ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ផ្អើល​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​មើល​ដើម​ជ្រៃ​ល្បី​ថា​ងាប់​ហើយ​រស់​វិញ

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ដើម​ជ្រៃ​មួយ​ដើម​ដែល​ត្រូវ​បាន​គេ​គាស់​រំលើង​ងាប់​ទៅ​ហើយ​នោះ​ស្រាប់​តែ​រស់​ និង​​ងើប​ឈរ​ឡើង​វិញ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​កណ្តាល​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់​កណ្តាល ភ្ញាក់​ផ្អើល​នាំ​គ្នា​ទៅ​​មើល​ភ្លូក​ទឹក​ភ្លូក​ដី​មិន​ថា​តែ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​នេះ​ទេ សូម្បី​តែ​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ឆ្ងាយៗ​ក៏​បាន​មក​មើល​ហេតុ​ការណ៍​ដ៏​ចំលែក​នេះ​ដែរ​ ។ ប្រជា​ពល​រដ្ឋ​បាន​​អុជ​ធូប​បន់​ស្រន់​បួង​សួង​តាម​ក្តី​ប្រាថ្នា​ជា​ហូរ​ហែ​ទៅ​តាម​ជំនឿ​របស់​ខ្លួន

ខេត្ត​កណ្តាល​ ៖ ដើម​ជ្រៃ​មួយ​ដើម​ដែល​ត្រូវ​បាន​គេ​គាស់​រំលើង​ងាប់​ទៅ​ហើយ​នោះ​ស្រាប់​តែ​រស់​ និង​​ងើប​ឈរ​ឡើង​វិញ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​កណ្តាល​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់​កណ្តាល ភ្ញាក់​ផ្អើល​នាំ​គ្នា​ទៅ​​មើល​ភ្លូក​ទឹក​ភ្លូក​ដី​មិន​ថា​តែ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​នេះ​ទេ សូម្បី​តែ​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ឆ្ងាយៗ​ក៏​បាន​មក​មើល​ហេតុ​ការណ៍​ដ៏​ចំលែក​នេះ​ដែរ​ ។ ប្រជា​ពល​រដ្ឋ​បាន​​អុជ​ធូប​បន់​ស្រន់​បួង​សួង​តាម​ក្តី​ប្រាថ្នា​ជា​ហូរ​ហែ​ទៅ​តាម​ជំនឿ​របស់​ខ្លួន​ ។ ស្រប​ពេល​នោះ​​ក៏​មានរៀប​ចំ​​ធ្វើ​​ពិធី​បុណ្យ​ចាំ​ទទួល​អ្នក​មាន​ជំនឿ​ទាំង​ឡាយ​មក​​គោរព​បូជា​ផង​ដែរ​ ។

ពាក់​ព័ន្ធ​ទៅ​នឹង​ហេតុ​ការណ៍​ដ៏​ចំលែក​នេះ​ប្រជា​ពល​រដ្ឋ​ម្នាក់​នៅ​ក្នុង​ភូមិ​ដែល​មាន​ជំនឿ​បាន​ឱ្យ​ដឹង​ថា ដើម​ជ្រៃ​នេះ​ត្រូវ​បាន​គាស់​រំលើង​ជា​យូរ​មក​ហើយ ស្រប​ពេល​ដែល​រដ្ឋា​ភិ​បាល​​សាង​សង់​ផ្លូវ​ជាតិ​លេខ​៨​ថ្មី​ជាមួយ​នឹង​ការ​សាង​សង់​ស្ពាន​​ព្រែក​តា​មាក់​ ហើយ​​នៅ​យប់​ថ្ងៃ​សុក្រ​ ទី​២៤ ធ្នូ ​ស្រាប់​តែវា​ងើប​ឈរ​ត្រង់​រស់​ឡើង​វិញ ធ្វើ​ឱ្យ​ប្រជា​ជន​នៅក្នុង​ភូមិ​មាន​ការ​ភ្ញាក់់​ផ្អើលនាំ​គ្នា​ទៅ​​មើល​ទាំង​ព្រឹក ។ ​អ្នក​ខ្លះ​បាន​បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​ មាន​ទាំង​ការ​បូជា​បច្ច័យ ​ទៀន​ ធូប ផ្កា​ឈូក និង​ចេក​ជា​ដើម​ ដោយ​យល់​ថា «ជ្រៃ​មួយ​ដើម​នេះ​មាន​បារមី​​ខ្ពស់​ងាប់​ហើយ​រស់​វិញ»​ ។  ស្រប​ពេល​នោះ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ក៏​នាំ​គ្នា​សង់​រោង​បុណ្យ​ និមន្ត​ព្រះ​សង្ឃ​ម​ក​សូត្រ​មន្ត​​នៅ​ជិត​ដើម​ជ្រៃ​ដែល​ល្បី​ថា​ ​ងាប់​ហើយ រស់​ឡើង​វិញ​នេះ​ ។

ប្រភព​ដដែល​​បន្ត​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​មាន​ប្រជា​ពល​រដ្ឋម​ក​ពីគ្រប់​ទិស​ទី​ទៅ​​មើល​ ហើយ​​បូជា​បច្ច័យ​។ ចំពោះ​បច្ច័យ​ទាំង​នោះ​បាន​ចាត់​ចែង​នៅ​ក្នុង​កម្ម​វិធី​ ដូច​ជា​ជួល​ធុង​បាស់​សំរាប់​ការ​រាំ​រែក​ចំនួន​ពីរ​យប់​​។ ​អ្នក​ដែល​មាន​ជំនឿ​បាន​ទៅ​​មើល​ និង​ធ្វើ​ការ​បន់​ស្រន់​ជា​ហូរ​ហែ​មិន​ដាច់​ឡើយ សូម្បី​តែ​អ្នក​នៅ​រាជ​ធានី​ភ្នំពេញ​ខ្លះ​មាន​ទាំង​ថ្នាក់​ឯក​ឧត្តម​មួយ​ចំនួន​ផង​នោះ​ក៏​ទៅ​បែ​បន់​ផង​ដែរ​។ អ្នក​ស្រី​ចន្ធី ជា​អាជីវ​ករ​ម្នាក់​នៅ​ឃុំ​ព្រែក​តា​មាក់​បាន​ទៅ​​មើល​ដើម​ជ្រៃ​​​នោះ​ដែរ​​ប្រាប់​កោះ​សន្តិ​ភាព​ថា​ គាត់​ដឹង​រឿង​នេះ​តៗ​គ្នា​ពី​គេ​មក​ដែរ​ដោយ​ល្បី​ថា​ដើម​ជ្រៃ​ដែល​ងាប់​ហើយ​រស់​ឡើង​វិញ​​ ដូច្នេះ​គាត់​ក៏​ចង់​មក​ឃើញ​ផ្ទាល​់​ភ្នែក​ ។ គាត់​បាន​​អុជ​ធូប​បួង​សួង​​ដូច​គេ​ដូច​ឯង​ដែរ ព្រោះ​ចង់​បាន​សេចក្តី​សុខ និង​ប្រាថ្នា​ឱ្យ​ការ​លក់​ដូរ​របស់​គាត់​កាន់​តែ​ដាច់​ឡើងៗ​។ គាត់​​បញ្ជាក់​ថា អ្នក​ខ្លះ​បាន​យក​សំបក​ជ្រៃ​នេះ​ទៅ​ត្រាំ​ទឹក​ផឹក​ក្នុង​ជំនឿ​ធ្វើ​ឱ្យ​ត្រជាក់​ត្រជំ​ក្នុង​គ្រួសារ​ និង​អាច​ជា​ជំងឺ​ច្រើន​មុខ​ទៀត​ផង​។

លោក​លី ចំរើន មេ​ភូមិ​កណ្តាល​ឱ្យ​ដឹង​ថា ដើ​​ម​ជ្រៃ​នេះ​ត្រូវ​បាន​កង​វិស្វ​កម្ម​កសាង​ផ្លូវ​គាស់​រំលើង​ដើម្បី​ធ្វើ​ផ្លូវ​ប្រហែល​២​ខែ​មក​ហើយ ។ មែក​​ជ្រៃ​ និង​ដើម​ទាំង​មូល​ត្រូវគេ​​កាត់​លក់​ឱ្យ​ឈ្មួញ​អស់​ហើយ​ នៅ​សល់​តែ​គល់​ប្រហែល​ជា​ពីរ​ម៉ែត្រ​ប៉ុណ្ណោះ​ ។ ដើម​ជ្រៃ​នេះតាម​លោក​ដឹង​​មាន​អាយុ​កាល​ប្រហែល​ជា​១៥០​ឆ្នាំ​មក​ហើយ​ ។ ចំពោះ​បាតុ​ភូត​​ដើម​ជ្រៃដួល​រលំ​ហើយ​​អាច​ងើប​​ឈរ​បាន​ឡើង​វិញ​នោះ​ប្រហែល​ជា​ដោយ​សារ​ឫស​ស្មែង​ខាង​គល់​ធំ​ធ្ងន់​ទើប​ធ្វើ​ឱ្យ​វា​​ងើប​ឈរ​ត្រង់​ឡើង​វិញ​បាន​ ម្យ៉ាងប្រវែង​ដើម​ដែល​កាត់​សល់​ពី​គល់​នៅ​ខ្ចី​ដែរ​ ។ លោក​ទៀក ឃុន មេ​ឃុំ​សន្លុង​​ឱ្យ​ដឹង​ថា «តាម​ពិត​ទៅ​ជំនឿ​របស់​ប្រជា​ពល​រដ្ឋ​​ចេះ​តែ​ជឿ​ហើយ​ទៅ​លើ​រឿង​នេះ​ តែ​បើ​ពិនិត្យ​ទៅ​លើ​លក្ខណៈ​ជាក់​ស្តែង​វិញ គឺ​ដើម​ជ្រៃ​នេះ​​បាន​រលំ​ទៅ​ហើយ​ តែ​ដោយ​សារ​គល់​មាន​ស្មែង​ឫស​ច្រើន​ដែល​មាន​ទំងន់​ធ្ងន់​ ហើយ​ធំ​វា​ក៏​​ផ្ងា​រ​ត្រង់​ឡើង​វិញ ។ ចំពោះ​ជំនឿ​របស់​ប្រជា​ជនខ្ញុំ​​មិន​ហ៊ាន​ហាម​ឃាត់​ទេ ព្រោះ​ពួក​គាត់​ចង់​បាន​សេចក្តី​សុខ​ ដូច្នេះ​ពួក​គាត់​ក៏​នាំ​គ្នា​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​មក​បន់​ស្រន់​ តែ​ទោះ​បី​ជា​យ៉ាង​ណា​រឿង​នេះ​នឹង​ស្ងប់​ស្ងាត់​ទៅ​វិញ​ជា​មិន​ខាន​» ។ តាម​លោក​​តា​ លោក​យាយ​ដែល​នៅប្រចាំ​ការ​រោង​បុណ្យ​ក្បែរ​ដើម​ជ្រៃ​នោះ​​ឱ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះ​គំរប់​៧​ថ្ងៃ​ នឹង​ធ្វើ​បុណ្យ​រាប់​បាត្រ​ ដល់​ព្រះ​សង្ឃ​ដើម្បី​សុំ​សេចក្តី​សុខ​ សេចក្តី​ចំរើន​ផង​ និង​ឧទ្ទិស​ផល​បុណ្យ​បារមី​របស់​ដើម​ជ្រៃ​នេះ​ផង៕