សារព័ត៌មានដឹសាន់ ផ្សាយឱ្យដឹងថា ក្មេងស្រីអាយុ១០ឆ្នាំ ជនជាតិកូឡុំប៊ីម្នាក់ កាលពីល្ងាចថ្ងៃទី៥ មេសា កន្លងមក បានក្លាយជាម្តាយមានអាយុតិចបំផុតនៅលើពិភពលោក ក្រោយពីនាងសម្រាលបានកូនស្រីម្នាក់មានសុខភាពមាំមួន។
សារព័ត៌មានក្នុងស្រុកបញ្ជាក់ថា ក្មេងស្រីរូបនេះជាជនអំបូរ«វ៉ាហ៊ូ» អ្នកស្រុកក្នុងទីក្រុងម៉ានួរ៉េ នៅបរិវេណដៃសមុទ្រ«ឡា ក្វាហីុរ៉ា»ភាគខាងជើងប្រទេសកូឡុំប៊ី សម្រាលកូនដោយវិធីវះកាត់នៅឯមន្ទីរពេទ្យមួយក្រោយពីមានគភ៌រយៈពេល៣៩សប្តាហ៍ និងមានការបង្ហើបឱ្យដឹងថា ក្នុងពេលកំពុងមានផ្ទៃពោះនាងមិនធ្លាប់ទៅ
ពិគ្រោះជាមួយគ្រូពេទ្យទេ។
របាយការណ៍បានបញ្ជាក់ថា នាងមានធ្លាក់ឈាម និងយំដោយសារការឈឺចាប់ទើបត្រូវបាននាំទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យសម្រេចធ្វើការវះកាត់ ព្រោះនាងមានអាយុតិច។ ក្រោយពីសម្រាលទាំងម្តាយនិងកូនមានសុវត្ថិភាពដោយទារិកាមានទម្ងន់២,២៦គីឡូក្រាម ស្របពេលជាមួយគ្នានេះ ក៏មានការបញ្ជាក់ថាដោយសារម្តាយនៅក្មេងទើបបដិសេធមិនព្រមបំបៅដោះដល់កូន។ ករណីនេះធ្វើឱ្យមានការរិះគន់ពីប្រធានមន្ទីរពេទ្យខាងលើថា «មានការសម្រាលកូនចំពោះក្មេងស្រីអំបូរវ៉ាហ៊ូ ជាច្រើននាក់មកហើយប៉ុន្តែសម្រាប់ក្មេងស្រីអាយុត្រឹមប៉ុណ្ណេះ គឺជារឿងគួរឱ្យតក់ស្លុតបំផុត»។
ទោះបីជាប៉ូលិសកូឡុំប៊ី នឹងដំណើរការសើុបអង្កេតលើឪពុករបស់ក្មេងក្នុងបទចោទប្រកាន់ថាមានសិចជាមួយក្មេងស្រីមិនគ្រប់អាយុ ប៉ុន្តែតាមច្បាប់ក្នុងប្រទេសយល់់ព្រមឱ្យជនអំបូរវ៉ាហ៊ូ មានអធិបតេយ្យភាព និងមានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ឬសិទ្ធិគ្រប់គ្រងស្វយ័ត។
ក្មេងស្រីជាម្តាយទារិកាម្នាក់នេះមិនមែនជាក្មេងស្រីដំបូងដែលផ្តល់កំណើតទារកទេ កាលពីចុងឆ្នាំមុនក្មេងស្រីម៉ិកស៊ិក អាយុ១០ឆ្នាំម្នាក់ ក៏ផ្តល់កំណើតទារកដូចគ្នា ហើយកាលពីខែសីហា ឆ្នាំ២០១០ ក្មេងស្រីម៉ិចស៊ិក អាយុ១១ឆ្នាំម្នាក់ក៏ផ្តល់កំណើតកូនប្រុសដែរ ក្រោយពីការិយាល័យយុត្តិធម៌ក្នុងតំបន់បដិសេធការសុំរំលូត ៕
ចែករំលែកព័តមាននេះ