ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​នាយក NUM សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ត្រូវ​បាន​តុលាការ​ផ្អាក​ការងារ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​ដំបូង​រាជ​​ធានី​បាន​សម្រេច​ផ្អាក​ការ​ងារ​ទាំង​អស់​របស់​លោក​ឡោ សុជាតិ​ អតីត​សាកល​វិទ្យា​ធិការ​នៃ​សាក​ល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ និង​ជា​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​ ដោយសារ​លោក​ឡោ សុជាតិ ជាប់​ពាក់​ព័ន្ធ​បទ​ក្លែង​លិខិត​

រាជធានី​ភ្នំពេញ ៖ សាលា​ដំបូង​រាជ​​ធានី​បាន​សម្រេច​ផ្អាក​ការ​ងារ​ទាំង​អស់​របស់​លោក​ឡោ សុជាតិ​ អតីត​សាកល​វិទ្យា​ធិការ​នៃ​សាក​ល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ និង​ជា​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​ ដោយសារ​លោក​ឡោ សុជាតិ ជាប់​ពាក់​ព័ន្ធ​បទ​ក្លែង​លិខិត​សាធារណៈ និង​ប្រើ​ប្រាស់​លិខិត​ក្លែងតាម​​ក្រម​ព្រហ្ម​ទណ្ឌ​ត្រង់​មាត្រា​៦២៩​ និង​៦៣០។

ទាក់​ទិន​នឹង​សេចក្តី​សម្រេច​ផ្អាក​ការ​ងារ​របស់​លោក​ឡោ សុជាតិ ទាំង​អស់​នោះ​ ប្រភព​ព័ត៌​មាន​ពី​សាលា​ដំបូង​រាជ​ធានី​បាន​ឱ្យ​ដឹង​ថា លោក​ឡោ សុជាតិ អាយុ​៥៣​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៩៩ ផ្លូវ​ជាតិ​លេខ​៥​ ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​ អតីត​សាកល​វិទ្យា​ធិការ​នៃ​សាក​ល​វិទ្យា​ធិការ​ជាតិ​គ្រប់​គ្រង​។ កាល​ពី​អំឡុង​ខែ​កញ្ញា​ ២០១០​ លោក​ឡោ សុជាតិ បាន​ត្រូវ​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹត្យ​តែង​តាំង​ធ្វើ​ជា​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​លើ​មុខ​ងារ​បច្ចុប្បន្ន​ និង​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​។ ព្រះ​រាជ​ក្រឹត្យ​តែង​តាំង​លោក​ឡោ សុជាតិ ជា​ទី​ប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​ទទួល​ប្រាក់​បៀ​វត្ស​របស់​រាជ​រដ្ឋា​ភិ​បាល​ទេ​។ ផ្ទុយ​ទៅ​វិញលោក​​សាកល​វិទ្យា​ធិការ​​​ជាតិ​គ្រប់​គ្រង​រូប​នេះ​​បាន​យក​ព្រះ​រាជ​ក្រឹត្យ​ដែល​តែង​តាំង​លោក​ទៅ​ចុះ​ក្នុង​ទំព័រ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មិន​បាន​ដាក់​បញ្ចូល​ពាក្យ​ត្រង់​ថា «មិន​ទទួល​យក​ប្រាក់​បៀវត្ស​របស់​រាជ​រដ្ឋា​ភិ​បាល»​នោះ​ឡើយ ពោល​​គឺ​លោក​ឡោ សុជាតិ មាន​ចេតនា​ធ្វើ​ជា​ទី​ប្រឹក្សា​ផង ទទួល​ប្រាក់​បៀវត្ស​ពីរាជរដ្ឋា​ភិ​បាល​ផង។

ចំណុច​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​លោក​មេ​ធាវី​រដ្ឋា​ភិ​បាល​ គឺ​លោក​ឈិត បូរ៉ា​វុធ ដាក់​ពាក្យ​បណ្តឹង​ចូល​សាលា​​ដំបូង​រាជ​ធានី​​ចោទ​ប្រកាន់​លោក​ឡោ សុជាតិ ពី​បទ​ក្លែង​លិខិត​សាធារណៈ​ និង​ប្រើ​ប្រាស់​លិខិត​ក្លែង​។

យោង​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​លោក​មេធាវី​ រាជ​រដ្ឋា​ភិ​បាល​ត្រូវ​បាន​តំណាង​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ចេញ​ដីកា​កោះ​ហៅ​លោក​ឡោ សុជាតិ ទៅ​សាក​សួរ ។ បន្ទាប់​មក​ព្រះ​រាជ​អាជ្ញា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ រួចដាក់​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដែល​សំណុំ​រឿង​នេះ​ស្ថិត​លើ​ដៃ​លោក​ចៅ​ក្រម​កែវ មុនី បើក​ការ​សើុប​អង្កេត​។ លុះដល់​​ថ្ងៃ​ទី​២៩​ សីហា ២០១១ ចៅ​ក្រម​បាន​កោះ​ហៅ​លោក​ឡោ សុជាតិ ទៅ​សាក​សួរ ហើយ​ក្រោយ​ពី​សាក​សួរ ​លោក​ចៅ​ក្រម​បាន​ចេញ​ដីកា​សម្រេច​​៤​ចំណុច​ គឺ៖
១-សម្រេច​មិន​ឃុំ​ខ្លួន​លោក​ឡោ សុជាតិ ប៉ុន្តែ​បង្គាប់​ឱ្យ​ផ្អាក​ការ​ងារ​បណ្តោះ​អាសន្ន​ទាំង​អស់​។

២-ដាក់​លោកស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។
៣-ហាម​ផ្លាស់​ប្តូរ​ទី​លំនៅ​ ។
៤-ហាម​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​ទុក​ពេល​ឱ្យ​តុលាការ​សើុប​អង្កេត​បឋម។
ពេល​នេះ​លោក​ឡោ សុជាតិ  កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ហើយ​ការ​ងារ​ទាំង​អស់​ក៏​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ដែរ​។ សូម​បញ្ជាក់​ថា លោក​ឡោ សុជាតិ ​អាយុ​៥៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង​ ។ មុខ​ងារ និង​តួនាទី​មុន​តុលា​ការ​ផ្អាក​ការ​ងារ​បណ្តោះ​អាសន្ន​ទាំង​អស់​នោះ​ គឺ​លោក​ជា​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រងដែល​បាន​​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​លេខ​នស/រកត/​០៥១០/៤៥៤ ចុះ​ថ្ងៃ​ទី​២៩ ឧសភា ២០១០ ។ ជា​គោល​ការណ៍​​សាកល​វិទ្យា​ធិការ​ត្រូវបាន​​តែង​តាំង​ជា​សមា​ជិក​ស្វ័យ​ប្រវត្តិ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​​នៃ​សាកល​វិទ្យា​ល័យ​ ប្រធាន​សាខា​សមា​គម​បុគ្គ​លិក​សិក្សា​ខ្មែរ​ហៅ​កាត់​ថា ស.ប.ស.ខ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​បក្ស​ សាកល​​វិទ្យា​ល័យ​។ លោក​ក៏ត្រូវ​បាន​តែង​តាំង​​ជា​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​ផង​ដែរ​តាម​រយៈ​​ព្រះ​រាជក្រឹត្យ​លេខ​ស/រកត/០៩១០/៧៣៨​ចុះ​ថ្ងៃ​ទី​៩ កញ្ញា ២០១០ និង​ជា​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហាពញា​ចក្រី​ ហេង សំរិន ដែល​តែង​តាំង​ដោយ​ព្រះ​រាជក្រឹត្យ​លេខ​ស/រកត/០១០៩/០០៨ ចុះ​ថ្ងៃ​ទី​៥ មករា ២០០៩​ ៕