ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២៤ កុម្ភៈ ផ្សាយឱ្យដឹងថា និស្សិតស្រីជនជាតិចិនម្នាក់ បានក្លាយជាវីរនារី ក្រោយពីធ្វើការបំផុសបំផុលដល់និស្សិតស្រីជាង២០នាក់ចូលកាន់កាប់បន្ទប់អនាម័យ សាធារណៈបុរស ក្នុងទីក្រុងក្វាងចូវ ដើម្បីប្រឆាំងនឹងរូបភាពស្ត្រីត្រូវរង់ចាំប្រើបន្ទប់អនាម័យរយៈពេលយូរ និងធ្វើការអំពាវនាវឱ្យមានលក្ខណៈស្មើភាពក្នុងការប្រើបន្ទប់ទឹកនៃភេទទាំង២ ។
និស្សិតស្រីចិនខាងលើក៏មានគម្រោងនឹងធ្វើបាតុកម្មនៅក្រុងប៉េកាំង ក្នុងអំឡុងពេលប្រជុំគណបក្សកុម្មុយនីស្តនៅខែក្រោយ ដោយនាងថ្លែងថា គោលបំណងធ្វើបាតុកម្មគឺចង់ឱ្យអាជ្ញាធរក្នុងទីក្រុងបានយល់ពីបញ្ហាខាងលើ ព្រោះជារឿងសំខាន់សម្រាប់ស្ត្រី ហើយការធ្វើបាតុកម្មនៅក្រុងក្វាងចូវឃើញថា មានមហាជនភាគច្រើនគាំទ្រលើទង្វើរបស់នាង ។ ចំណែកសារព័ត៌មានក្នុងស្រុកផ្សាយឱ្យដឹងថា ក្រោយពីកើតហេតុ មន្ត្រីក្នុងទីក្រុងក្វាងចូវបានដោះស្រាយបញ្ហានេះ ដោយសង់បន្ថែមបន្ទប់អនាម័យសាធារណៈសម្រាប់ស្ត្រីប្រហែល៥០% ។
ទោះជាបែបណាក៏ដោយ ហេតុការណ៍ដែលកើតឡើងធ្វើឱ្យមានការរិះគន់តាមរយៈវ៉េបសាយជាច្រើនដោយអ្នកខ្លះយល់ថា ប្រតិបត្តិការបែបនេះជារឿងមិនគួរប្រព្រឹត្តនិងមិនសមស្របសោះឡើយ ៕
ចែករំលែកព័តមាននេះ