ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបត​​​ចិន​លោក​ហ៊ូ ជិន​តាវ ​នឹង​អញ្ជើញ​​​​ដ​ល់​ប្រទេស​កម្ពុជា ក្នុង​​​ដំណើរ​​ទស្ស​ន​កិច្ច​ផ្លូវ​រដ្ឋ​​​​រសៀល​នេះ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រធានាធិបតីចិន លោក ​ហ៊ូ ជិនតាវ និង ភរិយា ព្រមទំាងគណៈ​ប្រតិ​ភូជាន់ខ្ពស់អមដំណើរផ្តើមដំណើរ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​នៅវេលា​ថ្ងៃទី៣០ មីនានេះហើយ ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ​កម្ពុជាបានបញ្ជាក់អោយដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី​ចិននៅពេល​នេះធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្តេច​ព្រះបរម​នាថ នរោត្តម សីហ​មុនី ។ អំឡុងពេល​ទស្សន​កិច្ចនេះលោកហ៊ូ ជិនតាវ នឹងចូលក្រាបបង្គំ​គាល់​ព្រះមហាក្សត្រកម្ពុជាជួបជាមួយសម្តេចប្រធាន​ព្រឹទ្ធសភា ជា ស៊ីម សម្តេចប្រធានរដ្ឋសភា ហេង សំរិន និងជួបសម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ។ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវ​រដ្ឋ​នៅកម្ពុជានដែរ លោកប្រធានាធិបតីចិនហ៊ូ ជិន​តាវ និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមជា​អធិបតីក្នុងពិធីចុះហត្ថលេខា​លើឯកសារមួយចំនួន​ ហើយបន្ទាប់មកនឹងមាន​ចេញសេចក្តីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់នៃ​ដំណើរទស្សនកិច្ចនេះ ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស​ដដែលក៏បានបញ្ជាក់អោយដឹងទៀតថា មុននឹង​​បិទបញ្ចប់នូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី២ មេសា ២០១២ខាងមុខនេះ លោកប្រធានា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហ៊ូ ជិន​តាវ និងភរិយា លីង យ៉ុងឈីង នឹងអញ្ជើញទៅ​ទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបផង​ដែរ ។គួរបញ្ជាក់​ដែរ​ថា លោកហ៊ូ ជិនតាវ កើតនៅ​ថ្ងៃទី២១ ធ្នូ ១៩៤២ ក្នុងតំបន់តៃហ្សូ៊នៃខេត្ត​ចាង-ស៊ូ​ និងបានសិក្សានៅថ្នាក់មធ្យមសិក្សានៅ​ក្នុង​ខេត្តនេះ ។ ស្ថិតក្នុងគ្រួសារក្រីក្រដែល​មាន​ឪពុកជាអ្នកចូលរួមធ្វើបដិវត្តន៍ និងម្តាយ​ស្លាប់​តំាងពីអាយុ៧ឆ្នាំ កុមារាហ៊ូ ជិនតាវ ជាមនុស្ស​តស៊ូរៀនពូកែ និងរស់នៅក្រោម​ការ​ទំនុក​បម្រុង​ពីម្តាយមីង ។ក្នុងឆ្នាំ១៩៦៤ លោក ហ៊ូ ជិនតាវ បានបន្តការសិក្សាផ្នែកវិស្វករធារា​សាស្រ្ត​នៅ​សាកល​វិទ្យាល័យស៊ីងហួរ ក្នុងទី​ក្រុង​ប៉េកាំង ។ នៅអំឡុងពេលនោះហើយ ដែល​លោកហ៊ូ ជិន​តាវ បាន​ចូល​ជាសមាជិកបក្ស​កុម្មុយនីស្តចិន ។ ក្រោយមកលោកបានបន្តការ​សិក្សាជំនាញ​ជាន់​ខ្ពស់​បន្ថែមទៀតផ្នែករដ្ឋបាលសេដ្ឋកិច្ច និង​យោធា ។ នៅឆ្នាំ១៩៦៥ លោក ហ៊ូ ជិនតាវ បាន​រៀបអាពាហ៍ពិពាហ៍ជាមួយលីវ យ៉ុងឈីង និងមានកូន២នាក់ប្រុស១ស្រី១។ ក្នុងឆ្នាំ២០០២ លោកហ៊ូ ជិនតាវ ត្រូវបានជ្រើស​តាំងជាអគ្គលេខាធិការ​បក្ស​កុម្មុយ​នីស្តចិន និងក្លាយជា​ប្រធានាធិបតីចិននៅឆ្នាំ២០០៣ ។

ជា​មនុស្ស​សំខាន់ទី៩ នៅក្នុងអគ្គលខាធិការនៃ​គណៈ​​កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកហ៊ូ ជិនតាវ ត្រូវ​បាន​ប្រជាជនចិនចាត់ទុក​ជា​មនុស្ស​កំណែទម្រង់រដ្ឋ និងមានប្រជា​ប្រិយ​បំផុត  ៕