រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ មេសា នៅតាមបណ្តោយវិថីព្រះមុនីរ៉េតខាងលិចរបងវត្ដនន្ទមុនី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសាំងយ៉ុង បុកម៉ូតូដឹកធុងហ្គាសបណ្ដាលឱ្យរងរបួសធ្ងន់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្ដសាំងយ៉ុង ពណ៌ទឹកប៊ិចជិះម្នាក់ឯង តាមបណ្តោយវិថីព្រះមុនីរ៉េត ពីកើតទៅលិច ចំណែកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ដឹកធុងហ្គាសបើកពីលិចទៅកើតក្នុងទិសដៅបញ្ច្រាសគ្នា ។ លុះមកដល់ចំណុចខាងលើរថយន្ដសាំងយ៉ុងបត់ស្ដាំតាមផ្លូវបេតុង ក៏ជ្រុលទៅបុកម៉ូតូដឹកធុងហ្គាសហើយកិនពីលើម៉ូតូខ្ទេច តែសំណាងល្អអ្នកបើកបរខ្ទាតចេញក្រៅ៧ម៉ែត្រ ទើបមិនត្រូវរថយន្តកិន។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវយកទៅព្យាបាលនៅគ្លីនិកឯកជនជិតកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង៕
ចែករំលែកព័តមាននេះ