ក្រុងប៉ោយប៉ែត ៖ ជម្លោះប្តីប្រពន្ធដែលបានលែងលះគ្នាតាមផ្លូវតុលាការមិនទាន់ដាច់ស្រេចផងបានផ្ទុះឡើងបែកផ្សែង រហូតចូលប៉ុស្តិ៍ប៉ូលិសទាំង២នាក់ កាលពីវេលាម៉ោងជិត៥ ល្ងាចថ្ងៃទី១៤ កុម្ភៈ ដែលជាថ្ងៃ«បុណ្យនៃសេចក្តីស្រឡាញ់»ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ។ ជម្លោះយ៉ាងបែកផ្សែងនេះ បានកើតឡើងខណៈស្រ្តីម្នាក់ជាប្រពន្ធបានទៅអុកឡុកពិធីជប់លៀងមួយរបស់ប្តីនៅមុខសាលាឃុំ ដោយសារយល់ថា ជាពិធីជប់លៀងក្រោយពិធីសែនព្រេនជាមួយប្រពន្ធថ្មីរបស់ប្តីកាលពីថ្ងៃទី១៣ កុម្ភៈ ។
តាមការអះអាងរបស់ស្ត្រីឈ្មោះឆេង សុផារ៉ាត់ អាយុ៣០ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ប៉ោយប៉ែត ដែលបានទៅអុកឡុកពិធីជប់លៀងមុខសាលាសង្កាត់និមិត្ត ព្រមទាំងទៅរករឿងប្តី ហើយឈ្លោះគ្នាដល់ក្នុងផ្ទះបានប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុថា ដោយសារទទួលព័ត៌មានពីសាច់ញាតិរបស់ប្តីនិងអ្នកដទៃជាច្រើនទៀតបានលួចប្រាប់តាមទូរស័ព្ទថា នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ប្តីគាត់ដែលលួចយកស្រ្តីម្នាក់មេម៉ាយកូន២ ហើយលួចសែនព្រេនលើផ្ទះកាលពីថ្ងៃទី១៣ កុម្ភៈ គឺស្ត្រីនោះ ហើយបានរៀបចំកម្មវិធីជប់លៀងនៅរសៀលថ្ងៃទី១៤ កុម្ភៈ ទើបគាត់ជាប្រពន្ធស្របច្បាប់ក្តៅចិត្តក៏មកអុកឡុក ។
ស្ត្រីដដែលអះអាងថា គាត់ជាប្រពន្ធស្របច្បាប់នៅឡើយ បានចោទថា កម្មវិធីជប់លៀងរបស់ប្តីនៅមុខសាលាសង្កាត់នេះ ដោយសារមិនហ៊ានជប់លៀងនៅក្នុងបរិវេណផ្ទះទើបធ្វើកម្មវិធីជប់លៀងនៅមុខសាលាសង្កាត់ទៅវិញ ។ ខណៈពេលគាត់គ្រាន់តែដើរចូលផ្ទះក៏ត្រូវបុរសជាប្តីរុញច្រានមិនឱ្យចូលទេ ដែលផ្ទះនោះជាផ្ទះរួមពុំទាន់មានសាលក្រមពីតុលាការថា កាត់ឱ្យខាងណានៅឡើយ ។
នៅកន្លែងកើតហេតុ គេឃើញមានការដម្លើងសរសៃកដាក់គ្នារវាងស្ត្រីខាងលើ និងឈ្មោះប៉ាល់ សេថុល អាយុ៣៤ឆ្នាំ ជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ដែលស្ត្រីខាងលើបានអះអាងថា ជាប្តីរបស់ខ្លួន ។ ស្ត្រីខាងលើរៀបរាប់បន្តថា នាងបានចុះចេញពីផ្ទះជាច្រើនខែមកហើយ ដោយនាំបងប្អូនទៅជួលផ្ទះគេនៅឯសង្កាត់ប៉ោយប៉ែត ដោយសារទ្រាំមិនបានព្រោះលោកប្តីវាយធ្វើបាបខ្លាំងពេក ហើយការបែកបាក់គ្នានាងក៏បានដាក់ពាក្យបណ្តឹងទៅតុលាការសុំលែងលះផ្តាច់សមគ្គសង្វាសពីគ្នាទៀតផង ដោយតុលាការកោះហៅរួចម្តងនាពេលកន្លងមក និងកោះហៅឱ្យចូលលើកទី២ នៅថ្ងៃទី២៩ កុម្ភៈ ខាងមុខនេះទៀត ។
ក្រោយផ្ទុះជម្លោះភាគីទាំង២ត្រូវបានគេហៅឱ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍ដោយនៅទីនោះគេឃើញស្ត្រីជាប្រពន្ធទ្រហោយំរៀបរាប់ពីរឿងអតីតកាល ។ ចំណែកលោកប្តីឈ្មោះប៉ាល់ សេថុល ដែលជានាយរងប៉ុស្តិ៍ ប្រពន្ធអុកឡុកពិធីបាននិយាយថា លោកពុំបានលួចសែនព្រេនជាមួយស្រីថ្មីណាមួយកាលពីថ្ងៃទី១៣ កុម្ភៈ ២០១២ នោះទេ ។ លោកប្តីនិយាយបកស្រាយថា ពិធីជប់លៀងដែលលោកធ្វើនេះគឺអបអរបុណ្យនៃក្តីស្រឡាញ់ដែលមិត្តភក្តិរួមគ្នាធ្វើតែប៉ុណ្ណោះ។
ទោះបីជាដោះស្រាយយ៉ាងណា មតិនានាជាច្រើនបានលើកឡើងថា ការធ្វើពិធីជប់លៀងថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់លោកប៉ាល់ សេថុល ពុំអាចជឿបានទេ ព្រោះមានជាង១០តុឯណោះ ។ បើមិត្តភក្តិទាំងនោះចង់ធ្វើពិធីអបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់ គួរតែធ្វើតាមផ្ទះរៀងៗខ្លួន ព្រោះពួកគេសុទ្ធតែមានប្រពន្ធកូនដូចគ្នាមិនមែនធ្វើរួមបែបនេះទេ ។
លោកម៉ា រិន នាយប៉ុស្តិ៍សង្កាត់និមិត្តបានប្រាប់តាមទូរស័ព្ទថា នៅព្រឹកថ្ងៃទី១៣ កុម្ភៈ លោកប៉ាល់ សេថុល បានធ្វើពិធីសែនព្រេនមែន ប៉ុន្តែការសែនព្រេននោះលោកពុំដឹងថាគេសែនព្រេនអ្វីនោះទេ ព្រោះលោករវល់ការងារ ។ លោកប្រាប់ទៀតថា ការដឹងថា ផ្ទះរបស់លោកប៉ាល់ សេថុល មានពិធីសែនព្រេននោះ គឺដោយសារលោកសួរតាមទូរស័ព្ទទៅលោកប៉ាល់ សេថុល ប៉ុណ្ណោះ ។
ប្រភពព័ត៌មានមួយបានធ្លោយឱ្យដឹងថា លោកប៉ាល់ សេថុល នៅល្ងាចថ្ងៃទី១៣ កុម្ភៈ ត្រូវបានលោកស្នងការកោះហៅសួរនាំរឿងខាងលើ ហើយនៅក្នុងប៉ុស្តិ៍សង្កាត់និមិត្តលោកប៉ាល់ សេថុល ក៏បាននិយាយខ្លួនឯងផងដែរថា លោកត្រូវស្នងការខេត្តហៅទៅសួរនាំ និងមិនឱ្យមានពិធីសែនព្រេន អ្វីនៅផ្ទះទេ ទើបលោកងាកមកធ្វើកម្មវិធីជប់លៀងថ្ងៃបុណ្យនៃក្តីស្រឡាញ់ខាងក្រៅផ្ទះ នៅមុខសាលាសង្កាត់វិញ ។
លោកប៉ាល់ សេថុល បានចោទប្រពន្ធថា មានសហាយស្មន់ជាមួយមន្ត្រីប៉េអឹមបណ្តើរគ្នានាពេលកន្លងមក ។
មានការកត់សម្គាល់ថា ពេលអ្នកយកព័ត៌មានកំពុងសុំការបំភ្លឺពីរឿងពាក់ព័ន្ធគេឃើញមន្ត្រីប៉ូលិសម្នាក់បានលួចថតរូបអ្នកយកព័ត៌មាន ប៉ុន្តែខណៈសួរនាំគេឆ្លើយថា ថតលេង ។ ទោះបីជាបែបណា របាយការណ៍ព័ត៌មានខាងលើនេះវាគ្រាន់តែជាដំណឹងមួយប៉ុណ្ណោះ និងមិនមានន័យផ្សេងឡើយ ជុំវិញហេតុការណ៍ដែលបានកើតឡើង ។
តាមប្រភពចុងក្រោយនាពេលព្រលប់ថ្ងៃកើតហេតុប្រាប់ថា ពិធីខាងលើនៅតែបន្តធ្វើ ព្រោះតុបានរៀបចំជប់លៀងរួចរាល់មិនអាចសាតុបានទេ នាំឱ្យខ្មាសគេ ៕
ចែករំលែកព័តមាននេះ