រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពយល់ព្រមតាមសំណើរបស់លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំសាងសង់ស្តូបអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជា វិជ្ជា ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់កាលពីថ្ងៃទី២២ មករា ២០០៤ ។
ការយល់ព្រមអោយមានការសាងសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធលោកជា វិជ្ជា ពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នាពេលនេះ គឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចបានទទួលនិងពិនិត្យលើលិខិតស្នើសុំចុះថ្ងៃទី៣១ ធ្នូ ២០១១ របស់លោកជា មុន្នី ដែលត្រូវជាប្អូនបង្កើតរបស់លោកជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងចំណារយល់ព្រមលើលិខិតស្នើសុំរបស់ លោកជា មុន្នី ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣ មករា ២០១២នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាអោយអភិបាលរាជធានីភ្នំពេញ លោកកែប ជុតិមា រៀបចំកសាងដោយមានការពិភាក្សាគ្នាមុនជាមួយ លោកជា មុន្នី ផងដែរ ។
គួររំលឹកថា លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី២២ មករា ២០០៤ ខណៈពេលដែលលោកកំពុងអានកាសែតនៅតូបលក់កាសែតខាងក្រោយវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រមាណ១សបា្តហ៍ក្រោយមកជនសង្ស័យពីរ
នាក់គឺប៊ន សំណាង និងសុខ សំអឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ។
ការចាប់ខ្លួនជនសង្ស័យទាំងពីរនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាមជ្ឈដ្ឋានមួយចំនួនស្នើសុំអោយមានការដោះលែង ដោយសំអាងថាអ្នកទាំងពីរពុំមានការពាក់ព័ន្ធនឹងការស្លាប់របស់លោកជា វិជ្ជា និងបានចាត់ទុកប៊ន សំណាង និងសុខ សំអឿន គឺជាឃាតកសិប្បនិម្មិតដែលគេប្រឌិតឡើងតែប៉ុណ្ណោះ។ បន្ទាប់មក តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១ សីហា ២០០៥ បានបើកសវនាការដោយសម្រេចកាត់ឱ្យប៊ន សំណាង និងសុខ សំអឿន ជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ពីបទឃុបឃិត ប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុនលើរូបលោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយមកទៀត ទណ្ឌិតប៊ន សំណាង និង សុខ សំអឿន បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ប្តឹងជំទាស់សាលក្រមតុលាការក្រុងភ្នំពេញ។ បើទោះជាមានមេធាវី សាក្សី និងអង្គការសិទ្ធិមនុស្សជាច្រើនបញ្ជាក់អំពីភាពគ្មានទោសកំហុសរបស់លោកប៊ន សំណាង និងសុខ សំអឿន ក៏ដោយ ក៏កាលពីថ្ងៃទី១២ មេសា ២០០៧ សាលាឧទ្ធរណ៍បានចេញសាលដីកាសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញទុកជាបានការ ដោយឱ្យលោកប៊ន សំណាង និងសុខ សំអឿន ជាប់ពន្ធនាគារបន្តទៅទៀត ។
ទោះជាយ៉ាងណាកាលពីថ្ងៃទី១ មករា ២០០៩ តុលាការកំពូលបានប្រកាសសាលដីកាដោះលែងប៊ន សំណាង និងសុខ សំអឿន ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នរហូតមកទល់នឹងពេល នេះ ដោយសារតែសាលាឧទ្ធរណ៍កន្លងមក មិនបានសម្រេចឱ្យមានការស៊ើបអង្កេតជាថ្មីចំពោះសំណុំរឿងឃាតកម្មមួយនេះ។
សូមបញ្ជាក់ទៀតថា នៅរៀងរាល់ឆ្នាំចាប់តាំងពីការស្លាប់របស់លោកជា វិជ្ជា នោះមក ពោលគឺនៅថ្ងៃទី២២ មករា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោក ជា មុន្នី និងក្រុមមន្រ្តីគណបក្សប្រឆាំង ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលមួយចំនួន តែងតែធ្វើពិធីហែក្បួនទៅគោរពវិញ្ញាណក្ខន្ធលោកជា វិជ្ជា នៅក្រោយវត្តលង្កា ទីដែលលោកត្រូវបានគេបាញ់សម្លាប់ដោយអាថ៌កំបាំង និងបានស្រែកទាមទារអោយរាជរដ្ឋាភិបាលចាប់ឃាតកពិតប្រាកដយកមកផ្តន្ទទោស និងស្នើអោយរកទីតាំងសាងសង់ស្តូបរំលឹកវិញ្ញាណក្ខន្ឋនោះថែម ទៀត។ ប៉ុន្តែមកទល់នឹងពេលនេះ ឃាតកពិតប្រាកដដែលសម្លាប់លោកជា វិជ្ជា នៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ ចំណែកមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងកន្លងមកថា សំណុំរឿងឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់បានបិទបញ្ចប់ការស៊ើបអង្កេតនៅឡើយទេ ។
គួរបញ្ជាក់ដែរថា នៅក្នុងលិខិតរបស់លោក ជា មុន្នី គឺបានស្នើសុំទីតាំងសាងសង់អោយបានសមរម្យក្នុងទំហំដី១ម៉ែត្រក្រឡា ស្ថិតនៅពយសួនច្បារខាងលិចវិមានឯករាជ្យ និងខាងជើងវត្តលង្កា ។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មិនទាន់អាចរកសុំការអត្ថាធិប្បាយបាននៅឡើយទេនៅព្រឹកថ្ងៃទី៣ មករានេះ ៕ ស.សុខុម
ចែករំលែកព័តមាននេះ