រាជធានីភ្នំពេញ ៖ រថយន្ដដឹកដែកមួយគ្រឿង ខណៈបត់ស្តាំត្រង់ចំណុចភ្លើងស្តុបក៏បានប៉ះដៃចង្កូតម៉ូតូបណ្តាលឱ្យដួលចូលក្រោមកង់ក្រោយរថយន្ដ តែសំណាងល្អនារីជាអ្នកបើកម៉ូតូខ្ទាតចេញមកក្រៅមិនមានរងរបួសអ្វីទេ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ នៅចំណុចភ្លើងស្តុបកែងមហាវិថីម៉ៅសេទុង និងផ្លូវលេខ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការ មន ។
នារីជាម្ចាស់ម៉ូតូឈ្មោះ ចាន់ណា អាយុ២៣ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានព្រះកុសុមៈទឹកថ្លា ស្នាក់នៅផ្ទះលេខ២២៩ ផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ នាងនិយាយថា នាងជិះម៉ូតូស្មាស់ពណ៌ខ្មៅពីត្បូងទៅជើងតាមមហាវិថីម៉ៅសេទុង លុះមកដល់ភ្លើងស្ដុបត្រង់ចំណុចខាងលើក៏បានឈប់ទន្ទឹមនឹងរថយន្ដដឹកដែក ។ លុះដល់ភ្លើងខៀវនាងក៏ចេញដំណើរឆ្ពោះទៅត្រង់ ចំណែករថយន្ដដឹកដែកនោះក៏បើកចេញទន្ទឹមគ្នាដែរ ប៉ុន្ដែរថយន្ដបានបត់ស្ដាំទៅតាមផ្លូវលេខ២០៥ ដោយមិនបានមើលយានយន្តដទៃទេ គឺបត់តែម្ដងធ្វើឱ្យប៉ះដៃចង្កូតបណ្តាលឱ្យម៉ូតូនាងដួលទៅក្រោមកង់រថយន្ដខាងក្រោយ ។
ប្រភពដដែលបន្ដថា សំណាងល្អដែរដែលពេលនោះរូបនាងខ្ទាតចេញពីម៉ូតូមិនមានរងរបួសដោយគ្រាន់តែខូចខាតម៉ូតូប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ ភាគីទាំងពីរបានចរចាគ្នាព្រមព្រៀងលើកម៉ូតូដាក់លើរថយន្ដដឹកដែកយកទៅជួសជុលឱ្យ ៕
ចែករំលែកព័តមាននេះ