ខេត្តកំពត ៖ រថយន្តម៉ាក BMW ពណ៌ខ្មៅ មួយគ្រឿង បើកបរដោយជនជាតិកាណាដាម្នាក់ និងអ្នករួមដំណើរម្នាក់ជាជនជាតិអង់គ្លេស បានរេចង្កូតហោះឡើងកម្ពស់ពីរម៉ែត្រទៅធ្លាក់ក្នុងស្នាមភ្លោះក្រឡាប់ផ្ងារជើងខូចរថយន្តខ្ទេចតែម្តង ។ ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីល្ងាចថ្ងៃទី៧ មីនា ២០១២ មុខប៉ុស្តិ៍នគរបាលចរាចរលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ។
លោកអនុសេនីយ៍ឯក អ៊ុច សុវណ្ណ នាយផ្នែកនគរបាលចរាចរខេត្តបានឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងបើកបរតាមបណ្តោយផ្លូវជាតិ៣ ពីជើងទៅត្បូង លុះមកដល់មុខប៉ុស្តិ៍នគរបាលចរាចរខេត្ត ក៏ស្រាប់តែរេចង្កូតហោះឡើងកម្ពស់២ម៉ែត្រ រួចធ្លាក់ចូលស្នាមភ្លោះផ្លូវក្រឡាប់ផ្ងារចង្គ្រាងតែម្តង ។ លោកបន្តថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបង្កឡើងដោយការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយរួមផ្សំទាំងអ្នកបើកបរពិសាគ្រឿងស្រវឹងផងដែរ ។ ក្រោយពីកើតហេតុបានមួយសន្ទុះ ទើបឃើញជនបរទេសពីរនាក់លូនចេញពីក្នុងរថយន្តរងរបួសឈាមហូរកក្លាក់ជោកក្បាល និងដងខ្លួន ហើយត្រូវបានកម្លាំងនគរបាលចរាចរដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ ។
លោកអ៊ុច សុវណ្ណ បន្តទៀតថា អ្នកបើកបរឈ្មោះថេត ស្តូន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាណាដា រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងក្បាល ។ រីឯអ្នករួមដំណើរជាជនជាតិអង់គ្លេសឈ្មោះក្លេក៍ បូឡេក៍ ភេទប្រុស អាយុ៤០ឆ្នាំ បានរងរបួសរយះដៃស្តាំ និងបែកក្បាលដែរ ៕
ចែករំលែកព័តមាននេះ