ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ដ៏​មហា​រន្ធត់ រថយន្ត​ដឹក​ដែក​បុក​ទួ​រី​ស​ដឹក​អ្នក​ទៅ​ចូលរួម​មង្គលការ​ស្លាប់​១៩​នាក់​របួសធ្ងន់​៨​នាក់

15 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​យ៉ាងហោចណាស់​​មនុស្ស​​ប្រុស-ស្រី​​ ក្មេង ចាស់ ​ចំនួន​១៩​នាក់បាន​ស្លាប់យ៉ាង​អាណោច​អាធ័ម​​​បំផុត និង​៨​នាក់​ផ្សេងទៀត​​​បាន​រង​របួស​ ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​​មហា​រន្ធត់​​មួយ កាលពី​វេលា​ម៉ោង​​​១២​និង​១៥​នាទី​​​រសៀល​ថ្ងៃទី​​​៤ មីនា នៅ​ចំណុច​​ផ្លូវ​​ចំណោត​​អូរត្រាវ ​ចន្លោះ​​បង្គោ​ល​គីឡូ​ម៉ែត្រ​​លេខ​​២៤៤ ​និង​​២៤៥ ស្ថិត​ក្នុង​​ភូមិ​ពូធឿង ​ឃុំ​បិតត្រាំង ស្រុកព្រៃនប់ ។ នេះជា​សោក​នាដ​កម្ម​​ដ៏អាក្រក់​បំផុត​​ថ្មី​មួយ​ដែល​បាន​កើតឡើង​​ ខណៈ​ពេល​​មេឃ​កំពុង​ភ្លៀង​លើកំណាត់ផ្លូវ​​ជាតិ​លេខ​​៤ ​ដែល​​ជា​ផ្លូវ​​មមាញឹក​បំផុត​​ក្នុងការ​ដឹក​ជញ្ជូន​​​ទាំង​សម្ភារ និង​អ្នក​ដំណើរ ។ កាលពី​​ខែ​មុន​​​ក៏​មាន​គ្រោះថ្នាក់​​បុកគ្នា​ឆេះ​​​ជា​អណ្តាត​ភ្លើង បាន​បង្ក​​ឱ្យ​មានការ​ស្លាប់​​ និង​របួស​​​ជា​ច្រើន​​នាក់​ផង​ដែរ។​

ឧប្បត្តិ​ហេតុ​​ថ្មីនេះ តាម​ប្រភព​​​ព័ត៌​មាន​​ជំហាន​​ដំបូង​បាន​ឱ្យ​​ដឹង​ថា ​បង្ក​ឡើង​ដោយ​​​រថ​យន្ត​​​ធុនធ្ងន់​​ដឹកដែក​​ម៉ាក ASIA ពាក់ស្លាកលេខ ភ្នំពេញ 3B-0935 ដែលមាន​​ម្ចាស់ឈ្មោះ​​លាង សុខ​ង៉េង ​ភេទប្រុស ​​បើកបរ​ក្នុង​​ទិសដៅ​​ពី​ខេត្ត​ព្រះសីហនុ ​ឆ្ពោះទៅ​​​កាន់រាជធានីភ្នំពេញ ​ហើយ​បាន​​បុកគ្នា​​ពេញទំហឹង​​ជាមួយ​រថយន្ត​ទួរីស​​១៥​កៅអី ​ម៉ាក​សាន់​យ៉ុង ពណ៌ស ​ពាក់ស្លាកលេខ ​ភ្នំពេញ 2C-9067 បើកបរ​ក្នុង​ទិសដៅ​​ពី​​ភ្នំពេញ ឆ្ពោះទៅ​​​​ខេត្តព្រះសីហនុ ​​គឺបើក​បរ​បញ្ច្រា​ស​ទិស​គ្នា។យោងតាម​​ប្រសាសន៍​លោក​ព្រហ្ម ពៅ ​នាយការិយាល័យ​ចរាចរណ៍ជើង​គោក​ខេត្ត ​បាន​ឱ្យ​ដឹ​ងថា ​ក្នុង​ឧប្បត្តិ​ហេតុ​​​ដ៏រន្ធត់​​នោះ​បណ្តាល​​ឱ្យ​មនុស្សស្លាប់​​ចំនួន​១៩​នាក់​ ក្នុងនោះ​​ស្រី​៩​នាក់ ​និង​កុមារ​៤នាក់ ។ ចំណែក​អ្នក​​របួស​​ធ្ងន់​​៨​នាក់ ​ក្នុងនោះស្រី​២​នាក់ ​។

ក្នុង​ចំណោម​អ្នកស្លាប់​​នេះ គឺ​​១៨​នាក់​​ជា​អ្នកជិះ​ក្នុង​​រថយន្តទួរីស និង​​អ្នកស្លាប់​​ម្នាក់ទៀត​​ជា​អ្នក​បើកបរ​រថយន្ត​​ដឹក​ដែក ។ ចំណែក​​អ្នករង​របួស​ធ្ងន់ និង​មធ្យម​៨​នាក់​​ ក្នុងនោះក៏​មាន​​ព្រូ​រថ​យន្ត​​ដឹកដែក​ម្នាក់​​ដែរ ។​
ប្រភពដដែលបាន​​បន្ត​ថា រថយន្ត​​ទួរីស​ ពណ៌ស ​ដែលមានមនុស្ស​​ប្រុស-ស្រី​ ក្មេង ចាស់ ​ជិះ​ចំនួន​២៥​នាក់​នៅក្នុង​​រថយន្តនោះ ​ហើយ​​ដោយសារ​​តែ​ការបុកគ្នា​​យ៉ាង​​​ពេញ​ទំហឹង​​បានធ្វើ​ឱ្យ​​​តួរថយន្ត​​ត្រូវក្រពឹត​​ដូច​គេ​ច្របាច់​​បញ្ចូលគ្នា​ គឺ​​ខូចខាត​ទាំងស្រុង ​រីឯ​រថយន្ត​​​ធុនធ្ងន់​ដឹក​ដែក​ត្រូវ​ក្រឡាប់​ផ្ងារ​ជើង​​​កៀប​ជាប់​​​​អ្នកបើកបរ​​ស្លាប់​នៅ​​​ក្នុងកាប៊ីន ឯព្រូរថយន្ត​បាន​រង​របួស​​​ធ្ងន់​​​ដោយ​កៀបជាប់ដូចគ្នា ។ ​លោក​នាយការិយាល័យ​បន្ត​ថា ចំពោះ​​​សាកសព​​ជន​រង​គ្រោះ​ត្រូវ​​បាន​សាច់​ញាតិ​​​ដឹក​យក​ទៅ​​រក្សា​ទុក​នៅ​​វត្ត​ក្រោម ​ឯ​អ្នក​រង​របួសត្រូវបាន​​បញ្ជូន​ទៅ​សម្រាក​នៅ​​​គ្លីនិក​​ឯកជន​សេ តេ (គ្លីនិកឃ្លាំង​លើ​) ក្នុង​នោះ​​២​នាក់​ត្រូវបាន​​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀត​ណាម​​ ។​

យោងតាម​​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​បាន​រៀបរាប់​​​ទាំង​​តក់ស្លុត​​ថា នៅវេលាម៉ោង​​ខាង​លើ ពេល​ដែល​មេឃ​កំពុង​ភ្លៀង​ គេ​បាន​ឃើញ​​រថ​យន្ត​ដឹក​​ដែក​បើក​ចុះ​ចំណោត​​មក​យ៉ាង​លឿន ពេល​មក​ដល់​​ចំណុចកើេតហេតុ​​នោះ​ក៏​​បាន​រេចង្កូត​​ធ្លាក់​ផ្លូវ​​ទៅផ្នែក​​ខាង​ស្តាំដៃ និង​បុក​បង្គោល​​​ថ្ម​ចំនួន​​​៤ដើម ដែលនៅ​​អមផ្លូវ រួច​ក៏រេ​ទៅ​​ឆ្វេង​ដៃ​វិញ (ឡើងថ្នល់) គឺពេលនោះ​ហើយ​ដែល​​បាន​បុក​រថយន្ត​​ទួរីស​​ដែលកំពុង​​បើកបរ​​លើ​​ផ្លូវ​សំដៅ​មកខេត្តព្រះសីហនុ​​យ៉ាង​ពេញ​ទំហឹង​ លាន់​​ឮ​សូ​រ​ដូច​រន្ទះ​បាញ់ ធ្វើ​ឱ្យ​​​រថយន្តទាំង​​ពីរ​​ក្រឡាប់​​​បះ​ជើង​​ធ្លាក់​ចូល​​ក្នុង​ជង្ហុក​​​ផ្លូវជាតិ​ជា​ហេតុបណ្តាល​ឱ្យ​​​អ្នកជិះ​​ក្នុង​រថយន្ត​​​ទួរីស​ស្លាប់​ស្ទើរ​​គ្មានសល់​ ឯ​អ្នកបើក​បរ​​រថយន្តធុន​ធ្ងន់​​នោះ​ក៏ត្រូវ​កៀប​​ស្លាប់​ក្នុង​កាប៊ីនរថយន្ត​​ និងព្រូ​រថ​យន្ត​​ត្រូវរបួស ។ ​យោ​ង​តាម​​ប្រភព​​​ពីសាច់​ញាតិ​​ជនរងគ្រោះ​​ជិះ​ក្នុង​​រថយន្ត​ទួរីស​​សាន់យ៉ុង ​បាន​​ឱ្យ​​​ដឹង​ថា ​អ្នក​រង​គ្រោះ​​ដែលស្លាប់​​ និង​របួស​យ៉ាង​​អាណោច​អាធ័ម​​​នោះសុទ្ធ​​តែជា​សាច់ញាតិ​នឹង​គ្នា​​ទាំងអស់ ។​

សាច់​ញាតិ​ដដែល​​​ឱ្យ​ដឹង​ទៀត​ថា ជនរង​គ្រោះ​ដែល​ជិះ​ក្នុង​​រថយន្ត​ទួរីស​មាន​គ្នា​២៥​នាក់ ធ្វើ​ដំណើរ​​​ចេញពី​ភូមិ​រំចេក ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ​ខេត្ត​តាកែវ សំដៅ​​ទៅ​​ខេត្តព្រះ​សីហនុ​ ដើម្បី​​​ចូលរួម​ពិធី​មង្គល​ការ​​​បងប្អូន​នៅ​​​ក្នុងភូមិ​​៤ សង្កាត់​៤ ក្រុង​​ព្រះសីហនុ ​។ ​មង្គល​ការ​​នេះ​​ពិសា​ភោជនាហារ​​​នៅ​ថ្ងៃទី​​៥ មីនា​នេះ ។​​

​រថយន្ត​ទាំងពីរ​​ដែល​​បុកគ្នា​និង​ត្រូវ​ក្រឡាប់​​បះជើង​ក្បែរ​​គ្នា​​ត្រូវ​ប៉ូលិស​​ចរាចរ​​ជើង​គោក​​ខេត្ត​ព្រះសីហនុ​ ស្ទូច​យកទៅ​​រក្សា​ទុក​នៅ​​ការិយា​ល័យ​​​ដើម្បី​ដោះ​ស្រាយ​​​​ ជុំវិញ​​សោកនាដ​កម្ម​​​ដ៏ធ្ងន់​ធ្ងរ​បំផុត​នេះ ។
សូមបញ្ជាក់​​​ថា ​​រថយន្ត​​ទួរីស ម៉ាក​សាន់​យ៉ុង​​ ​​​បើក​បរ​​ដោយ​​ឈ្មោះ​​ថុល ភេទ​ប្រុស អាយុ​៣៧ឆ្នាំ ជាអ្នក​​រត់​តាក់​ស៊ី មាន​ទីលំនៅ​​ក្នុង​ភូមិ​​រំចេក ឃុំ​គិរី​​ចុង​កោះ ។ អ្នក​ធ្វើ​​ដំណើរ​​លើ​រថយន្ត​​រួម​ទាំង​អ្នក​បើកបរ​ផង​២៦​នាក់​។ ​អ្នក​រងរបួស​​ធ្ងន់​​និង​​មធ្យម​​​ទាំង​​៨​នាក់​​ក្នុង​នោះ​អ្នក​ជិះ​ក្នុង​​រថយន្ត​ទួរីស​ ៧​នាក់ និង​ព្រូឡាន​ដឹក​ដែក​ម្នាក់ គឺ​១-ឈ្មោះ​​ភក្តី ​ភេទ​ប្រុស អាយុ​​២០​ឆ្នាំ ​២-​ឈ្មោះ​​សាំ រតណា ភេទ​ស្រី​ អាយុ​​១៧ឆ្នាំ ៣-ឈ្មោះ​​​តែវ ​ផាណែត ភេទ​ប្រុស អាយុ​​​១៩ឆ្នាំ ៤-​ឈ្មោះ​​ស៊ី​ ណា ភេទ​​ប្រុស អាយុ​​៣៧ឆ្នាំ ៥-ឈ្មោះ​ជួន សុភ័ក្ត្រ​ ​ភេទ​ប្រុស អាយុ​១៥ឆ្នាំ ៦-ឈ្មោះ​ឈល ​សោភា ភេទ​ស្រី អាយុ​​១៤ឆ្នាំ ៧-​ឈ្មោះ​អាវី ភេទ​ប្រុស អាយុ​​១៨ឆ្នាំ ៨-ឈ្មោះ​​ស៊ីម រ៉ាវី ភេទ​​ប្រុស អាយុ​​២៣ឆ្នាំ ។ ប៉ូលិស​​​ឱ្យ​ដឹងថា ​អ្នក​របួស​​ធ្ងន់​២​នាក់ ដែល​​បញ្ជូន​ទៅ​​ប្រទេស​វៀតណម​នោះ គឺ​របួស​ផុង​លលាដ៍​ក្បាល​​និង​មិន​ដឹង​ថា​អាច​ជួយ​​ជីវិត​ពី​សេចក្តី​ស្លាប់​ឬ​​បែបណា​ទេ ៕