រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី១០ ធ្នូ ២០១១ ផែនដីបានធ្វើដំណើរគោចរចូលទៅដល់ចំណុចប្រសព្វនៃព្រះចន្ទ ពោលគឺផែនដីបាំងបាត់ព្រះចន្ទ ឬថា ស្រមោលផែនដីបាំងព្រះចន្ទ (ពាក្យអ្នកតារាវិទូ) ប៉ុន្តែប្រជាជនកម្ពុជានៅតាមជនបទច្រើនហៅថា រាហូចាប់ចន្ទ ចំណែកអ្នកក្រុងហៅថា ចន្ទគ្រាស បានចាប់ផ្តើមបញ្ចេញនូវអព្ភូតហេតុគួរឱ្យចាប់អារម្មណ៍នៅលើផ្ទៃមេឃាល្វឹងល្វើយ ធ្លុងត្លេវអមដោយហ្វូងតារាភ្លឺផ្លេករោយរាយឥណគណនាគួរឱ្យពេចពិលរមិលមើល និងតាមដាន។
វេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១១ ធ្នូ ២០១១ ស្រមោលផែនដីបានរំកិលចូលបាំងព្រះចន្ទយ៉ាងសន្សឹមៗគួរឱ្យចម្លែកណាស់ ខណៈដែលព្រះចន្ទកំពុងតែបាចសាចរស្មីពេញបូណ៌មី របស់ខ្លួនដ៏ស្រស់ថ្លាចាំងឆ្លុះលើភពផែនដី ហើយបន្តិចម្តងៗរស្មីភ្លឺថ្លាត្រូវបានកាត់បន្ថយដោយមិនដឹងខ្លួន។ ចូលដល់វេលាម៉ោង១០យប់ ផែនដីបានគោចរចូលបាំងព្រះចន្ទពេញលេញតែម្តង ធ្វើឱ្យពន្លឺស្រស់ថ្លា ចិញ្ចែងចិញ្ចាចនៃចន្ទមណ្ឌលប្រែទៅជាស្រអាប់ក្រហមព្រឿងៗ ។ ប្រមាណ១៥នាទីក្រោយមក គឺវេលាម៉ោង១០និង១៥នាទី ផែនដីបានគោចររំកិលផុតព្រះចន្ទបន្តិចវិញ ហើយបើប្រជាពលរដ្ឋនៅតាមជនបទវិញតែងតែនិយាយថា រាហូខ្ជាក់ចន្ទបន្តិចម្តងៗវិញហើយ ហើយចំណិតព្រះចន្ទក៏ចាប់ផ្តើមជះពន្លឺស្រស់ថ្លាឡើងវិញ និងរីកធំបន្តិចម្តងៗ ប្រែទៅជារង្វង់មូលក្រឡង់…។ មកដល់វេលាម៉ោង១១និង៥៥នាទីស្ទើរពាក់កណ្តាលអធ្រាត្រព្រះចន្ទ បានលេចចេញរូបរាងពេញលេញ ហើយបញ្ចេញឱភាសភ្លឺថ្លាឆ្លុះស្បៃរាត្រីពាសអាកាសា ទោះបីពន្លឺហ្វូងតារាខំប្រឹងយ៉ាងណាក៏មិនស្មើ ដែលមើលទៅគួរឱ្យស្រឡាញ់ចូលចិត្ត និងត្រេកអរជាទីបំផុតរបស់មនុស្សម្នាទាំងពួង។
អព្ភូតហេតុចន្ទគ្រាសនេះត្រូវបានប្រជាពលរដ្ឋច្រើនលើសលប់មានជំនឿទៅតាមទំនៀមទម្លាប់ផ្សេងៗគ្នា និងមានរឿងនិទានតំណាលតាមបែបទេវកថាផងដែរ ហើយប្រជាជនមានអប្បិយជំនឿបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភង្គល។ មិនតែប៉ុណ្ណោះ មានអ្នកខ្លះគោះអង្រួនដើមឈើសុំឱ្យមានផ្លែផ្កាល្អ និងច្រើន….ដោយឡែកស្ត្រីមានផ្ទៃពោះវិញ គេមិនឱ្យចេញទៅក្រៅផ្ទះមើលចន្ទគ្រាសទេ ព្រោះខ្លាចបុត្រដែលប្រសូតមកអាប់បញ្ញា ស្លន់ស្លោស្មារតី (មិនឆ្លាតឈ្លាសវៃ) ឬល្មេចល្មើមិនគ្រប់ទឹក និងគេហៅថា មនុស្សគ្រាសកន្លង…។
លោកអ៊ឹម បូរិន ជំនួយការក្រសួងធម្មការ និងសាសនា និងជានាយកហោរាសាស្ត្រប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថា ធម្មតាគេហៅថា ចន្ទគ្រាស ឬរាហូចាប់ចន្ទ តែបើវិទ្យាសាស្ត្រគេហៅថា សារពើគ្រាស។ បើតាមក្បួនហោរាសាស្ត្រទាយថា បើចន្ទគ្រាសលេប ហើយធ្លាយតាមឆ្អឹងជំនីរនោះស្រុកទេសនឹងត្រជាក់ត្រជំ ប្រជាពលរដ្ឋមានសេចក្តីសុខ មានការរីកចម្រើនកើតស្រូវអង្ករ សំបូរហូរហៀរ ប្រជាពលរដ្ឋមិនមានការខ្វះខាត។
នាយកហោរាសាស្ត្រលោកអ៊ឹម បូរិន បញ្ជាក់ទៀតថា ចន្ទគ្រាសហូបឆ្អែតបែកធ្លាយពោះតាមឆ្អឹងជំនីរបង្ហាញនូវប្រផ្នូលល្អ ទំនាយទាយថា ល្អណាស់ ប្រទេសជាតិមិនមានកើតកលិយុគអ្វីនោះទេ ។ ទាក់ទិននឹងចន្ទគ្រាសនេះដែរ ក្នុងឆ្នាំ២០១១ បានកើតឡើងនៅព្រះរាជាណាចក្រកម្ពុជា២លើកហើយ គិតទាំងចន្ទគ្រាសថ្ងៃទី១០ ធ្នូ ២០១១ ចំណែចន្ទគ្រាសលើកទី១ គឺកើតឡើងកាលពីខែមិថុនា កន្លងទៅ ។
លោកគ្រូអ៊ឹម បូរិន បញ្ជាក់ថា បើចន្ទគ្រាសខ្ជាក់តាមមាត់ ឬជុះនោះវិញ ទំនាយទាយថា មិនសូវល្អនោះទេ កើតគ្រោះទុរ្ភិក្សរាំងរឹះ។ ជាធម្មតាចន្ទគ្រាសតែងកើតមានឡើងជារៀងរាល់ឆ្នាំគឺម្តងនៅប្រទេសនេះ ម្តងនៅប្រទេសនោះ ប៉ុន្តែ កម្ពុជាយើងឆ្នាំនេះកើតឡើង២ដង៕
ចែករំលែកព័តមាននេះ