ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា មានរឿងរ៉ាវគួរឱ្យរន្ធត់មួយកើតលើក្មេងស្រី លូ ជៀងលី អាយុ៦ឆ្នាំ ។ នាងត្រូវឪពុកម្តាយបោះបង់ចោលដោយសារស្អប់ខ្ពើមនាងកើតជំងឺចម្លែក ដោយមានដុះរោមខ្មៅយ៉ាងក្រាស់នៅលើរាងកាយប្រហែល៦០% និងបានរីករាលដាលដល់ផ្ទៃមុខទៀតផង ។
មានលេចឮដំណឹងថា ក្រុមគ្រួសាររបស់នាងរស់នៅទីក្រុងគុយយ៉ាង តំបន់គុយចូវ ភាគខាងលិចឆៀងខាងត្បូងប្រទេសចិន ។ នាងត្រូវឪពុក-ម្តាយយកទៅដាក់ក្នុងមជ្ឈមណ្ឌលសង្គ្រោះកុមារ តាំងពីអាយុ២ឆ្នាំ និងមិនបានទៅទទួលយកវិញទេ រហូតធ្វើឱ្យមជ្ឈមណ្ឌលទទួលចិញ្ចឹមប្រកាសរកបងប្អូនញាតិមិត្តតាមកាសែតដើម្បីឱ្យមកទទួលយកនាងទៅវិញ ។ លុះរយៈពេល៦ខែ ក្រោយមកលោកលូម៉ីងយីង ត្រូវជាជីតា បានទៅទទួលយកនាងចិញ្ចឹមរហូតដល់ពេលបច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក៏ដោយ ក្មេងស្រីនោះត្រូវប្រឈមមុខនឹងការរើសអើង និងស្អប់ខ្ពើមទាក់ទងនឹងភាពខុសប្រក្រតីលើរាងកាយ ដោយគ្មានមិត្តភក្តិណាម្នាក់សេពគប់នាងឡើយ ។ បច្ចុប្បន្ននៅមិនអាចបញ្ជាក់បានថាតើនាងមានជំងឺអ្វីទេ ? ប៉ុន្តែអាការរបស់នាងស្រដៀងនឹងអ្នកកើតជំងឺមនុស្សចចក (Hypertrichosis Universalis) ដែលមានរោមដុះច្រើន និងវែងលឿនជាងប្រក្រតី និងមានឱកាសកើតឡើងត្រឹមតែ១ក្នុងចំណោម១ពាន់លាននាក់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ