ខេត្តកំពង់ចាម ៖ គ្រូទាយពីរនាក់ធ្វើរោងស្នាក់នៅក្បែរគ្នាក្នុងតំបន់រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ បានឈ្លោះប្រកែកគ្នាបែកផ្សែងស្ទើររាល់ថ្ងៃ ក៏បានឈានដល់បញ្ចេញកំហឹងដោយគ្រូទាយម្នាក់ឈ្មោះស៊ាង សុង អាយុ៥១ឆ្នាំ បានយកកាំភ្លើងអាកាស្វាយបត់មកបាញ់ប្រហារលើគូជម្លោះត្រូវខ្នង២គ្រាប់ ធ្លាយមកដើមទ្រូងបណ្តាលឱ្យស្លាប់ ។
ការបាញ់ប្រហារនោះគ្រាប់កាំភ្លើងបានផ្លាតទៅចំប្រជាពលរដ្ឋម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី ២៥ ឧសភា ជនបង្កបានស្ពាយកាំភ្លើងរត់គេចបាត់ ។
តាមលោកតាឈ្មោះរស់ ហិន អាយុ៧៦ឆ្នាំ រស់នៅភូមិវា៉រិនទី៣ ឃុំខ្ចៅ ស្រុកកងមាស មានឱ្យដឹងថា បុរសចំណាស់ស្លៀកពាក់សដូចតាជីដែលរងការបាញ់ប្រហារស្លាប់នោះឈ្មោះ យឹម អូន អាយុ៥៣ឆ្នាំ រស់នៅភូមិវ៉ាន់រិនទី១ ឃុំខ្ចៅ ស្រុកកងមាស និងអ្នករងរបួសធ្ងន់ម្នាក់ទៀតឈ្មោះប៊ីរ៉ាផុន ហៅហង្ស ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ត្រូវជើងខាងឆ្វេងនិងដៃខាងស្តាំ ។ លោកតាបន្តថា រូបគាត់បានចេញដំណើរពីផ្ទះយកផ្លែដូងចំនួន៥ផ្លែមកឱ្យគ្រូទាយដែលស្លាប់នោះ ដើម្បីរៀបចំបាយសីដាក់នៅក្នុងសាលាសំណាក់ធម៌ ស្ថិតនៅជើងភ្នំស្រី ក្នុងគោលបំណងសុំសេចក្តីសុខ ដល់គ្រួសារតាមប្រពៃណីខ្មែរ ។ អ្នកដែលស្លាប់បានចាកចេញ ពីភូមិកំណើតមកតាំងធម៌ ដោយស្លៀកពាក់ដូចតាជីនៅជើងភ្នំស្រីក្បែររមណីយដ្ឋានភ្នំជើងព្រៃ បានរយៈពេល៦ខែ ដោយបានកសាងសាលាសំណាក់ធម៌១ល្វែង និងរូបសំណាកនាគ១គូផងដែរ ។
ជាក់ស្តែងនៅថ្ងៃកើតហេតុ លោកតានិងចាស់ទុំមានប្រុស-ស្រីជិត១០នាក់ បាននាំគ្នាអង្គុយលេងនៅក្នុងសាលាសំណាក់ធម៌នោះ រួមទាំងអ្នករងគ្រោះផងដែរ ។ ស្របពេលដែលកំពុងអង្គុយលេងនោះ នៅវេលាម៉ោងជិត៨យប់ស្រាប់តែត្រូវជនម្នាក់ជាគូជម្លោះបានយកកាំភ្លើងមកបាញ់ប្រហារពីក្រោយខ្នងចម្ងាយប្រហែល១ម៉ែត្រតាមប្រឡោះជញ្ជាំងប្ញស្សីចំនួន២គ្រាប់ ត្រូវខ្នងបុរសរងគ្រោះបណ្តាលឱ្យដួលមកលើកំរាលឥដ្ឋ ហើយគ្រាប់កាំភ្លើងបានផ្លាតទៅត្រូវអ្នកកំពុងតែអង្គុយលេងនៅលើជើងម៉ាជ័រឈ្មោះ ប៊ីរ៉ាផុន ហៅហង្ស បណ្តាលឱ្យរងរបួសធ្ងន់ ។ ភ្លាមនោះកូនៗនិងប្រពន្ធបានប្រញាប់ប្រញាល់ដឹកបុរសរងគ្រោះឈ្មោះអូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងពេកក៏បានស្លាប់តាមផ្លូវ ហើយត្រូវក្រុមសាច់ញាតិដឹកយកទៅស្រុកកំណើតនៅស្រុកកងមាសទាំងយប់ ។
លោកយាយឈ្មោះគង់ យុំ អាយុ៦២ឆ្នាំ និងប្តីឈ្មោះហួត យ៉ន អាយុ៦១ឆ្នាំ មកស្នាក់នៅរៀនធម៌ ដែលមានតូបនៅចម្ងាយប្រហែលជាង១០ម៉ែត្រពីតូបស្នាក់នៅរបស់ជនសង្ស័យឈ្មោះ ស៊ាង សុង ឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកថ្ងៃទី ២៥ ឧសភា មន្រ្តីនគរបាលប៉ុស្តិ៍គោករវៀង ឈ្មោះសុផល ដែលជាអ្នកយាមប្រចាំការនៅក្នុងរមណីយដ្ឋានភ្នំជើងព្រៃមានធុរៈ ហើយបានយកកាំភ្លើងអាកាស្វ័យបត់១ដើមមកផ្ញើនៅតូបសំណាក់ធម៌របស់គាត់(គង់ យុំ) រួចធ្វើដំណើរទៅផ្ទះដើម្បីរៀបចំមង្គលការកូននៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៦ ឧសភា ។ ប្រភពបន្តថា នៅយប់ថ្ងៃកើតហេតុពេលរូបគាត់ និងប្តីកំពុងស្វាធ្យាយធម៌ មិនបានចាប់អារម្មណ៍អ្វីនោះទេ ពេលចប់កិច្ចស្វាធ្យាយប្តីគាត់បានដើរទៅបន្ទប់ដើម្បីសម្រាកនៅម៉ោងប្រមាណជា៨យប់។ ពេលមកដល់ក្នុងតូបស្ទាបនៅកន្លែងទុកកាំភ្លើងបែរជាមិនឃើញក៏បានទូរស័ព្ទទៅសួរនាំមន្រ្តីនគរបាលរូបនោះ ក្រែងមកយកកាំភ្លើងតែត្រូវម្ចាស់កាំភ្លើងបានឆ្លើយបដិសេធថាមិនបានមកយកទេ គាត់ក៏ប្រញាប់ចេញទៅសួរអ្នកស្នាក់នៅរៀនធម៌ក្បែរគ្នា តែមិនមាននរណាម្នាក់បានឃើញឡើយហើយបានឮសំឡេងអាមេ៉កាំភ្លើងនៅលើតូបរបស់ឈ្មោះស៊ាង សុង ដែលមានស្រុកកំណើត នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ។ បន្តិចក្រោយមកឮសំឡេងគ្រាប់កាំភ្លើងចំនួន២គ្រាប់បានផ្ទុះឡើងតែម្តង ធ្វើឲ្យប្តីរបស់គាត់មានការភិតភ័យក៏រត់ទៅឡើងលើរោងសំណាក់ធម៌របស់អ្នកស្គាល់គ្នារួចសំងំ ។
ជារឿយៗគ្រូទាយ២នាក់ខាងលើតែងតែឈ្លោះប្រកែកគ្នាដោយជនសង្ស័យឈ្មោះសុងដែលបានរត់គេចខ្លួននោះតាមការសង្កេតឃើញមានកាន់ពូថៅនៅក្នុងដៃទៀតផង ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ឧសភា គ្រូទាយ២នាក់ដែលមានរោងសំណាក់ធម៌នៅក្បែរគ្នាបានឈ្លោះប្រកែកគ្នាទៅវិញទៅមករហូតដល់ពេលយប់ក៏មានហេតុការណ៍បាញ់ប្រហារកើតឡើង ។
តាមមន្ត្រីនគរបាលស្រុកជើងព្រៃ បានបញ្ជាក់ថា មូលហេតុដែលមានការបាញ់ប្រហារខាងលើនេះបណ្តាលមកពីជម្លោះដីធ្លី ស្ថិតនៅក្បែរគ្នា ទើបឈានដល់អំពើបាញ់ប្រហារសម្លាប់គ្នា ឯគ្រូទាយដែលក្លាយជាឃាតករត្រូវសមត្ថកិច្ចតាមប្រមាញ់ហើយ ។ ទោះជាយ៉ាងណារហូតមកដល់ព្រឹកថ្ងៃទី២៧ ឧសភា នេះជនដៃដល់នៅមិនទាន់ត្រូវចាប់ខ្លួនបាននូវឡើយទេ ៕
ចែករំលែកព័តមាននេះ