ខេត្តព្រះសីហនុ ៖ បច្ច័យជាច្រើនបានមកពីការរៃអង្គាសក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដែលមានការនិមិន្តចូលរួមពីព្រះសង្ឃចំនួន១៥០អង្គ មកពីបណ្តាវត្តខ្មែរទូទាំងខេត្តព្រះសីហនុនោះនឹងយកទៅកសាងវត្តចំនួន៥ នៅក្នុងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា ។ នេះបើតាមសម្តីលោកអាចារ្យ គុំ គង់ និងលោកអាចារ្យជាវប្រចាំវត្តឥន្ទញ្ញាណ ហៅវត្តក្រោម កាលពីព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១២ នៅវេទិកាវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកអាចារ្យ គុំ គង់ បានឱ្យដឹងថា ដើម្បីប្រមូលបច្ច័យយកទៅកសាងវត្តខ្មែរនៅលើទឹកដីពុទ្ធភូមិ ទើបព្រះទេពសត្ថា ពឿយ មេត្តា ជាព្រះសង្ឃគ្រប់គ្រងលើទីអារាមចំនួន៥ នៅប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា បានផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីនេះឡើងក្នុងគោលបំណងផ្សារភ្ជាប់ផលបុណ្យរបស់ញាតិញោមនៃទឹកដីខេត្តព្រះសីហនុ ទៅកាន់ទឹកដីពុទ្ធភូមិដែលជាទីកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ។
លោកអាចារ្យបន្តថា បច្ច័យដែលប្រមូលបាននឹងយកទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តខ្មែរចំនួនប្រាំនៅលើទឹកដីពុទ្ធភូមិ មានវត្តខ្មែរពុទ្ធគយា (កន្លែងព្រះពុទ្ធត្រាស់ដឹង) វត្តខ្មែរកុសិនារា (កន្លែងព្រះពុទ្ធបរិនិព្វាន) វត្តខ្មែរសេវសាលី (កន្លែងព្រះពុទ្ធសម្តែងរតនសូត្រ) វត្តខ្មែរសុវណ្ណភូមិក្រុងរាជគ្រឹះ (កន្លែងព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខ) ទាំងបួនវត្តនេះនៅលើទឹកដីប្រទេសឥណ្ឌា និងវត្តខ្មែរមួយវត្តទៀតនៅលើទឹកដីប្រទេសនេប៉ាល់ គឺវត្តលុម្ពិនី (កន្លែងព្រះអង្គទ្រង់ប្រសូត) ។
លោកអាចារ្យជាវបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលព្រះទេពសត្ថា ពឿយ មេត្តា ផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គី នៅក្នុងខេត្តព្រះសីហនុ ដែលលើកនេះមានព្រះសង្ឃចំនួន១៥០អង្គ និមន្តចូលរួមមកពីទូទាំងខេត្តព្រះសីហនុ និងមានពុទ្ធបរិស័ទប្រមាណ១.០០០នាក់ ចូលរួមក្នុងពិធីរាប់បាត្រប្រគេនព្រះសង្ឃ ៕
ចែករំលែកព័តមាននេះ