រាជធានីភ្នំពេញ ៖ ដោយសារតែខឹងប្តីស្តី បន្ទោស ស្ត្រីម្នាក់ដែលកំពុងពពោះ៤ខែបានលេបថ្នាំជាតិដែកអស់១០គ្រាប់ប៉ុនប៉ងធ្វើអត្តឃាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ឧសភា នៅបន្ទប់ផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលលេបថ្នាំប៉ងធ្វើអត្តឃាតនេះឈ្មោះ ឃិន ស៊ីណូយ អាយុ២៤ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិខាងលើ ។ ប្រភពព័ត៌មានពីបុរសជាប្តីបានបង្ហើបឱ្យដឹងថា កាលពីពេលថ្ងៃគាត់បានស្តីបន្ទោសប្រពន្ធ តែមិនបញ្ជាក់ថារឿងអ្វីទេ បណ្តាលឱ្យប្រពន្ធខឹង លុះដល់យប់ឡើង ស្រាប់តែចូលទៅសំងំក្នុងបន្ទប់លេបថ្នាំជាតិដែកអស់១០គ្រាប់ដោយមិនមាននរណាម្នាក់ដឹងទេ ។ បុរសជាប្តីឱ្យដឹងទៀតថា បានជាមានថ្នាំជាតិដែកនៅនឹងផ្ទះ ដោយសារប្រពន្ធមានផ្ទៃពោះ៤ខែហើយ ហើយបានទៅពិនិត្យផ្ទៃពោះជារៀងរាល់ខែ គ្រូពេទ្យឱ្យថ្នាំជាតិដែកយកមកទុកលេបជាប្រចាំថ្ងៃ ។
ពេលដែលប្រពន្ធលេបថ្នាំអស់ចំនួន១០គ្រាប់ហើយសំងំដេករហូតថ្នាំប្រតិកម្មធ្វើទុក្ខនាងមិនបានដាស់ខ្លួនជាប្តីទេ ដោយសារតែខឹងក៏សុខចិត្តដើរទាំងត្រដាបត្រដួសទៅគោះទ្វារបន្ទប់អ្នកជិតខាងឱ្យជួយ ដោយប្រាប់ថា នាងលេបថ្នាំជាតិដែកអស់១០គ្រាប់ រួចហើយក៏ក្អួតចង្អោរនៅមុខបន្ទប់នោះ ។
ពេលដឹងរឿងហើយ អ្នកស្នាក់នៅបន្ទប់ជិតគ្នានោះបានដាស់ខ្លួនជាប្តីឱ្យហៅរ៉ឺម៉កម៉ូតូដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ លុះមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានលាងក្រពះបានធូរស្រាល ហើយបុរសជាប្តីក៏បានដឹកប្រពន្ធត្រឡប់ទៅកន្លែងស្នាក់នៅវិញ៕
ចែករំលែកព័តមាននេះ