត់គេចពីក្រុមចោរប្លន់យ៉ាងស្លន់ស្លោក៏ជ្រុលចង្កូតទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋចំពីមុខពេញទំហឹងបណ្តាលឱ្យផ្លោងទៅបុកស្លាកភូមិ-ឃុំមានសុវត្ថិភាព បណ្តាលឱ្យយុវជនម្នាក់ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឯយុវជនម្នាក់ទៀតជិះពីក្រោយបានរងរបួសធ្ងន់ធ្ងរត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ។ ចំណែកក្រុមចោរលើកម៉ូតូជនរងគ្រោះជិះតែធាក់មិនឆេះក៏ទុកចោលហើយឡើងជិះម៉ូតូរបស់ពួកគេគេចបាត់ស្រមោល ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ កក្កដា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្បែរប៉ុស្តិ៍នគរបាលទឹកថ្លា ។ យុវជនរបួសធ្ងន់ឈ្មោះយាន ផាយ អាយុ២២ឆ្នាំ ជាជាងពិតាន ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឯអ្នកស្លាប់ឈ្មោះវឿន រិញ អាយុ២៥ឆ្នាំ ជាជាងពិដាន ស្នាក់នៅផ្ទះជាមួយគ្នាហើយមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ ។
យុវជនរងគ្រោះប្រាប់កោះសន្តិភាពថា មុនពេលកើតហេតុខ្លួន និងមិត្តភក្តិដែលស្លាប់នោះបានជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៦មួួយគ្រឿងចូលទៅផឹកស៊ីនៅក្នុងក្លិបមួយស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីអស់ស្រាបៀរមួយថូ ក៏ជិះម៉ូតូត្រលប់ទៅផ្ទះតាមផ្លូវភ្នំពេញ-ហាណូយ ។ ពេលមកដល់មុខផ្សារដីហុយកមានជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២បានជិះដេញតាមពីក្រោយហើយស្រែកហៅឱ្យឈប់តែពួកគេមិនព្រមឈប់ស្រាប់តែក្រុមនោះបានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកមកភ្ជង់ ។
ឃើញបែបនេះមិត្តភក្តិក៏បើកម៉ូតូបន្ថែមល្បឿនទាំងភ័យស្លន់ស្លោក៏ជ្រុលចង្កូតទៅបុកផើងផ្កាដែលនៅពីមុខផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឱ្យពួកគេផ្លោងទៅបុកស្លាកភូមិ-ឃុំមានសុវត្ថិភាពពេញទំហឹងបណ្តាលឱ្យឈ្មោះវឿន រិញ អ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ឯរូបគេជិះពីក្រោយបានរងរបួសធ្ងន់ធ្ងរ ដោយបាក់ដៃខាងស្តាំ និងបែកក្បាលហូរឈាមពេញខ្លួន ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ។
យុវជនរងគ្រោះបន្តថា ដោយឃើញបែបនេះជនល្មើស២នាក់នោះបានព្យាយាមមកលើកយកម៉ូតូជិះតែទៅមុខមិនរួចក៏ទុកចោលវិញ ហើយឡើងជិះម៉ូតូរបស់ពួកគេទៅបាត់ ។ក្រោយពេលកើតហេតុគេឃើញប៉ូលិសចរាចរបានចុះមកអន្តរាគមន៍ដោយលើកយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ