រាជធានីភ្នំពេញ ៖ កាលពីព្រឹកវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៣០ សីហា ២០១១ នារីម្នាក់ រួមទាំងបងប្អូនចំនួន៤-៥នាក់បាននាំបុរសម្នាក់មកប៉ុស្តិ៍នគរបាលទឹកថ្លា ប្តឹងបុរសនោះថា រំលោភនាង។
នារីរងគ្រោះបានឱ្យដឹងថា នាងមានឈ្មោះយឿន ស្រីទូច ហៅជា អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ អេរីគ្រីន ស្នាក់នៅផ្ទះជួល ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ កាលពីថ្ងៃទី៧ សីហា ២០១១ នៅវេលាម៉ោង៦និង៣០នាទីយប់ បុរសម្នាក់ឈ្មោះនៅ ស៊ីមន អាយុ២៣ឆ្នាំ ជាជាងម៉ាស៊ីនរោងចក្រ អេរើគ្រីន ស្នាក់នៅផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានទូរស័ព្ទហៅនាងឱ្យទៅលេងផ្ទះ ព្រោះមានកម្មវិធីផឹកស៊ីតូចមួយ ។ ពេលទៅដល់ខ្ញុំឃើញមិត្តភក្តិរបស់នៅ ស៊ីមន ម្នាក់ ហើយមានស្រាបៀរចំនួន១០កំប៉ុង ភ្លាមៗនោះគាត់ក៏ឱ្យខ្ញុំផឹកស្រាបៀរអស់៣កំប៉ុង ហើយជជែកគ្នាលេងរហូតដល់ម៉ោង៩និង៣០នាទីយប់ មិត្តភក្តិគាត់ក៏ត្រឡប់ទៅផ្ទះវិញ នៅសល់តែខ្ញុំ និងគាត់ ។ ជនកំហូចម្នាក់នេះក៏បានលួងលោមខ្ញុំ ហើយប្រាប់ខ្ញុំថា នឹងទទួលខុសត្រូវ ឱ្យឪពុកម្តាយចូលស្តីដណ្តឹងទៅតាមផ្លូវច្បាប់។ នៅពេលនោះ ខ្ញុំក៏យល់ព្រមប្រគល់ភាពបរិសុទ្ធឱ្យទៅជនកំហូចនេះ ទាំងមិនបានពិចារណាវែងឆ្ងាយ។
នារីរងគ្រោះបន្តថា តាំងពីបុរសម្នាក់នេះបានស្គាល់ខ្លួនប្រាណនាង១ដងរួចមក ចេះតែរកលេសកុហកនាង រហូតដល់នាងទ្រាំលែងបាន ទើបថ្ងៃទី៣០ សីហា នៅវេលាម៉ោង៨និង៣០នាទី នាងក៏ទូរស័ព្ទទៅរកបុរសកំពូលល្បិចនេះ ឱ្យមកជួបនៅកន្លែងសិប្បកម្មលីលី។ ពេលជនកំហូចនេះមកដល់បងប្អូនរបស់នារីរងគ្រោះក៏បានចាប់ខ្លួន ជននេះបញ្ជូនទៅប៉ុស្តិ៍នគរបាលទឹកថ្លា បន្ទាប់មកក៏បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត។
នារីរងគ្រោះបន្តថា ព្រោះតែបុរសម្នាក់នេះមិនព្រមទទួលខុសត្រូវ ទើបនាងសម្រេចចិត្តធ្វើបែបនេះ ដើម្បីជាដំបូន្មានសម្រាប់បុរសដែលមានគំនិតខិលខូចដទៃទៀត៕
ចែករំលែកព័តមាននេះ