រាជធានីភ្នំពេញ ៖ អគារផ្សារហេង លីចំនួន១៣ខ្នង ដែលរុះរើនៅសល់តែគ្រោងឆ្អឹង បានបាក់ដួលរលំទាំងជំហរបណ្តាលឱ្យសង្កត់ម៉ូតូ៤គ្រឿង រ៉ឺម៉ក៣គ្រឿង រថយន្ត១គ្រឿង គ្រឿងចក្រ២គ្រឿង និងក្មេងប្រុសម្នាក់រងរបួស។ ទោះបីជាបែបណា នេះចាត់ទុកជាសំណាងហើយដែលពុំបណ្តាលឱ្យមនុស្សរងគ្រោះដល់អាយុជីវិត ។
ហេតុការណ៍បាក់រលំអគារផ្សារហេង លីនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ កុម្ភៈ ក្នុងដីឡូត៍លេខ៣២-៣៤ ជាប់កំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ក្មេងប្រុសដែលរងរបួសដោយការបាក់រលំនេះឈ្មោះដូង សុវណ្ណារ៉ា អាយុ៧ឆ្នាំ រងរបួសបែកក្បាលដេរចំនួន៦ថ្នេរ ។ ក្មេងប្រុសនេះមានទីលំនៅផ្ទះលេខ២២២ ផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់ទី២ ។
តាមសមត្ថកិច្ចឱ្យដឹងថា អគារផ្សារហេងលីចំនួន១៣ខ្នងដែលបាក់គ្រោងនេះ គឺជាទីតាំងផ្សារកំពុងតែរុះរើធ្វើថ្មី សល់តែគ្រោងឆ្អឹងដែលពុកក៏ដួលរលំ មានបណ្តោយប្រវែង១២០ម៉ែត្រ និងទទឹងប្រវែង២៣ម៉ែត្រ ត្រូវបានបាក់ដួលរាបដល់ដី ។ បន្ទាប់ពីមានការបាក់ដួលរលំនេះ លោកជឹម សំអាន អភិបាលរងខណ្ឌទួលគោក រួមទាំងមន្ត្រីសំណង់ខណ្ឌ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ។
តាមព័ត៌មានឱ្យដឹងថា អគារផ្សារនោះធ្វើអំពីឈើប្រក់ស័ង្កសី និងជើងសសរដែក មានលក្ខណៈចាស់ទ្រុឌទ្រោម ដែលពីមុនជាឃ្លាំងខោអាវជជុះ និងឃ្លាំងទំនិញបោះដុំ ហើយប្រមាណជាង១ខែមកហើយត្រូវបានថៅកែផ្សារនេះរុះដំបូល និងវាយជញ្ជាំង ព្រមទាំងយកគ្រឿងចក្រកាយថ្មគ្រឹះចេញ សល់តែគ្រោងឆ្អឹង និងត្រៀមចាក់ជើងសសរប្រក់ដំបូលថ្មីដើម្បីធ្វើជាតូបលក់ដូរ ។
គេនិយាយថា ដោយសារតែជាងកាយថ្មគ្រឹះក្រោមចេញអស់ទើបអគារផ្សារនោះដួលរលំ។ នេះចាត់ទុកជាសំណាងហើយ ប្រសិនដួលនៅពេលម៉ោងធ្វើការ ឬមានមនុស្សនៅក្បែរ ឬនៅពីក្រោម ពិតជាមានស្ថានភាពធ្ងន់ធ្ងរជាងនេះមិនខានឡើយ ៕
ចែករំលែកព័តមាននេះ