រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលឆោឡោមួយធ្វើឱ្យមហាជនចោមរោមមើលអ៊ូអរ ដោយសារតែសមត្ថកិច្ចមានគ្នាច្រើននាក់បានធ្វើការឡោមព័ទ្ធរថយន្ដវីហ្គោពណ៌ទឹកប្រាក់១គ្រឿង បើកបរដោយបុរសម្នាក់ឡើងលើស្ពានអាកាស៧មករា បញ្ច្រាសទិស ហើយចំពេលដែលក្បួនប្រតិភូកំពុងតែធ្វើដំណើរថែមទៀត ធ្វើឱ្យសមត្ថកិច្ចម្នាក់ៗភ្នែកនៅកញ្ចឹង.ក ព្រោះតែខ្លាចរថយន្ដនេះទៅបុកជាមួយរថយន្ដក្បួនប្រតិភូនោះ។
ទោះជាយ៉ាងណាអ្នកបើកបររថយន្ដនិងក្រុមគ្រួសារបាននិយាយទៅសមត្ថកិច្ចថា ខ្លួនមកពីស្រែមិនសូវស្គាល់ផ្លូវច្បាស់លាស់នោះទេ គឺចេះតែបើកបររថយន្ដបែបនេះទៅ។ មិនបង្អង់យូរសមត្ថកិច្ចក៏បានឃាត់រថយន្ដនេះ ហើយយករថយន្ដមកស្ទូចបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំេពញ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២ មេសា ២០១២ នៅចំណុចគល់ស្ពានអាកាស៧មករា ប៉ែកខាងលិចក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសអ្នកបើកបររថយន្ដបំពានខាងលើមានឈ្មោះឈិន ឡូ អាយុ៤៣ឆ្នាំជាអាជីវករនៅផ្សារព្រៃវែងនិងរស់នៅស្រុកពាមជ័រ ខេត្ដព្រៃវែង ក្នុងសម្លៀកបំពាក់ខោប៉ារ៉ា អាវស៊ីវិលបានប្រាប់សមត្ថកិច្ចថា ខ្លួនមកភ្នំពេញជួបបងប្អូន ហើយមិនសូវស្គាល់ផ្លូវនៅក្នុងទីក្រុងភ្នំពេញទេ គឺចេះតែបើកបររថយន្ដតាមផ្លូវ ហើយបានបើកឆ្លងស្ពាន៧មករាដោយមិនដឹងបញ្ច្រាសទិសនិងមិនដឹងមានក្បួនប្រតិភូឆ្លងកាត់នោះឡើយ។
ទោះជាបែបណាសមត្ថកិច្ចបានស្ដីបន្ដោសបុរសម្នាក់នេះយ៉ាងចាស់ដៃថា យ៉ាងហោចណាស់ក៏មានសតិសម្បជញ្ជៈដឹងខុសដឹងត្រូវ និងបញ្ច្រាសទិសខ្លះដែរ មនុស្សអស់ធំទៅហើយ មិនមែនកូនក្មេងឯណា?
ចែករំលែកព័តមាននេះ