ខេត្តសៀមរាប ៖ បុរស២នាក់ត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នាក្រៅ ធ្វើការចាប់ខ្លួនចងក្រងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ស្តីពីព្រៃឈើ បន្ទាប់ពីពួកគេទាំង២នាក់នោះព្យាយាមធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងដែលមានតម្លៃប្រមាណជាង៤ម៉ែត្រគូប តាមរថយន្តកូរ៉េមួយគ្រឿង ដោយបង្កប់ក្រោមបាវដំឡូងមីស្ងួត និងអង្កាម ពីខេត្តព្រះវិហារជាប់ព្រំដែនសៀមឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងបន្តទៅប្រទេសវៀតណាម ។
ការបង្ក្រាបទៅលើរថយន្តកូរ៉េដឹកឈើគ្រញូងនេះធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១២ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ៦៧ ក្នុងភូមិសាស្ត្រភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ក្រោមបញ្ជាពីលោកទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ។
ទាក់ទិនទៅនឹងករណីបង្ក្រាបរថយន្ដដឹកឈើគ្រញូងនេះនាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លោកម៉ុង ប៊ុនលីម ដែលបានទទួលបញ្ជាធ្វើការស្ទាក់ចាប់ដោយផ្ទាល់បានថ្លែងឱ្យដឹងថា ដោយមានការសង្ស័យទៅលើរថយន្តកូរ៉េខាងលើយើងបានសុំគោលការណ៍ពីថ្នាក់លើ ដើម្បីធ្វើការស្ទាក់ត្រួតពិនិត្យ ។ ក្រោយពីស្ទាក់ត្រួតពិនិត្យឃើញថា រថយន្តនោះដឹកបាវដំឡូងមី និងអង្កាមជាច្រើន ប៉ុន្តែដល់យើងធ្វើការឆែកឆេរនៅបាតក្រោមគឺឃើញសុទ្ធតែឈើគ្រញូង មានមុខកាត់ធំៗ ហើយភ្លាមៗនោះសមត្ថកិច្ចបានធ្វើកាតឃាត់ខ្លួនបុរស២នាក់ ក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតអះអាងថា ជាថៅកែឈើ ។
បុរសដែលឃាត់ខ្លួន ១-ឈ្មោះវ៉ាន ម៉ាច រស់នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានអះអាងថា ជាម្ចាស់រថយន្តកូរ៉េ និងឈើគ្រញូង និង២-ឈ្មោះយាន ទិន រស់នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម ជាអ្នកបើកបររថយន្តកូរ៉េដឹកឈើគ្រញូង ៕
ចែករំលែកព័តមាននេះ