រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីព្រឹកថ្ងៃអង្គារ ទី២០ កញ្ញា បានរៀបចំធ្វើសន្និសីទកាសែតមួយនៅសណ្ឋាគារផារ៉ាន់ដា ស្ថិតនោតាមបណ្តោយមហាវិថីម៉ៅសេទុង ស្តីពីការរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណជាលក្ខណៈអន្តរជាតិចំនួន៣គូ និងការប្រកួតរវាងកីឡាករកម្ពុជា និងកម្ពុជាចំនួន៤គូ សរុបទាំងអស់ គឺមានរហូតដល់៧គូ ដែលនឹងប្រារព្ធធ្វើនៅឧទ្យានសុបិនចម្ការព្រីង ស្ថិតក្នុងខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ទោ ស៊ិន សុផាត តំណាងអគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា នេះគឺជាលើកទី១ហើយ ដែលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា រៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតជាលក្ខណៈអន្តរជាតិដ៏អស្ចារ្យបែបនេះឡើង ។ ចំពោះកីឡាករដែលត្រូវប្រកួតជាមួយកីឡាករបរទេសលើកនេះមាន កីឡាករជ័យ កុសល មកពីក្លឹបព្រះខ័នរាជ្យ ប្រកួតជាមួយ BEHZAD មកពីអ៊ីរ៉ង់ កីឡាករអូត ភូថង មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយ PECH SORIYA ជនជាតិថៃ និងកីឡាករ បឺត ខាំ មកពីក្លឹបសាលវ័ន្តកីឡា ប្រកួតជាមួយ TAN KHANOMTOM ជនជាតិថៃ ។
រីឯការប្រកួតរវាងកីឡាករកម្ពុជា និងកម្ពុជាវិញ មានចន្ថា សារីម មកពីក្លឹបយុវកីឡាខេត្តកណ្តាល ប្រកួតជាមួយខុន ស៊ីចន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ។ ពេជ្រ សីហា មកពីក្លឹបក្រសួងការពារជាតិ ប្រកួតជាមួយឡុង សុភី មកពីក្លឹបសាលវ័ន្តកីឡា ដែលជាគូសងសឹក។ សៅ ប៊ុននឿន មកពីក្លឹបក្រសួងមហាផ្ទៃ ប្រកួតជាមួយសរ សី មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ និងវ៉ាន់ ចាន់វៃ មកពីក្លឹបសិង្ហកីឡា ប្រកួតជាមួយនួន ភិរក្ស មកពីក្លឹបក្រសួងមហាផ្ទៃ ។
តាមប្រវត្តិកីឡាករថៃ ដែលត្រូវប្រកួតជាមួយបឺត ខាំ គឺកីឡាករ TAN KHANOMTOM មានអាយុ២៥ឆ្នាំ កម្ពស់១,៧៣ម៉ែត្រ ទម្ងន់៧២គីឡូក្រាម ប្រកួតបាន៦៧ដង ឈ្នះ៥៤ដង ចាញ់១១ដង និងស្មើ២ដង ហើយធ្លាប់ជាម្ចាស់ខ្សែក្រវាត់ PATAYA នៅប្រទេសថៃ ក្នុង ប្រភេទទម្ងន់៧០គីឡូក្រាម ទៀតផង ។ ឯបឺតខាំ វិញ ធ្លាប់មានប្រវត្តិប្រកួតបានរហូតដល់ទៅ២២៧ដង ចាញ់៥ដង ស្មើ២ដងប៉ុណ្ណោះ ។ ចំណែកកីឡាករ BEHZAD មានអាយុ២៨ឆ្នាំ កម្ពស់១,៧៣ម៉ែត្រ ប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ប្រកួតបាន៣៥ដង ឈ្នះ២៦ដង ចាញ់៥ដង ហើយធ្លាប់បានទទួលចំណាត់ថ្នាក់ជាកីឡាករជើងឯកប្រដាល់សេរីខ្សែក្រវាត់ប្រទេសអឺុរ៉ង់ ប្រភេទទម្ងន់៦៧គីឡូក្រាម។ ដោយឡែកសម្រាប់គូប្រកួតរបស់កីឡាករ អូត ភូថង មិនមានប្រវត្តិច្បាស់លាស់ឡើយ។
លោកឧត្តមសេនីយ៍ទោ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាករកម្ពុជា ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានល្អ ចាប់ពីពេលនេះរហូតទៅ ហើយនៅពេលប្រកួតត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងកុំធ្វើអ្វីដែលនាំឱ្យមានការប៉ះពាល់ដល់កិត្តិយសជាតិ៕
ចែករំលែកព័តមាននេះ