រាជធានីភ្នំពេញ ៖ រថយន្តកាត់ស៊ីប្រភេទតួរីស ដែលឈប់ចតហៅម៉ូយយ៉ាងអនាធិបតេយ្យនៅចំណុចគល់ស្ពានជ្រោយចង្វាប៉ែកខាងកើតលើផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវប្រើកម្លាំងសណ្តាប់ធ្នាប់ចាប់ប្រមូលយកទៅទុកនៅសាលាខណ្ឌបានចំនួន៩គ្រឿង ជាការព្រមានកុំឱ្យរថយន្តតាក់ស៊ីទាំងនោះបន្តឈប់ចតហៅម៉ូយធ្វើឱ្យបាត់បង់សណ្តាប់ធ្នាក់ផ្លូវសាធារណៈ។ ការចុះស្ទាក់ចាប់រថយន្តតាក់ស៊ីនេះបានធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី១៣-១៤និង១៥ វិច្ឆិកា តាមបទបញ្ជារបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។
តាមមន្ត្រីសាលាខណ្ឌឫស្សីកែវបានឱ្យដឹងថា រថយន្តតាក់ស៊ីប្រភេទតួរីសចំនួន៩គ្រឿង ត្រូវបានកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌឫស្សីកែវ ចុះទៅឃាត់ទុក បន្ទាប់ពីរថយន្តទាំងនោះចតត្រៀបត្រាហៅម៉ូយនៅតាមដងផ្លូវជាតិលេខ 6A ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កភាពអនាធិបតេយ្យនៅលើដងផ្លូវ។
មន្ត្រីរូបនោះនិយាយថា កន្លងមកមានរថយន្តតាក់ស៊ីជាច្រើនដែលរកស៊ីដឹកអ្នកដំណើរភ្នំពេញ កំពង់ចាម ភ្នំេពញ ខេត្តព្រៃវែង បានមកចតហៅម៉ូយនៅគល់ស្ពានជ្រោយចង្វាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ និងបាត់បង់សោភ័ណភាព រាជធានីភ្នំេពញ។ ដោយឃើញនូវភាពអនាធិបតេយ្យ សាលាខណ្ឌឫស្សីកែវបានចុះទៅណែនាំព្រមទាំងរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកមកហើយ តែអ្នករត់តាក់ស៊ីមិនស្តាប់ការណែនាំ ហើយត្រូវបានកម្លាំងសណ្តាប់ធ្នាប់របស់សាលាខណ្ឌ តាមបញ្ជារបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ចេញបង្ក្រាបជាបន្តបន្ទាប់។
ទោះបីជាយ៉ាងនេះក្តីគេពុំទាន់ដឹងពីលទ្ធផលនៃការផាកពិន័យនៅឡើយទេ ដោយរង់ចាំការណែនាំពីលោកអភិបាលរាជធានីភ្នំេពញ។ ក្រុមអ្នករត់តាក់ស៊ីបាននិយាយឱ្យដឹងថា ពួកគាត់ជាអ្នករត់តាក់ស៊ី បានចតហៅម៉ូយនៅគល់ស្ពានបង់ប្រាក់ឱ្យមន្ត្រីនគរបាលក្នុងរថយន្ត១គ្រឿង២ម៉ឺនរៀល ទើបអាចចតបែបនេះបាន។
គួរបញ្ជាក់ថា នៅគល់ស្ពានជ្រោយចង្វាត្រង់ហាងនំប៉័ងភ្នំេពញ បានក្លាយទៅជាចំណតរថយន្តអនាធិបតេយ្យ ដោយសារតែប៉ូលិសត្រួតត្រាទីនោះបានទទួលលាភសក្ការៈ ដែលគេសង្ស័យថា «ចង្វាចិញ្ចឹមឆ្តោ»។
ប៉ុន្តែពេលនេះ លោកកែប ជុតិមា បញ្ជាឱ្យបំបាត់ ប្រាកដជាមិនជាទីពេញចិត្តអ្នកត្រួតត្រាទីនោះឡើយ៕
ចែករំលែកព័តមាននេះ