ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋបាលព្រៃឈើបានរុករក និងប្រទះឃើញឈើហុបលេខមួយខុសច្បាប់មានចំនួនរាប់សិបដើមជិតមួយរយម៉ែត្រគូប ដែលគេលួចកាប់ផ្តួលនៅក្នុងព្រៃបរិវេណក្រុមហ៊ុនវិនិយោគមួយ ។ ឈើហុបលេខ១ដ៏មហាសាលនេះត្រូវបានចាប់រឹបអូសទាំងស្រុង ។ ឈើមូលទាំងនេះ ស្ថិតក្នុងព្រៃពាក់កណ្តាលស្រោង និងមិនមានការអនុញ្ញាតឱ្យធ្វើការឈូសឆាយនៅឡើយទេ ។ ទង្វើបែបនេះចាត់ទុកថា ជាឧក្រិដ្ឋកម្មព្រៃឈើហើយ ។
ការស្វែងរុករកឃើញឈើមូលដែលបានកាប់បំផ្លាញចោលយ៉ាងអនាធិបតេយ្យនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី១៤ ដល់១៥ មីនា កន្លងមក ។ ឈើហុបមូលរាប់សិបដើមដែលត្រូវកាប់ផ្តួលរំលំពាសពេញព្រៃនេះ គឺសុទ្ធសឹងជាឈើប្រភេទលេខ១មានឈើប្រភេទស្រឡៅ ផ្តៀក និងពពេល ដែលគេប៉ាន់ស្មានថាមានចំនួនជិត១០០ម៉ែត្រគូប នៅក្នុងបរិវេណក្រុមហ៊ុនវិនិយោគដីសម្បទានឈ្មោះអ៊ីសស្ទីនរាប់ប័រ ស្ថិតនៅតំបន់អូរប៉ោដើមចេកចំណុចវាលខ្ពស់ក្នុងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ។
ក្រោយពីការប្រទះឃើញឈើហុបមូលដែលកាប់ដួលរដូករណែលពេញព្រៃរួចមក មន្ត្រីរដ្ឋបាលព្រៃឈើបានមានវិធានការនាំយកឈើហុបមូលទាំងនោះមករក្សាទុកនៅក្នុងបរិវេណក្រុមហ៊ុនបណ្តោះអាសន្នដើម្បីចាត់វិធានការបន្ត ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ឈើទាំងនោះ គឺមានការលួចកាប់របស់ជនទុច្ចរិតមួយក្រុម និងធ្វើការដឹកចេញដោយប្រើប្រាស់រថយន្តច្នៃធុនបង្កងដោយមានខ្លះត្រូវបានអារច្រៀក ឬអារជាក្តាររួចជាស្រេចនៅនឹងកន្លែង និងខ្លះទៀតត្រូវបានសង្ស័យដឹកចេញបន្តក្នុងរូបភាពឈើស្របច្បាប់របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទុច្ចរិតណាមួយនៅក្បែរ ។
មន្ត្រីរដ្ឋបាលព្រៃឈើមិនទាន់បានកំណត់ពីអត្តសញ្ញាណជនណាម្នាក់ជាអ្នកប្រព្រឹត្តសកម្មភាពកាប់ឈើយ៉ាងអនាធិបតេយ្យនោះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ឈើដែលបានកាប់ផ្តួល គឺស្ថិតនៅក្នុងព្រៃពាក់កណ្តាលស្រោងក្នុងតំបន់ទី២ ហើយតំបន់ទាំងនេះ គឺមន្ត្រីជំនាញនៅមិនទាន់ធ្វើសារពើភ័ណ្ឌលើការអនុញ្ញាតឱ្យឈូសឆាយនៅឡើយដែរ ។
តែទោះជាយ៉ាងណាគេដឹងថា ជនដែលប្រព្រឹត្តនូវសកម្មភាពលួចកាប់ឈើហុបមូលធំៗរាប់សិបដើមនេះ គឺសមត្ថកិច្ចពិតជាស្គាល់ ខណៈពេលទីតាំងនៃការចូលកាប់នេះស្ថិតក្នុងបរិវេណរបស់ក្រុមហ៊ុន ដោយមានសន្តិសុខប្រដាប់ដោយអាវុធមកយាមដាក់បារ៉ាស់យ៉ាងតឹងរ៉ឹង
បំផុតផងនោះ ។
បញ្ហាឧក្រិដ្ឋកម្មព្រៃឈើនេះមិនគួរមានការឃុបឃិតគ្នាបន្តបំផ្លាញធនធានធម្មជាតិយ៉ាងនេះតទៅទៀតទេ ទោះបីបញ្ហាលុយដាក់ហោប៉ាវរបស់ខ្លួនសំខាន់ក្តី ព្រោះជាការធ្វើឱ្យអនាគតកូនចៅជំនាន់ក្រោយនឹងប្រឈមការលំបាកវេទនាដោយសារតែការបំផ្លាញរបស់ខ្លួនដោយខ្វះវិចារណញ្ញាណ ។
ក្រុមអ្នកអង្កេតការណ៍យល់ឃើញថា បើរកមុខក្រុមឈ្មួញទុច្ចរិតកាប់ឈើហុបបែបនេះមិនឃើញទេ ចាត់ទុកថាមន្ត្រីទីនោះអន់ណាស់ ៕
ចែករំលែកព័តមាននេះ