រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១២ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ទោះបីជាកិច្ចប្រជុំនេះនៅសល់រយៈពេលជិតមួយឆ្នាំទៀតក្តី ក៏អាជ្ញាធរត្រូវតែយកចិត្តទុកដាក់គិតគូទុកជាមុន ឱ្យបានស្រួលបួលផងដែរ ព្រោះនេះជាមុខមាត់របស់ប្រទេសជាតិទាំងមូល។
ជាក់ស្តែងកន្លងមក សាលារាជធានីភ្នំេពញ ក្រោមការដឹកនាំផ្ទាល់របស់លោកកែប ជុតិមាជាអភិបាល បានបើកកិច្ចប្រជុំជាច្រើនលើកច្រើនសារមកហើយ ក្នុងផែនការត្រៀមរៀបចំនេះ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យក្នុងរាជធានីភ្នំពេញ។ ក្នុងនោះដែលក៏មានការរៀបចំប្រព័ន្ធលូ ផ្លូវគមនាគមន៍ និងសួនច្បារជាដើម។ នៅពេលនេះសាលារាជធានីភ្នំេពញបានធ្វើការចាក់អ៊ុតកៅស៊ូមេទីមីណឺ កំណាត់មហាវិថីព្រះសីហនុចាប់ពីរង្វង់មូលវិមានឯករាជ្យរហូតដល់ស្តុបពេទ្យចិន ដើម្បីកែលំអរផ្លូវនេះ ឱ្យមានភាពស្រស់ត្រកាល លើកម្ពស់សោភ័ណភាពទីក្រុងផងដែរ។ ជាពិសេសក៏អាចជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរបានកាន់តែស្រួលជាងមុនទៀត។
ការងារអ៊ុតកៅស៊ូមេរីមីណឺនេះ ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយ ជាអ្នកអនុវត្តន៍ គឺក្រុមហ៊ុនលីសឺវីស ដែលចាប់ដំណើរការពីថ្ងៃទី២៩ សីហា ហើយគ្រោងបញ្ចប់ថ្ងៃទី៥ កញ្ញា ឆាប់ៗនេះ លើទំហំការងារចំនួន១៧៧២០ម៉ែត្រការ៉េ។
មន្ត្រីសាលារាជធានីភ្នំពេញសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមសហការ និងមានការយោគយល់ នៅពេលមានបញ្ហាកកស្ទះចរាចរណ៍ក្នុងរយៈពេលនៃការអ៊ុតកៅស៊ូនៅលើផ្លូវនេះ ធ្វើយ៉ាងណាជំរុញឱ្យបានលឿន៕
ចែករំលែកព័តមាននេះ