រាជធានីភ្នំពេញ ៖ ដោយអនុវត្ដតាមផែនការណែនាំពីក្រសួងសុខាភិបាល និងការណែនាំរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានធ្វើការដុតកំទេចឱសថហួសកាលប្រើប្រាស់និងគ្មានបិទលតាប័ត្រដែលប្រមូលបានពីឱសថស្ថានឱសថស្ថានរងក្នុងរាជធានីភ្នំពេញ ។ ពិធីដុតកំទេចឱសថនេះធ្វើឡើងក្នុងបរិវេណទីលានសំណល់វេជ្ជសាស្ដ្រ (តំបន់ ទីលានចាក់សំរាមថ្មីខណ្ឌដង្កោ) នាព្រឹកថ្ងៃទី ១៩ កុម្ភៈ ២០១០ ក្រោមអធិបតីភាពនៃលោកវេជ្ជបណ្ឌិតទេព លន់ អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ដ្រីពាក់ព័ន្ធក្រោមឱវាទជាច្រើនរូបទៀត។ឱសថដែលត្រូវដុតកំទេចចោលនោះរួមមានឱសថប្រភេទសំរាប់លេបចំនួន៧០.៣៣៣គ្រាប់ប្រភេទលាយទឹកផឹកមាន១.៦៩៨កញ្ចប់អំពូលចាក់១.១៤៩អំពូលឱសថសំរាប់លាប២៤៤ទីបឱសថដាក់ទឹកពុះ៦០គ្រាប់សេរ៉ូមផឹក២៤១ដបម្សៅលាយទឹកសំរាប់ចាក់៩៨ដប ។ ឱសថសុលសំរាប់ក្មេងមាន៥៧គ្រាប់ឱសថបន្ដក់ភ្នែក៥៣ដបសេរ៉ូម២០ដប ឱសថ Spray មាន៣ទីបម្សៅដបលាយទឹកផឹក៨ដបឱសថបៀម២១ គ្រាប់អំពូលកាច់ផឹក១១៣អំពូលនិង ស្រោមអនាម័យប្រមូលពីកន្លែងលក់តាមចិញ្ចើមផ្លូវជុំវិញផ្សារអូរឫស្សីចំនួន៧០០ ស្រោមដែលសរុបទាំងអស់គិតជាទឹកប្រាក់ប្រមាណ២៦.៤២៥.៧១០រៀល ។
លោកវេជ្ជបណ្ឌ្ឌិតសុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយអនុវត្ដតាមផែនការណែនាំពីក្រសួងសុខាភិបាលនិងការណែនាំរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញមន្ទីររបស់លោកបានខិតខំធ្វើការចុះពិនិត្យតាមដានស្រាវជ្រាវឈានទៅដល់ការរឹបអូសឱសថខាងលើនេះដើម្បីធ្វើការដុតកំទេចចោល។លោកបានបញ្ជាក់ថាមន្ទីរនឹងព្យាយាមបន្ដទៅទៀតដើម្បីលុបបំបាត់ឱ្យបាននូវរាល់ឱសថដែលហួសកាលកំណត់ប្រើប្រាស់និងគ្មានបិទលតាប័ត្រតាមទិសដៅរបស់ក្រសួងក៏ដូចជាសាលារាជធានីភ្នំពេញខាងមុខនេះ ។នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិតទេព លន់ អគ្គនាយកបច្ចេកទេសសុខាភិបាលនៃ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរងទាំងអស់ឱ្យ បញ្ឈប់ការដាក់លក់ឱសថហួសកាលប្រើប្រាស់ និងគ្មានបិទលតាប័ត្រ និងឱសថក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ចាប់ពីពេលនេះតទៅ ក្រសួងនឹង មិនមានការអត់អោនឱ្យបានទៀតឡើយ និងបន្ដការរឹតបន្ដឹងឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។គួរបញ្ជាក់ថា ឱសថដែលត្រូវដុតបំផ្លាញចោលនោះប្រមូលបានពីឱសថស្ថាន-ឱសថស្ថានរងក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលពីរឆ្នាំគឺឆ្នាំ២០០៨និងឆ្នាំ២០០៩។
ចែករំលែកព័តមាននេះ