ម្ចាស់ជើងឯកក្របខណ្ឌធំ US Openនាងសាម៉ាន់ថា ស្តូសួ បានធ្លាក់ចេញពីកម្មវិធីប្រកួតតឺន្នីស China Openនៅទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីបរាជ័យក្រោមថ្វីដៃកីឡាការិនីរុស្ស៊ីម៉ារីយ៉ា គីរីឡិនកូ ក្នុងជុំទី២កាលពីថ្ងៃអង្គារទី៤តុលាកន្លងមកនេះ។ នេះគឺជាការបរាជ័យគួរឲ្យតក់ស្លុតរបស់បណ្តាជើងឯកក្របខណ្ឌធំមានដូចជា US Open ,WimbledonនិងFrench Open។
នាងស្តូសួ កីឡាការិនីលំដាប់ទី៧ពិភពលោកបានចាញ់នាងគីរីឡិនកូ ដែលជាជើងឯកកម្មវិធីនេះកាលពីឆ្នាំ២០០៥ក្នុងលទ្ធផល៥-៧,៦-១និង៥-៧។ នាងប៉េត្រា វីតូវ៉ា ជើងឯកក្របខណ្ឌធំWimbledonនិងនាងលីណា ជើងឯកក្របខណ្ឌធំFrench Openសុទ្ធតែបានធ្លាក់ចេញក្នុងជុំទី១ដូចគ្នា។
កាលពីប្រកួតនៅប្រទេសជប៉ុនសប្តាហ៍មុននាងស្តូសួក៏ធ្លាប់បានបរាជ័យក្រោមថ្វីដៃនាងគីរីឡិនកូម្តងរួចមកហើយ។ ចំណែកកីឡាការិនីលំដាប់ទី១ពិភពលោកសញ្ជាតិដាណឺម៉ាក ការ៉ូលីន វ៉ូនីអាកគី ដណ្តើមបានជ័យជម្នះជាថ្មីទៀតបន្ទាប់ពីបានបំបាក់កីឡាការិនីអូស្ត្រាលី ចាមីឡា ហ្គាដូសូវ៉ា ក្នុងលទ្ធផល៦-៣និង៦-៣។
ឆ្លងផុតជុំទី២ក្នុងពេលជាមួយគ្នានោះដែរ កីឡាការិនីរុស្ស៊ី អាណាស្តាសៀ ប៉ាវលូឆិនកូវ៉ា បំបាក់កីឡាការិនីអេស្ប៉ាញ ម៉ារីយ៉ា ម៉ាទីនេស សាន់ឆេស ក្នុងលទ្ធផល៦-២និង៦-៣ ខណៈកីឡាការិនីមិត្តរួមជាតិខ្លួន វេរ៉ា ហ្សូណារេវ៉ា យកឈ្នះកីឡាការិនីឆែក ក្លារ៉ា ហ្សាកូប៉ាឡូវ៉ា ក្នុងលទ្ធផល៦-៣,៤-៦។
កីឡាការិនីអ៊ីតាលី ហ្វ្លាវៀ ប៉េនីតា បានយកឈ្នះកីឡាការិនីស្លូវ៉ាគី ដានៀលឡា ហ៊ែនទូឆូវ៉ាក្នុងលទ្ធផល៦-២និង៦-១ ខណៈកីឡាការិនីបារាំង ម៉ារីយ៉ុងបាតូលី យកឈ្នះកីឡាការិនីអាមេរិកគ្រីស្ទីណា ម៉ាកហេល ក្នុងលទ្ធផល៦-២និង៦-១។ កីឡាការិនីអាល្លឺម៉ង់ អានឌ្រា ប៉េតកូវិចបានយកឈ្នះកីឡាការិនីអេស្ប៉ាញ ក្លារ៉ា សួរេស ណាវ៉ារ៉ូ ក្នុងលទ្ធផល៦-៤និង៦-៤ ។
ចំណែកលទ្ធផលនៃការប្រកួតឯកត្តជនផ្នែកបុរសវិញ កីឡាករបារាំងហ្សូ វីលហ្វ្រ៊ី សុងហ្គាបានប្រើពេលអស់២ម៉ោងបំបាក់កីឡាករប៊ុលហ្គារី ហ្គ្រីហ្គ័រ ឌីមីត្រូវ ក្នុងលទ្ធផល៧-៦និង៧-៥។ បន្ទាប់ពីទទួលបានជ័យជម្នះ សុងហ្គាបានបញ្ជាក់ថា៖ «វាពិតជាពិបាកខ្លាំងក្នុងការប្រកួតជាមួយកីឡាករឌីមីត្រូវ ដ្បិតការលេងរបស់គេពិតជាល្អណាស់។ ប៉ុន្តែយ៉ាងណា ការប្រកួតក្នុងជុំដំបូងៗបែបនេះពិតជាពិបាកហើយ។ ខ្ញុំធ្វើចលនាមិនបានល្អឡើយ ជាពិសេសការវាយកូនបាល់»៕
ចែករំលែកព័តមាននេះ