រាជធានីភ្នំពេញ ៖ ទោះបីជាសព្វថ្ងៃនេះមានផលិតផលខោអាវថ្មីៗទាន់សម័យពីបរទេសក៏ដូចជាផលិតផលក្នុងស្រុកក៏ដោយ ក៏ខោអាវជជុះនៅតែមានការពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែរ ដោយសារតែខោអាវជជុះមានតម្លៃថោក ហើយបើនិយាយពីសោភ័ណភាពវាមានភាពស្រស់ស្អាតប្រហាក់ប្រហែលនឹងខោអាវថ្មីដែរ។
បុរសម្នាក់សម្បុរសណ្តែកបាយមាឌធំក្រអាញ អង្គុយលើកៅអីភ្នាក់ដៃ ហើយនៅខាងក្រោយនិងសងខាងគាត់មានសុទ្ធតែខោអាវនិងមួករណេងរណោងនិយាយថាគាត់ឈ្មោះសៀវ ឡេង ជាអាជីវករលក់ខោអាវជជុះនៅផ្សារដើមគ តាមបណ្តោយវិថីព្រះមុនីរ៉េត ។
គាត់ប្រកបរបរនេះជាង២ឆ្នាំហើយ ដែលរបរលក់ខោអាវជជុះនេះកាក់កបគ្រាន់បើដែរ ដោយសារមានការពេញនិយមពីសំណាក់បងប្អូនខ្មែរយើង ជាពិសេសនៅរដូវប្រាំង និងនៅរដូវបុណ្យទានធំៗដូចជា រដូវបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម គឺលក់ដាច់ខ្លាំង ពីព្រោះបងប្អូនប្រជាពលរដ្ឋយើងទិញមិនត្រឹមតែសម្រាប់ស្លៀកពាក់ខ្លួនឯងទេ ថែមទាំងសម្រាប់យកទៅចែកជូនបងប្អូននៅឯស្រុកទៀត ។ ខោអាវជជុះលក់ដាច់ច្រើនសម្រាប់យុវវ័យ ជាពិសេសសិស្សសាលា ហើយក៏មានអ្នកធូរធារមួយចំនួនទិញយកទៅស្លៀកពាក់ដែរ ។ លោកឱ្យដឹងថា ខោអាវជជុះមានទៅតាមប្រភេទ និងតម្លៃរបស់វា ប្រភេទខ្លះគាត់លក់ត្រឹមតម្លៃ២ដុល្លារចុះក្រោម ប្រភេទខ្លះទៀតចាប់ពី៤ដុល្លារឡើង ហើយក៏មានប្រភេទខ្លះមានតម្លៃរហូតដល់ទៅ៥០ ឬ៦០ដុល្លារក៏មានដែរ ។
នារីម្នាក់ឈ្មោះស្រីខួច ជាកម្មការិនីរោងចក្រមួយនៅម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា និយាយថា នាងចូលចិត្តទិញខោអាវជជុះ ពីព្រោះវាមានតម្លៃថោក ជាពិសេសសម្រាប់ខ្លួននាងផ្ទាល់ជាកម្មការិនីកាត់ដេរដែលទទួលបានប្រាក់បៀវត្សតិចតួច។ ម្យ៉ាងទៀត ខោអាវជជុះ ជជុះយើងក៏អាចពាក់វាដើរលេងនិងពាក់ចូលរួមក្នុងកម្មវិធីផ្សេងៗបានដែរ ៕
ចែករំលែកព័តមាននេះ