អ្នកបុរាណវិទ្យា និងអ្នកវិទ្យាសាស្ដ្រកសិកម្មនៃប្រទេសវៀតណាម មានចំងល់ទៅលើរឿងរ៉ាវដ៏ចម្លែកអំពីគ្រាប់ស្រូវមួយចំនួនដែលបានដុតកាលពី៣០០០ឆ្នាំមុន ហើយត្រូវបានជីករកឃើញនៅក្នុងទីតាំងបុរាណមួយនាទីក្រុងហាណូយ ដែលអាចដុះចេញ ជាដើមបាន ប៉ុន្ដែទោះបីយ៉ាងណា ពេលបច្ចុប្បន្នគេមិនអាចធ្វើការសន្និដ្ឋានបានឡើយ ។ លោកឡាំ ធីមីឌុង (Lam Thi My Dung) អ្នកបុរាណវិទ្យាមកពីមហាវិទ្យាល័យសង្គមសាស្ដ្រ និងមនុស្សសាស្ដ្រក្រុងហាណូយបានឱ្យដឹងថា កាលពី១ខែមុន ក្រុម ការងារស្រាវជ្រាវបានជីកទីតាំងបុរាណ
ថាញ់ដេន (Thanh Den) ដែលរហូតមកដល់ខែឧសភានេះ បានប្រទះឃើញគ្រាប់ស្រូវនៅក្នុងស្រទាប់ដីជំរៅ១ម៉ែត្រនៅក្នុងបរិវេណនោះដែលជឿជាក់ថា ជាផ្ទះបាយដ៏ធំមានចង្ក្រានដាំបាយលាតសន្ធឹងលើទីតាំងប្រហែល៣០០ម៉ែត្រការ៉េ ។
ក្រុមការងារបានប្រទះឃើញកំទេចកំទី ម្ហូបអាហារជាច្រើនប្រភេទរួមទាំងឆ្អឹងត្រី និងសំបកខ្យងផងដែរ ។ ទោះជាយ៉ាងណាក៏ ដោយអ្វីដែលធ្វើឱ្យមនុស្សជាច្រើនមានបញ្ហាចម្លែកនៅក្នុងចិត្ដនោះគឺគ្រាប់ស្រូវដែលត្រូវបានដុតចំនួន១០គ្រាប់បានដុះឡើងចេញជាដើមស្រូវ ក្រោយពីត្រាំទុកចោលក្នុងទឹកប្រហែល២ថ្ងៃ សំរាប់ធ្វើការស្រាវជ្រាវផ្នែកពូជស្រូវមក ។
រហូតមកដល់ពេលនេះនៅមិនអាចបញ្ជាក់បានថា រឿងនេះកើតឡើងដោយសារអ្វី? ប៉ុន្ដែមានកត្ដាមួយដែលអាចបញ្ជាក់បាន គឺគ្រាប់ស្រូវដែលជីកបានក្នុងតំបន់ខាងលើមានអាយុកាលប្រហែលពី២.៥០០-៣.០០០ ឆ្នាំ នេះបើតាមការគូសបញ្ជាក់របស់លោក ឡាំធីមី ឌុង ។ ដោយឡែកលោកឡេ ឌ្វីហាម (Le Duy Ham) អ្នកវិទ្យាសាស្ដ្រកសិកម្មបានថ្លែងបញ្ជាក់ថា ជារឿងដ៏ពិបាកបំផុតដែលគ្រាប់ស្រូវពូជដែលមានអាយុកាលប្រហែល៣,០០០ឆ្នាំ អាចដុះឡើងបាន ទោះបីជាក្នុងអំឡុងពេលមុននេះ ធ្លាប់លេចឮដំណឹងក៏ដោយ ប៉ុន្ដែក៏មិនមែនអាយុកាលដ៏ចំណាស់បែបនេះដែរ ។
លោកហាមបានឱ្យដឹងថា “ជាមូលដ្ឋាន គឺជារឿងដែលកើតឡើងដ៏ពិបាកចំពោះគ្រាប់ស្រូវដែលមានអាយុប្រហែល៣,០០០ឆ្នាំ អាចដុះឡើង ។ ទោះជាយ៉ាងណាក៏ដោយ វាប្រហែលអាចទ្រទ្រង់ស្ថានភាពនៃការរស់រានមានជីវិតបាន ប៉ុន្ដែក្នុងស្ថានភាពបរិស្ថាននៅជុំវិញយើងមិនបានដឹងច្បាស់”។ ដោយឡែកលោកឡាំ ធីមីឌុង អ្នកបុរាណវិទ្យារបស់វៀតណាមបានគូសបញ្ជាក់ ឱ្យដឹងទៀតថា “ចាត់ទុកថា ជាការស្រាវជ្រាវរកឃើញដ៏សំខាន់ បង្កើនការឈានមុខក្នុងផ្នែកស្រាវជ្រាវ ។ យើងត្រូវឆ្លើយតបនឹងសំណួរផ្សេងៗ ដូចជាសំណួរសួរថា តើជាពូជស្រូវអ្វី? ហេតុអ្វីបានជាអាចដុះឡើងបានក្រោយពីដុតចោលកាលពី៣.០០០ឆ្នាំមុន? ស្រូវប្រភេទនេះត្រូវបានរក្សាទុកក្នុងសភាពបរិស្ថានបែបណា និងមានលក្ខណៈពូជដូចម្ដេច?” ។
សំរាប់លោកហាម អ្នកវិទ្យាសាស្ដ្រផ្នែកកសិកម្មរបស់វៀតណាមបានបន្ដឱ្យដឹងទៀតថា “ចាត់ទុកថា ជាការប្រទះឃើញស្រូវពូជបុរាណដ៏ធំធេង ដែលអាចយកមកកែច្នៃឱ្យក្លាយជាស្រូវក្នុងពេលបច្ចុប្បន្ន និងជាការប្រទះឃើញដ៏មានអត្ថន័យទាំងផ្នែកប្រវត្ដិសាស្ដ្រ និងពូជស្រូវ” ៕
ចែករំលែកព័តមាននេះ