រាជធានីភ្នំពេញ ៖ មានហេតុការណ៍ប្រទូស្តរ៉ាយគ្នាមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាទូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី៥ មិថុនា បណ្តាលមកពីបុរសម្នាក់ឃើញអតីតប្រពន្ធបណ្តើរប្រុសថ្មីក៏ផ្ទុះហិង្សាកើតឡើងលើប្រុសថ្មីរូបនោះ ។
ក្រោយពីឃើញហេតុការណ៍ប្រទូស្តរ៉ាយគ្នានេះ មន្ត្រីសាលាខណ្ឌមានជ័យ១រូបដែលជិះម៉ូតូឆ្ពោះទៅលំនៅឋានក៏បានឈប់ណែនាំឱ្យគូទំនាស់ទៅដោះស្រាយគ្នានៅសាលាសង្កាត់ចាក់អង្រែលើ ។ ប៉ុន្តែខណៈពេលទៅដល់សាលាសង្កាត់ ភាគីខាងស្រីនិយាយថា នាងបានផ្តិតមេដៃលែងលះគ្នានៅសង្កាត់ចាក់អង្រែក្រោមស្រេចបាច់អស់ហើយ ដូច្នេះចង់នាងយកបុរសណាធ្វើប្តីបន្តក៏អត់ពាក់ព័ន្ធនឹងអតីតប្តីដែរ ។ ផ្តើមចេញពីការបង្ហើបព័ត៌មានបែបនេះ មន្ត្រីសាលាសង្កាត់ចាក់អង្រែលើក៏បានណែនាំឱ្យគូទំនាស់ប្តីប្រពន្ធខាងលើទៅដោះស្រាយគ្នានៅសង្កាត់ចាក់អង្រែក្រោមវិញចុះ ។
ដោយសារតែមានការរុញចុះរុញឡើង ហើយម៉្យាងទៀតដោយសារយប់ផង ភាគីទាំង២ក៏បានបែកផ្លូវគ្នា ដោយអតីតប្រពន្ធទៅជាមួយប្រុសថ្មី ឯប្តីដែលមិនទាន់អស់ចិត្តពីប្រពន្ធក៏ជិះម៉ូតូចេញពីសាលាសង្កាត់តែម្នាក់ឯងយ៉ាងកម្សត់ ។ ចំពោះករណីខាងលើនេះ ភាគីខាងបុរសនិយាយថា ខ្លួនមិនទាន់បានផ្តិតមេដៃលែងលះគ្នាជាមួយប្រពន្ធនៅឡើយទេ ហើយដែលខ្លួនគេតាមរកប្រពន្ធទាន់កំពុងបណ្តើរប្រុសថ្មីនោះ គឺចង់ឱ្យច្បាប់ជួយដោះស្រាយដល់រូបគេអំពីបញ្ហាសហាយស្មន់នេះ ។
ដោយសាររក្សាកិត្តិយសជូនភាគីទាំងសងខាងក្នុងរឿងខាងលើ កោះសន្តិភាពសុំមិនផ្តល់អត្តសញ្ញាណតាមទំព័រកាសែតឡើយ ។ អ្នកច្បាប់និយាយថា ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បានបញ្ជាក់ច្បាស់ថា ការលែងលះប្តីប្រពន្ធ មានតែតុលាការទេដែលមានសិទ្ធិសម្រេច ឯអាជ្ញាធរមូលដ្ឋានគ្រាន់តែជាសាក្សីដឹងឮប៉ុណ្ណោះ មិនមានសិទ្ធិបែងចែកទ្រព្យសម្បត្តិ ឬកូន ឬអាហារកិច្ចចិញ្ចឹមកូនឡើយ ។ ទោះបីជាបែបណា អាជ្ញាធរអាចបញ្ជាក់លិខិតដែលប្តីប្រពន្ធបានព្រមព្រៀងគ្នាលែងលះជាប្រយោជន៍ផ្តល់ដល់តុលាការតាមសំណូមពររបស់គូភាគី ៕
ចែករំលែកព័តមាននេះ