ខេត្តតាកែវ ៖ ប្រជាពលរដ្ឋចំនួន២០០នាក់មកពីភូមិចំនួន២ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ បានលើកគ្នាទៅសាលាសង្កាត់ដើម្បីឱ្យចៅសង្កាត់ អាជ្ញាធរក្រុង និងជំនាញជលផលជួយដោះស្រាយរឿងមន្ត្រីជលផលសាមងរបស់ពួកគាត់ដែលពង្រាយនៅក្នុងទឹកបឹងដើម្បីយកត្រីមកដោះស្រាយជីវភាពគ្រួសារ។ ប្រជាពលរដ្ឋលើកគ្នាតវ៉ានេះកាលពីព្រឹកថ្ងៃទី៦ តុលា ហើយមានការចូលរួមបកស្រាយពីលោកគឹម សារិទ្ធ ប្រធានរដ្ឋបាលជលផលខេត្ត លោកអ៊ូច ភា អភិបាលក្រុងដូនកែវ លោកឆុក អេងលី អធិការក្រុង និងលោកម៉ែន ចឹម ចៅសង្កាត់បារាយណ៍។
លោកចៅសង្កាត់បារាយណ៍ឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅភូមិធន់មន់ខាងត្បូង និងធន់មន់ខាងជើងតវ៉ាឱ្យជួយដោះស្រាយពីរឿងមន្ត្រីជលផលសាយកមងរបស់ពួកគាត់ដែលដាក់យកត្រីនៅក្នុងបឹងក្បែរភូមិ។ បើតាមប្រជាពលរដ្ឋម្ចាស់មងម្នាក់ឈ្មោះអ៊ូច ជា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធន់មន់ខាងជើងឱ្យដឹងថា អ្នកភូមិធន់មន់ទាំង២ ខែប្រាំងធ្វើស្រែ ខែទឹកឡើងនេសាទត្រីសម្រាប់ចិញ្ចឹមជីវិត ។ កាលពីព្រឹកថ្ងៃទី៥ តុលា មន្ត្រីជលផល២ទៅ៣ទូកបានសាមងនៅក្នុងទឹកបឹងដែលដាក់នៅក្បែរភូមិចំនួនជាង១០គ្រួសារ ដែលក្នុង១គ្រួសារមានមង១២ដៃ, ១០ដៃ, ៦ដៃ ហើយក្នុង១រដូវបានបង់លុយឱ្យមន្ត្រីជលផលពី១០ម៉ឺនទៅ៣០មឺុនរៀល ។ អ្នកភូមិទាំង២នេះគ្មានមុខរបរអ្វីក្រៅពីនេសាទត្រីដោយដាក់មងទេ។
លោកកឹម សារិទ្ធ ប្រធានរដ្ឋបាលជលផលខេត្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋថា មងដែលមន្ត្រីរបស់លោកប្រមូលនោះជាប្រភេទមង៣ជាន់ដែលច្បាប់ហាមឃាត់ តែបើពលរដ្ឋដាក់មងប្រភេទធម្មតាគ្មានអ្នកណាហាមឃាត់ឬចាប់ឡើយ ។ ចំពោះការដាក់មងធម្មតារបស់ពលរដ្ឋកន្លងមកនោះច្បាប់ក៏បានកំណត់ពីចំនួនដៃដែរ តែសមត្ថកិច្ចមានការយោគយល់ណាស់ដើម្បីឱ្យប្រកបមុខរបរនេះ។
លោកកឹម សារិទ្ធ បន្តទៀតថា ពីពេលនេះទៅសូមប្រជាពលរដ្ឋកុំជ្រើសរើសប្រភេទមង៣ជាន់មកប្រើឱ្យសោះ ទាំងសៃយុឺន ព្រួល និងប្រភេទលូស្បៃមុងផ្សេងៗទៀត គឺត្រូវដាក់មងធម្មតាវិញ។ បើមានអ្នកទៅយកលុយប្រជាពលរដ្ឋសូមប្រាប់ឈ្មោះឱ្យច្បាស់ និងប្តឹងរូបលោកដើម្បីដោះស្រាយជូន ៕
ចែករំលែកព័តមាននេះ