រាជធានីភ្នំពេញ ៖ រថយន្តម៉ាកនីស្សាន់ ពណ៌ស ដឹកថ្មមួយគ្រឿងបានបើកបោះពួយធ្លាក់ផ្លូវទៅបុកបញ្ឆិតដើមប្រេងខ្យល់មួយដើមចូលរោងលក់បាយ និងបុករបងផ្ទះលោកឧត្តមសេនីយ៍ត្រី ទេព សំអាត ជាកងអង្គរក្សបណ្តាលឱ្យបុរសពីរនាក់ដែលកំពុងហូបបាយរងរបួសស្រាលម្នាក់និងម្នាក់ទៀតរបួសធ្ងន់ ហើយជើងសសររោងបាក់ដាច់ទ្វារនិងរបងបានបាក់១ផ្ទាំងរងការខូចខាត ហើយរថយន្តបានរួញមុខរងការខូចខាតស្ទើរទាំងស្រុង ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៣ មិថុនានៅផ្ទះលេខ៣៩៦B តាមផ្លូវទំនប់កប់ស្រូវ ក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថារថយន្តដឹកថ្មម៉ាកនីស្សាន់ខាងលើបានបើកតាមផ្លូវទំនប់កប់ស្រូវពីលិចទៅកើតដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរចុះពីលើស្ពានស្ថានីយបូមទឹកទំនប់កប់ស្រូវមិនដឹងជាមូលហេតុអ្វីទេ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំដៃធ្លាក់ផ្លូវទៅបុកបញ្ឆិតដើមប្រេងខ្យល់មួយដើមនិងបុករោងលក់បាយហើយបុកបង្គោលរបងពេញទំហឹងបណ្តាលឱ្យបង្គោល និងដំបូលរោងរងការខូចខាតហើយរបងបានបាក់មួយផ្ទាំងរលំប្រវែងប្រមាណ៤ម៉ែត្រ។ ចំណែករថយន្តបានរងការខូតខាតធ្ងន់ធ្ងរ ។
សាក្សីបន្តថា ក្នុងហេតុការណ៍នោះធ្វើឱ្យមនុស្សជាច្រើនដែលកំពុងអង្គុយក្នុងរោងបាយរត់ចែកផ្លូវគ្នា ។ ទោះបីជាយ៉ាងណា បណ្តាលឱ្យបុរសពីរនាក់ដែលកំពុងអង្គុយហូបបាយរងរបូសធ្ងន់ម្នាក់និងស្រាលម្នាក់ត្រូវបានបញ្ជូនទៅព្យាបាល ។ រីឯអ្នកបើកបរពុំបានរងរបួសទេបើកទ្វារលោតចុះរត់គេចបាត់ ។ តាមព័ត៌មានបន្តទៀតថា រថយន្តខាងលើបានដឹកថ្មមកពីខេត្តកំពង់ស្ពឺធ្វើដំណើរមកគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ។
នៅពេលធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវក៏បានបើកកៀរម៉ូតូមួយគ្រឿងហើយព្យាយាមបើករត់មកដល់កន្លែងកើតហេតុក៏រេចង្កូតធ្លាក់ផ្លូវបុករបងផ្ទះលោកឧត្តមសេនីយ៍ត្រី ទេព សំអាតតែម្តង។ នៅយប់នោះប៉ូលិសការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅស្ទួចរថយន្តបញ្ជូនទៅការិយាល័យដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ