កាលពីថ្ងៃអង្គារសប្តាហ៍នេះបណ្តាកសិករឥណ្ឌាបានគម្រាមថានឹងឆាឆៅបង្អាក់ការប្រណាំងរថយន្តហ្វមមូឡាវ័នជាលើកទី១ក្នុងប្រទេសឥណ្ឌានាងចុងខែនេះ។ ការនិយាយបែបនេះបានកើតមានឡើងដោយសារតែពួកគេមានការខឹងនឹងការរឹបអូយកដីរបស់ពួកគេទៅធ្វើជាទីលានប្រណាំងដោយពុំមានប្រាក់សំណងចំពោះការរឹបអូសយកដីនោះឡើយ។
ទីលានប្រណាំងរថយន្តហ្វមមូឡាវ័ននៅតំបន់Greater Noidaជាយក្រុងញូវដេលីដែលកំពុងតែសាងសង់ជិតរួចរាល់១០០%នោះបានចំណាយទឹកប្រាក់អស់ប្រមាណជា៣៥០លានដុល្លារអាមេរិក ។
អ្នកតំណាងក្រុមកសិករឈ្មោះ Virender Dhadaបាននិយាយថា៖«យើងមិនប្រឆាំងមិនឲ្យមានការកម្មវិធីប្រណាំងនោះទេ ប៉ុន្តែយើងគិតថា យើងគួរតែទទួលបានកុងត្រាដោះដូរមួយ។ យើងដង្ហែក្បួនជំទាស់តវ៉ា ហើយនាំគ្នាអង្គុយនៅជាប់នឹងក្នុងផ្លូវប្រណាំងចាប់ពីថ្ងៃទី២៣តុលាគឺធ្វើរហូតដល់ការតវ៉ារបស់ពួកយើងត្រូវបានគេស្តាប់ឮ»។
បណ្តាកសិករបានទាមទារឲ្យមានសំណងបន្ថែមទៀត ព្រមទាំងឱកាសទទួលបានការងារក្នុងពេលប្រណាំងពីព្រោះពួកគេអះអាងថា ការរស់នៅរបស់ខ្លួនត្រូវបានឆក់យកទៅតាមដីដែលគេដកហូតយកទៅធ្វើទីលានប្រណាំងBuddh International Circuit។
តំណាងក្រុមកសិករ Virender Dhadaបាននិយាយទៀតថា៖«យើងទាមទារអ្វីដែលជាសិទ្ធិរបស់យើងប៉ុណ្ណោះ។ អាជ្ញាធរបានធ្វើជាថ្លង់ស្តាប់មិនឮចំពោះការទាមទារដែលស្របច្បាប់របស់ពួកយើង។ ប្រសិនជាពួកគេមានឆន្ទៈចង់ចរចាជាមួយពួកយើងក្នុងពេលឥឡូវនេះ យើងនឹងបញ្ឈប់ការទាមទារភ្លាម»។
ក្រុមហ៊ុន JP Sportsដែលជាអ្នករៀបចំការប្រណាំងបានទាត់ចោលការគម្រាមកំហែងក្នុងនាមជាការស្វែងរកប្រយោជន៍នេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមិនបញ្ចេញឈ្មោះបាននិយាយថា៖«បញ្ហានេះគឺជារឿងកំប្លែង។ ប្រជាជនមិនគួរណាគម្រាមកំហែងបែបនេះទេ ។ មានការខិតខំយ៉ាងពេញដៃពេញជើងពីក្រុមហ៊ុនក៏ដូចជាប្រទេសទាំងមូល។ តើយើងពិតជាអនុញ្ញាតឲ្យកសិករមួយក្តាប់តួចនេះបំផ្លាញចោលការប្រណាំងមែនទេ»។ មន្ត្រីរូបនេះបានបន្ថែមថា៖«យើងបានចំណាយលុយអស់៤០០លានដុល្លារ ហើយនឹងគ្រោងចំណាយ២ទៅ៣លានដុល្លារបន្ថែមទៀតប្រសិនជាចាំបាច់ដើម្បីពង្រឹងសន្តិសុខនៅនឹងកន្លែងប្រណាំង។ យើងនឹងធ្វើអ្វីមួយដើម្បីឲ្យការប្រណាំងលើកនេះទទួលបានភាពអស្ចារ្យ»។
ជម្លោះរឿងលុយកាក់នៅឥណ្ឌាគឺជារឿងសាមញ្ញដែលអំពើពុករលួយនិងច្បាប់គ្រប់គ្រងដីធ្លីហួសសម័យជារឿយៗត្រូវការចំណាយពេលយូរដោះស្រាយគ្នាតាមផ្លូវតុលាការ៕
ចែករំលែកព័តមាននេះ