យោងទៅតាមប្រភពព័ត៌មានពីកាសែតកីឡាមួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី៤ តុលា ឆ្នាំ២០១១ បានឱ្យដឹងថា ៖ លោកអាឡិច ហ្វើគូសុន គ្រូបង្វឹកក្រុមបីសាចក្រហម Man Utd បានព្រមានកីឡាកររបស់ខ្លួនឱ្យយកចិត្តទុកដាក់ខ្ពស់ពេលជួបប្រកួតជាមួយភ្ញៀវ Man City នៅថ្ងៃទី២៣ តុលា ខាងមុខនេះ ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីកីឡារបស់ក្លឹប Man Utd លោកបាននិយាយថា ៖ ក្លឹប Man City គឺជាបន្លាក្នុងកែវភ្នែករបស់លោកក្នុងការប្រជែងយកតំណែងជើងឯករដូវកាលនេះ។ លោកបានបន្តទៀតថា ក្លឹបអ្នកមានថ្មីមួយនេះគេបានចំណាយលុយច្រើនណាស់ក្នុងការទិញយកកីឡាឆ្នើមៗជាច្រើនរូប ដោយសារតែគេមានមហិច្ឆតាចង់ដណ្តើមជើងឯកជាមួយយើង តែយើងក៏មិនមានការភ្ញាក់ផ្អើលអ្វីធំដុំនោះទេ ហើយយើងត្រូវត្រៀមខ្លួនជាមុន ដើម្បីប្រដៅក្លឹប Man City ។
ទាក់ទិនទៅនឹងកីឡាករឆ្នើមរបស់ក្លឹប Man City ដែលលោកអាឡិចហ្វើគូសុន ព្រួយបារម្ភនោះ គឺមានចំនួនពីររូបគឺកីឡាករដេវីដ ស៊ីលវ៉ា និងសូជីអូ អាហ្គូរ៉ូ ។
គួររំលឹកដែរថា បច្ចុប្បន្នក្លឹប Man Utd កំពុងតែឈរលំដាប់កំពូលតារាងមាន១៩ពិន្ទុ ស្មើក្រុមលេខ២ Man City ដែរ តែគេមានគ្រាប់បាល់បញ្ចូលទី១៩គ្រាប់ លើស Man City មួយគ្រាប់៕
ចែករំលែកព័តមាននេះ