រាជធានីភ្នំពេញ ៖ កម្មការិនីកាត់ដេរម្នាក់របួសបែកក្បាល ខណៈចេញពីធ្វើការដើរឆ្លងផ្លូវដល់ពាក់កណ្ដាលផ្លូវត្រូវម៉ូតូមួយគ្រឿងជិះគ្នា២នាក់បើកទៅកៀរបណ្ដាលឱ្យដួលបោកក្បាលនៅនឹងថ្នល់ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៩ មីនា នៅមុខរោងចក្រកាត់ដេរ អេគ្រីន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នារីរងគ្រោះឈ្មោះដន ភាត់ អាយុ១៩ឆ្នាំ ជាកម្មការិនីកាត់ដេរនៅរោងចក្រអេគ្រីន ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិថ្លុកស្មាច់ ឃុំគថ្លុកលើ ស្រុកជីក្រែង ខេត្ដសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោងខាងលើនាងដើរចេញពីធ្វើការឆ្លងផ្លូវ លុះដល់ពាក់កណ្ដាលផ្លូវមានម៉ូតូឆ្លងកាត់ច្រើនពេកនាងឈប់បន្តិចរួចដើរទៅមុខទៀត ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះគ្នា២នាក់ បើកកៀរបណ្ដាលឱ្យដួលបែកក្បាល ។ ម៉ូតូបង្កបម្រុងបើកគេច តែពេលនោះកម្មការិនីចេញពីធ្វើការច្រើននាក់ធ្វើឱ្យស្ទះចរាចរណ៍មិនអាចបើកលឿនបានក៏ត្រូវគេឃាត់ម៉ូតូនោះ ជាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូបង្កត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ