រាជធានីភ្នំពេញ ៖ ទីតាំងផ្ទះមស្សាកោសជប់២កន្លែងក្បែរគ្នាដែលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងអំពើជួញដូរ មនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១០នាក់ ក្នុងនោះមានថៅកែហាង២នាក់ ហើយដកហូតបានស្រោមអនាម័យមួយចំនួនដែលខ្លះ ត្រូវបានប្រើប្រាស់រួចហើយ ។ ប្រតិបត្តិការនេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១១ ។
តាមព័ត៌មានបានឱ្យដឹងថា មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនោះ សុទ្ធសឹងជាមនុស្សស្រីដែលប្រកបមុខរបរកោសជប់មា៉ស្សាហើយអ្នកខ្លះបន្លំបម្រើផ្លូវភេទនៅទីនោះ នេះបើតាមការប្រាប់ឱ្យដឹងពីសមត្ថកិច្ច ។ គេនៅពុំទាន់ដឹងថា ក្នុងចំណោមស្ត្រីទាំង១០នាក់ដែលសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យជំនាញធ្វើការសួរនាំនោះ មាននរណាខ្លះដែលជាប់ពាក់ព័ន្ធនឹងរបរលក់ខ្លួននោះទេ ។
គួរបញ្ជាក់ថា ទីតាំងមា៉ស្សាកោសជប់ដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ ទី១-មានយីហោឈ្មោះចំណាន៩៩៩ និង២-ឈ្មោះ ចំណាន៧៧៧ ។ ចំពោះយីហោទាំងពីរនេះកំពុងរីកដុះដាលច្រើនសាខាណាស់នៅខណ្ឌចំការមនដែលសាខាខ្លះធ្លាប់មានភ្ញៀវចូលកោសជប់មា៉ស្សាចោទប្រកាន់ថា ធ្លាប់បន្លំលួចយកលុយភ្ញៀវ ដូច្នេះសមត្ថកិច្ចគួរពិនិត្យអំពីបញ្ហានេះផង៕
ចែករំលែកព័តមាននេះ