ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួន៥នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈ៤នាក់រងរបួសកំពុងដេកពេទ្យ ឯមួយចំនួនទៀតបានរត់ចោលស្រុកក្រោយពីពួកគេប្រើដំបងនិងដុំថ្មប្រយុទ្ធគ្នាយ៉ាងឃោរឃៅក្នុងរោងការមួយ តែមិនឈ្នះមិនចាញ់ពួកគេបានស្ទាក់វាយគ្នាតាមដងផ្លូវទៀត កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ កុម្ភៈ នៅក្នុងភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា ក្មេងទំនើងទាំង២ក្រុមនេះ មួយក្រុមៗមានបក្សពួកជិត១០នាក់ បានប៉ះប្រយុទ្ធគ្នាលើកទី១នៅយប់ថ្ងៃទី១៨ កុម្ភៈ ប៉ុន្តែមិនឈ្នះមិនចាញ់ លុះនៅល្ងាចថ្ងៃទី១៩ កុម្ភៈ ពួកគេស្ទាក់វាយគ្នាទៀត រហូតត្រូវចាប់ខ្លួន៥នាក់ ឯ៤នាក់រងរបួស និងមួយចំនួនរត់ចោលស្រុកបាត់អស់។ ជនទាំង៥នាក់ដែលត្រូវចាប់ខ្លួនរួមមាន ១-ឈ្មោះថេង ធឿន ហៅជីប អាយុ២៤ឆ្នាំ ២-ឈ្មោះរិន គ្រី អាយុ២៥ឆ្នាំ ៣-ឈ្មោះកាក់ សារ៉ាត់ ហៅរឿប អាយុ៣៣ឆ្នាំ ៤-ឈ្មោះយើន យ៉ត អាយុ១៨ឆ្នាំ និង៥-ឈ្មោះធួម កាក់ អាយុ២៣ឆ្នាំ។ ភាគីនេះរងរបួស២នាក់ គឺឈ្មោះឈឿន រ័ត្ន អាយុ២៦ឆ្នាំ និងឈ្មោះរិន រឹត អាយុ៣០ឆ្នាំ ក្រុមនេះនៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី។ រីឯភាគីម្ខាងទៀតមានរបួស២នាក់ដែរគឺឈ្មោះស៊ន សេត អាយុ២៥ឆ្នាំ និងឈ្មោះរ៉ន តុលា អាយុ១៨ឆ្នាំ ជនទាំង២នាក់នេះកំពុងដេកពេទ្យក្រៅពីនេះបានរត់គេចខ្លួនអស់ហើយ។ ក្រុមនេះនៅភូមិសួស្ដីកន្លែងកើតហេតុ។ សមត្ថកិច្ចនិយាយថា ភាគីភូមិសួស្ដីជាអ្នកស្ទាក់វាយភាគីភូមិស្រែអូរ ក្រោយពីប្រយុទ្ធគ្នាមិនឈ្នះមិនចាញ់ក្នុងរោងការដំបូង។
នៅក្នុងកំណត់ហេតុសាកសួរជនដែលត្រូវចាប់ខ្លួនទាំង៥នាក់បាននិយាយថា ពួកខ្លួនទាំង៧នាក់បានទៅចូលរួមរាំលេងក្នុងពិធីមង្គលការមិត្តភក្ដិនៅភូមិសួស្ដី ។ ពេលកំពុងរាំស្រាប់តែភាគីភូមិសួស្ដីស្ទុះមកវាយបក្សពួកខ្លួនមុន បណ្ដាលឲ្យផ្អើលពេញវង់រាំ តែបានស្ងប់ស្ងាត់វិញក្រោយពីមានអ្នកភូមិជួយសម្រួល។ ក្រុមនេះបន្តថា លុះនៅល្ងាចថ្ងៃទី១៩ កុម្ភៈ ពេលចេញពីរោងការត្រឡប់ទៅផ្ទះវិញស្រាប់តែក្រុមនេះស្ទាក់វាយពួកខ្លួនទៀត បណ្ដាលឲ្យមានរបួសទាំងសងខាង ហើយសមត្ថកិច្ចបានឃាត់ពួកខ្លួន៥នាក់ ឯភាគីម្ខាងទៀតក្រៅពីអ្នករបួសពួកគេបានរត់គេចខ្លួនអស់។
សាក្សីក្នុងមូលដ្ឋានបាននិយាយដែរថា តាមពិតក្រុមទាំង២ គឺសុទ្ធតែជើងខ្លាំងដូចគ្នា គ្មានក្រុមណាមួយអន់ទេ។ ពួកគេកន្លងមកសុទ្ធតែធ្លាប់ប៉ះទង្គិចគ្នា ដូច្នេះពេលមានឱកាសជួបគ្នាជាថ្មី ពួកគេក៏ខាំធ្មេញដាក់គ្នារហូតឈានដល់ការប្រយុទ្ធគ្នាយ៉ាងឃោរឃៅតែម្ដង។
លោកគិត ហៀង អធិការនគរបាលស្រុកមោងឫស្សីបាននិយាយថា លោកស្នងការបានបញ្ជាឲ្យឃាត់ខ្លួនពួកគេទាំងអស់បញ្ជូនទៅតុលាការ រីឯអ្នករបួសទាំង២ភាគី និងអ្នករត់គេចខ្លួន ទុកឲ្យលោកព្រះរាជអាជ្ញាចាត់វិធានការតាមក្រោយ បន្ទាប់ពីរបួសពួកគេធូរស្រាល។ បច្ចុប្បន្នជនពាលទាំង៥នាក់ដែលត្រូវចាប់ខ្លួនត្រូវបានបញ្ជូនទៅកាន់តុលាការហើយ ៕
ចែករំលែកព័តមាននេះ