ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃ​វែង អណ្តូង​ស្នប់​បូម​ទឹក​លែង​ចេញ

14 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តា​ស្រុក​​មួយ​ចំ​នួនក្នុងខេត្ត មានស្រុក​ស្វា​យ​អន្ទរ​ បាភ្នំ​ កំពង់​ត្រ​បែក​​ និ​ង​ស្រុក​ព្រះ​ស្តេច​​​​ បច្ចុប្បន្ន​​កំពុង​​ជួប​បញ្ហា​​ខ្វះ​​ទឹក​ប្រើ​ប្រាស់​​​​​ជ​ា​​លក្ខ​ណៈ​​ គ្រួសារ​ ក៏​ដូច​ជា​ប្រើ​ប្រាស់​​ក្នុង​ការ​​បូម​ដាក់​ស្រូវ​ប្រាំង​​​ ឬ​ស្រោច​ផល​ដំណាំ​​។ ​

ខេត្ត​ព្រៃ​វែង ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តា​ស្រុក​​មួយ​ចំ​នួនក្នុងខេត្ត មានស្រុក​ស្វា​យ​អន្ទរ​ បាភ្នំ​ កំពង់​ត្រ​បែក​​ និ​ង​ស្រុក​ព្រះ​ស្តេច​​​​  បច្ចុប្បន្ន​​កំពុង​​ជួប​បញ្ហា​​ខ្វះ​​ទឹក​ប្រើ​ប្រាស់​​​​​ជ​ា​​លក្ខ​ណៈ​​គ្រួសារ​ ក៏​ដូច​ជា​ប្រើ​ប្រាស់​​ក្នុង​ការ​​បូម​ដាក់​ស្រូវ​ប្រាំង​​​ ឬ​ស្រោច​ផល​ដំណាំ​​។

លោក​ម៉ម សុភាត មេភូមិ​​កន្លោង​​ ​​ក្នុង​ឃុំ​ទឹក​ថ្លា​ ស្រុក​ស្រាយ​​អន្ទរ​​ បាន​​​ឱ្យ​​​ដឹង​ថា​​​​ ប្រ​ជា​ពល​រដ្ឋ​ក្នុងភូមិ​​លោក​​​ដែលមាន​ចំនួន១៤០​​គ្រួសារ​ កំពុង​​ប្រឈម​នឹង​ការ​គ្មាន​ទឹក​ប្រើ​ប្រាស់​ជា​លក្ខណៈ​​គ្រួសារ​ប្រ​ចាំ​ថ្ងៃ​​​ មូល​ហេតុ​ដោយ​សារ​​អណ្តូង​​ដែល​ពួក​គាត់​​បាន​​ប្រើ​ប្រាស់​ជា​លក្ខណៈ ​គ្រួសារ​ដែលមាន​ជម្រៅពី​​៣០​ទៅ​៤០​ម៉ែត្រ​​ មួយ​ចំនួន​ធំ​លែង​ចេញ​ទឹក​ សប់​ក៏​មិន​ចេញ​​ ទោះ​ជា​បាញ់​ខ្យល​់​​បញ្ចូល​​​​​​ក៏លែងចេញ​​ ​។ លោក​បន្ត​ថា ​​ក្នុង​​ភូមិ​កន្លោង​​របស់​លោក​​មាន​អណ្តូង​​៧៨​​អណ្តូង​ដែល​នៅ​ប្រើ​ប្រាស់​បាន​​មាន​ចំនួន​​តិច​តួច​បំ​ផុត​ ដែលក្នុង​​១០​គ្រួសារ​​រួម​គ្នា​មក​ប្រើ​ប្រាស់​​អណ្តូង​តែ​មួយ​​ដែល​នៅ​ចេញ​ ដោយ​សារ​អណ្តូង​នោះ​​​​គេ​បុកក្នុង​ជម្រៅ​ពី​៧០ម៉ែត្រ​ ទៅ​៨០​ម៉ែត្រ​ ហើយ​ចំ​ខ្សែ​ទឹក​។

លោក​តាក់ រ៉ន​ ដែល​រស់​នៅ​ក្នុង​ភូមិ​​នោះ​បញ្ជាក់​ថា ​ប្រជា​ពល​រដ្ឋ​ជាង​១០​គ្រួសារ​​មក​យក​ទឹក​ពី​អណ្តូង​របស់​គាត់​ទៅ​ប្រើ​ប្រាស់​​ ចាប់​តាំងពី​ម៉ោង​​៣​ទៀ​ប​ភ្លឺ​ រហូត​ដល់​​ម៉ោង​៧-៨​ព្រឹកទើប​ស្ងាត់​។ ​លោក​ឆូវ​ ឌុំ​ ​មេ​ឃុំ​ទឹក​ថ្លា​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ​​​​​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​នេះ​មាន​ចំនួន​២.៣០០​គ្រួសារ​​ មាន​អណ្តូង​ប្រើ​ប្រាស់​​ស្ទើរ​គ្រប់​​គ្រួសារ​ ប៉ុន្តែបច្ចុប្បន្ន​មាន​ភូមិ​​ចំនួន​២​​ គឺ​ភូមិ​កន្លោង​១ និង​ភូមិ​​ព្រៃ​​ស្វាយ​ កំពុង​ជួប​បញ្ហា​​​ខ្វះ​ទឹក​ប្រើ​ប្រាស់​​ ដោយ​សារអណ្តូង​​ដែលពួក​គាត់​បុក​​​​​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ​​​នោះ​សប់​លែង​ចេញ​។

ចំណែក​ប្រជា​បលរដ្ឋ​​នៅស្រុក​បាភ្នំ​ក៏ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុកកំពង់​ត្របែក​ដែរ ពួក​គាត់បាន​ត្អូញ​ត្អែរ​​ថា ​សព្វ​ថ្ងៃ​​​ពួក​គាត់​​ក៏​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើ​ប្រាស់​ដែរ ដោយ​សារ​បឹង​ បួ​​ រីង​​អស់​​ ឯ​អណ្តូង​ទឹក​ក៏​សប់​លែង​សូវ​ចេញ​​តិចៗ​ ដូច្នេះ​ពួកគាត់​មានការ​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​ចំពោះ​​​បញ្ហា​ទឹក​នៅថ្ងៃ​ខាង​មុខ​។ ​ឯ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ក្នុងស្រុក​ព្រះ​ស្តេច​ទាំង​មូល​​ កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ជា​លក្ខ​ណៈ​គ្រួ​សារ​ ក៏​ដូច​ជា​​សម្រាប់​ប្រើ​ប្រាស់​​ធ្វើ​ស្រែ​​យ៉ា​ង​ធ្ងន់​ធ្ង​រ​ជា​ទី​​បំផុត​ ដោយ​សារ​នៅ​ក្នុង​​ភូមិ​​សាស្ត្រ​ស្រុក​ពុំ​សម្បូរ​​បឹង​​-ទន្លេ​ ប្រជា​ពល​រដ្ឋ​ធ្វើ​ស្រែ​​ពឹង​​​ផ្អែក​លើការ​បុក​អណ្តូង​​បូម​​យក​ទឹក​​ ឥឡូវ​​អណ្តូង​លែង​សូវ​ចេញ​​ហើយ គឺ​ចេញ​តិច​បំ​ផុត​។

ព្រះ​ចៅ​អធិការ​វត្ត​​ទួល​ពោធិ​អង្គ​ ឬ​វត្ត​​ពោធិ​​តាតន់​​ ហៅ​​វត្ត​ថ្មី​ នាម​ស សុវត្តិ ​មាន​ថេរ​ដីកាថា ​បច្ច​ប្បន្ន​​​ប្រជ​ាពល​រដ្ឋ​​ដែល​រស់​នៅ​ជុំ​វិញ​​វត្ត​នេះ​ កំពុង​​​​នូវ​ការ​ខ្វះ​ខាត​ទឹក​​​ប្រើប្រាស់​​​ទាំង​ស្រុង​ ដោយ​អណ្តូង​​​ពួក​គាត់​លែង​ចេញ​​​​ ក៏​នាំ​គ្នា​មក​ប្រើ​ប្រាស់​​​អណ្តូង​​នៅក្នុង​​វត្ត​​នេះ​ ​។ ជាក់​ស្តែង​ចាប់​តាំង​ពី​​ខែ​វិច្ឆិកា-ធ្នូ​ ឆ្នាំ​២០១១ រហូត​មក​ដល់​ខែ​មករា​ នេះ​ បញ្ហា​ខ្សត់​ទឹក​កំពុងតែ​ចោទ​​ឡើង​ ដែល​គ្រប់​គ្នា​ចាប់​ពី​ម៉ោង​៣​ទៀ​ប​ភ្លឺ​​ រហូត​ដល់​ម៉ោង​​៨​ព្រឹក​​​ ​នាំ​គ្នា​មក​ជញ្ជូន​ទឹក​​ លុះ​ដល់​​ល្ងាច​​ចាប់​ពី​ម៉ោង​​​៥ រហូត​​ដល់​ម៉ោង៧ទៅ​៨​យប់​​​ ​ប្រជ​ា​ពល​រដ្ឋ​ដែល​នៅ​ជុំវិញ​វត្ត​​​ នាំ​គ្នា​មកយក​ទឹក​ពី​អណ្តូង​វត្ត​​​ទៅ​ប្រើ​ប្រាស់​​​​។

លោក​​អ៊ុក​ សុផល​ អភិ​បាល​រង​ស្រុក​​ព្រះ​ស្តេច​​​មាន​ប្រ​សាសន៍​ថា ​លោកបាន​ដឹង​ពី​បញ្ហា​នេះ​​ច្បាស់​ណាស់​​​ ហើយ​​​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​ ព្រោះ​នៅក្នុង​​ស្រុក​ព្រះ​ស្តេច​ទាំ​ង​មូល​​មាន​១១​ឃុំ​ ដែល​ត្រូវ​ប្រឈម​នឹង​ការ​អត់​ទឹក​ប្រើ​ប្រាស់​ ក្នុង​នោះ​​​អត់​ទាំង​​ស្រុង​​មាន​ឃុំ​អង្គ​​ររាជ្យ​ ឃុំ​ព្រះ​ស្តេច​ និង​ឃុំ​បឹង​ដោល​ ដែល​អណ្តូង​​ស្នប់​​បូម​លែង​ចេញ​ ក្រៅ​ពី​នេះ​នៅ​ចេញតិច​ៗ។ ​លោក​បន្ត​ថា ស្រុក​ព្រះ​ស្តេច​​​គ្មាន​បឹង​-ទន្លេ​ដែល​ជា​ប្រ​ភព​ទឹក​​​​​ក្នុងការ​ធា​នាន​​ូវ​ការ​​ប្រើ​ប្រាស់​​​ជាលក្ខណៈ​គ្រួសារ​ និង​​ធ្វើ​ស្រែ​​ចម្ការទេ​ ដូច្នេះ​លោក​​បាន​ធ្វើ​​​ការ​ប្រជុំ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ពល​រដ្ឋ​​ ដើម្បី​ឱ្យ​​ពួក​គាត់ព្យា​យាម​ជីក​ស្រះ​​ សម្រាប់​​ស្តុប​ទឹក​ទុក​ប្រើប្រាស់​​ជា​ការ​ជួយ​​សម្រួល​ពី​ការ​បុក​អណ្តូង​​​​១​​ ដែល​មាន​តម្លៃ​ពី​៨០​ម៉ឺន​​​ទៅ​១លាន​២សែន​រៀល​​ បុក​អស់​លុយ​ហើយ​ប្រើ​មិន​បាន​​​គ្រប់​គ្រាន់​​ ដោយ​សារ​អណ្តូង​​ចេញ​​ទឹក​តិច​ពេក​ ឬ​មិន​ចេញ​តែ​ម្តង​។

ជុំវិញ​បញ្ហា​ខាង​លើនេះ​ ទាក់​ទង​ទៅ​នឹង​ស្ថា​ប័ន​ទាំង​៤​មាន មន្ទីរ​ធន​ធា​ន​ទឹក​​ ​មន្ទីរ​ឧស្សា​ហ​កម្ម​​រ៉ែ​ និ​ង​ថាម​ពល​ មន្ទីរ​បរិ​ស្ថន​ និងមន្ទីរ​​​អភិវឌ្ឍ​​ជន​បទ​​ ក្រុម​មន្ត្រី​​​និយាយ​​ប្រហាក់​ប្រហែល​គ្នា​ថា ​ជាការ​ពិត​ណាស់​​ចាប់​តាំង​ពី​ឆ្នាំ​​១៩៨៥​ រហូត​ដល់​​ឆ្នាំ​​១៩៩០​ ទឹក​នៅក្រោ​ម​ដី​មាន​ជម្រៅ​​ពី​​៥,៥០ម៉ែត្រ​។ ទៅ​៦,៥​ម៉ែត្រ​​ មក​ដល់​ឆ្នាំ​​២០១០​ រហូត​ដល់​ឆ្នាំ​២០១២​នេះ​ ទឹក​នៅ​ក្រោម​ដី​​មាន​ជម្រៅ​ពី​៧​មែ៉ត្រ​ រហូត​ដល់​​៩​,៣០​ម៉ែត្រ​​ទៅ​តាម​តំបន់​​ មាន​ន័យ​ថា ​​ទឹក​ចេះ​តែ​មាន​ជម្រៅ​ជ្រៅ​ទៅ​ៗ​​​ ធ្វើ​ឱ្យ​​​តំបន់​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើ​ប្រាស់​​ជា​លក្ខ​ណៈ​គ្រួសារ​​​​ ក៏​ដូច​ជា​សម្រាប់​​​បូម​ប្រើប្រាស់​ធ្វើ​ស្រែ​។​ ​ពេល​នេះ​​ ក្រុម​មន្ត្រី​ជំនាញ​​កំពុង​ចុះ​ទៅ​ពិនិត្យ​ជាក់​​ស្តែង​ ដើម្បី​​ងាយ​ស្រួល​ក្នុង​ការ​​រក​វិធី​ដោះ​ស្រាយ​​៕