ក្រុងប៉ោយប៉ែត ៖ ជាងជួសជុលរថយន្តម្នាក់បានចាញ់ល្បិចស្រីស្នេហ៍យកម៉ូតូទៅបាត់ស្រមោលទើបភ្លឺភ្នែក ។ បុរសនោះឈ្មោះតៃ ហេង អាយុ៣១ឆ្នាំ រៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១២អធ្រាត្រថ្ងៃទី៨ មិថុនា រូបគេជួបអតីតសង្សារចាស់ឈ្មោះ ហៃ សីហា ហៅពៅ អាយុ១៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។
ពួកគេជិះម៉ូតូឌុបគ្នាដើរលេងជុំវិញផ្សារអគ្គថ្មី លុះដល់ចំណុចផ្លូវដើមពុទ្រាស្រីស្នេហ៍ប្រាប់ថា ចង់ផឹកទឹកដោះគោ លុះរូបគេក៏ឈប់ម៉ូតូចូលទៅទិញទឹកដោះគោនៅកន្លែងលក់ដូរតាមផ្លូវដើមពុទ្រានោះ ។ រូបគេចេញទៅដោយពុំបានដកយកកូនសោម៉ូតូចេញទេ ហើយឆ្លៀតពេលនោះអតីតសង្សារចាស់របស់គេលួចជិះម៉ូតូយកទៅបាត់ស្រមោល ។
បុរសរូបនោះបន្តថា រូបគេទៅដាក់ពាក្យបណ្តឹងនៅសាខាប៉ុស្តិ៍រដ្ឋបាលប៉ូលិសផ្សារអគ្គថ្មី ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចប៉ូលិសប្រចាំការនៅទីនោះប្រាប់ថា យប់អធ្រាត្រទៅហើយគ្មានអ្នកទទួលពាក្យបណ្តឹងទេចាំព្រឹកទៅ ។ លុះព្រឹកឡើងរូបគេទៅប្តឹងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលដោយបញ្ជាក់ថា ម៉ូតូដែលបាត់នោះម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ។
បុរសជាជាងជួសជុលរថយន្តរូបនោះឱ្យដឹងថា អតីតស្រីស្នេហ៍នោះស្គាល់គ្នាអស់រយៈពេលប្រមាណជិត៣ឆ្នាំមកហើយ ប៉ុន្តែមួយរយៈពេលក្រោយមកដោយនាងចូលចិត្តដើរលេងពេក និងនិយាយមិនចុះសម្រុងគ្នាក៏បែកគ្នា ។ តាមដឹងស្រីស្នេហ៍រូបនោះបានចូលទៅធ្វើការនៅក្នុងហាងខារ៉ាអូខេ ក្លឹបសាន់ហ្វ្រាន់ស៊ីស្កូ ក្រុងប៉ោយប៉ែតអស់រយៈពេលជាច្រើនខែមកហើយ ។ ចៃដន្យនៅយប់នោះគេបានជួបនាង និងចាញ់បោកនាងអស់ម៉ូតូតែម្តង ។
បុគ្គលដដែលសម្តែងការខកចិត្តព្រោះនៅពេលបាត់ម៉ូតូ ភ្លាមទៅប្តឹងសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ប៉ុន្តែពុំមានចំណាត់ការឱ្យបានទាន់ពេលវេលាទេ ដោយអះអាងថាពាក់កណ្តាលអធ្រាត្រទៅហើយ ។ រហូតមកដល់ព្រឹកថ្ងៃទី១៧ មិថុនា នៅមិនទាន់មានដំណឹងពីស្រីរូបស្រស់តែចិត្តសម្បូរទៅដោយពិសនោះទៅលាក់ខ្លួននៅក្រហែងណាទេ ៕
ចែករំលែកព័តមាននេះ